ជាតិ
សេដ្ឋកិច្ច
ទេសចរ​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​កើន​ជាង​២៥​ភាគរយ ក្នុង​រយៈពេល​៩​ខែ​
22, Oct 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧​នេះ អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ មាន​ប្រមាណ​៦​លាន​៣​សែន​នាក់ កើន​ចំនួន​២៥.៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​សក​ល ដែល​បាន​ពី​ក្រុមហ៊ុន Vinci Airports ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Cambodia Airport ។​



សម្រាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​កំណើន​អ្នកដំណើរ​កើន ២៤.៥​ភាគរយ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​២១.៨​ភាគរយ និង​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ កើនឡើង ១៦.២ ភាគរយ​។​

លោក ខែ​ក នរិន្ទ​ដា នាយក​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports មាន​កត្តា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​ទាំង​៣​របស់​កម្ពុជា​កើនឡើង ក្នុងនោះ​មានដូចជា​ស្ថានភាព​សេដ្ឋកិច្ច និង​អត្រាកំណើន​អ្នកដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជា ការបើក​ជើងហោះហើរ​ថ្មីៗ​ពី​ប្រទេស​ផ្សេងៗ​មក​កម្ពុជា និង​កំណើន​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​របស់​ពិភពលោក និង​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​។ 

សម្រាប់ លោក ខែ​ក នរិន្ទ​ដា អាកាសចរណ៍​កម្ពុជា បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ចកម្ពុជា ដែល​បានទទួល​ការមកដល់​ភ្ញៀវទេសចរ​អន្តរជាតិ និង​ទេសចរ​ក្នុងស្រុក​ផងដែរ​។​

សូមបញ្ជាក់ថា Vinci Airports ជា​ក្រុមហ៊ុនមេ​របស់​Cambodia Airport ដែល​កំពុង​គ្រប់គ្រង​ភាគហ៊ុន​៧០ ភាគរយ លើ​ការវិនិយោគ​រួមគ្នា​។ ក្រុមហ៊ុន​នេះ ក៏​កំពុង​បោះទុន​១០០ លាន​ដុល្លារ​បន្ថែម វិនិយោគ​លើ​ការបង្កើន​សមត្ថភាព​ព្រលានយន្តហោះ​ភ្នំពេញ និង​សៀមរាប ដើម្បី​ទទួល​អ្នកដំណើរ​សរុប​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​៕

© រក្សាសិទ្ធិដោយ thmeythmey.com