អន្តរជាតិ
ឌូទើតេ សរសើរកាំភ្លើងចិនដែលជួយទាហានហ្វីលីពីនសម្លាប់មេខ្លោងក្រុមភេរជន
× ប្រធានាធិបតីហ្វីលីពីន បានចេញមុខសរសើរអាវុធចិនដែលផ្តល់ឲ្យកងទ័ពខ្លួនកន្លងមកព្រោះអាវុធនេះជួយឲ្យទាហានហ្វីលីពីន កម្ចាត់មេខ្លោងក្រុមភេរវជនដែលកាន់កាប់ទីក្រុងម៉ារ៉ាវី (Marawi) កន្លងមកបាន។ ប៉ុន្តែវាមានការបកស្រាយផ្សេងគ្នាពាក់ព័ន្ធអាវុធដែលត្រូវបានគេប្រើប្រាស់នេះផងដែរក្រោយប្រធានាធិបតីប្រកាសថាជាអាវុធចិន។
ក្នុងជំនួបជាមួយអ្នកជំនួញនិងមន្ត្រីទូត ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានសរសើរកាំភ្លើង sniper ពីក្រុងប៉េកាំងដែលផ្តល់ឲ្យទាហានហ្វីលីពីនកំពុងច្បាំងនៅក្រុងម៉ារ៉ាវី។ លោកអះអាងថា កាំភ្លើងចិននោះហើយដែលត្រូវបានទាហានប្រើប្រាស់សម្លាប់មេខ្លោងក្រុមភេរវជន Isnilon Hapilon នៅម៉ារ៉ាវី ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ឌូទើតេ បានហៅឈ្មោះឯកអគ្គរដ្ឋទូតចិន Zhao Jianhua នៅហ្វីលីពីន ហើយប្រាប់ត្រង់ៗថា កាំភ្លើង Sniper ចិន ១០០ដើមដែលបានផ្តល់ឲ្យកងទ័ពហ្វីលីពីនកន្លងមកផ្តាច់ជីវិតមេខ្លោងក្រុមភេរវជនបណ្តាញក្រុមដែស្ហ Hapilon។
«ខ្ញុំចង់ប្រកាសប្រាប់លោក Zhao ជាផ្លូវការថា កាំភ្លើងដែលរដ្ឋាភិបាលលោកឲ្យនោះបានសម្លាប់ Hapilon»។ លោកបាននិយាយដូច្នេះ ហើយមនុស្សដែលចូលរួមនាំគ្នាទះដៃកងរំពង។
តាមពិតលោក ឌូទើតេ ស្រលាញ់ពេញចិត្តកាំភ្លើងរបស់ចិនតាំងពីយូរមកហើយ ហើយពេលដែលលោកស្ពាយកាំភ្លើងរបស់ចិនជាប់ខ្លួនពេលទៅចុះសួរសុខទុក្ខពលទាហានដែលកំពុងច្បាំងនៅម៉ារ៉ាវីកន្លងមក។
យ៉ាងណាក៏ដោយចុះ ការលើកឡើងរបស់ប្រធានាធិបតីធ្វើឲ្យមានបញ្ហាចម្រូងចម្រាសដោយសារវាមានការលើកឡើងផ្សេងគ្នាពាក់ព័ន្ធការសម្លាប់មេខ្លោងក្រុមភេរវជន Hapilon។ សារព័ត៌មាន CNN ហ្វីលីពីន បានសម្ភាសនិងស្រង់សម្តីទាហាហ្វីលីពីនពីរនាក់ ហើយពួកគេបានអះអាងថា ប្រតិបត្តិការសម្លាប់មេខ្លោងភេរវជននោះគឺប្រើប្រាស់កាំភ្លើងបញ្ជាបាញ់ចេញពីរថពាសដែក។
ចំណែកមេទ័ពម្នា្កក់ដែលមិនបង្ហាញអត្តសញ្ញាណបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការឈានទៅសម្លាប់មេក្រុមភេរវជននេះ គឺដោយសារមានការប្រើប្រាស់កាំភ្លើងយន្តក្នុងប្រតិបត្តិការនេះ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ថា វាជាកាំភ្លើងផលិតនៅឯណាឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com