ជាតិ
ល្ខោនខោល ត្រង់​ឈុត​«​ចម្បាំង​សត្វ​តា​ឡុង​» នឹង​សម្ដែង​ជូន​ទស្សនា​ឥតគិតថ្លៃ នៅ​ថ្ងៃទី​២៩ តុលា
22, Oct 2017 , 9:54 am        
រូបភាព
​ភ្នំពេញ​៖​ការសម្ដែង​ល្ខោនខោល ត្រង់​ឈុត​ចម្បាំង​សត្វ​តា​ឡុង ក្នុង​រឿង​រាមកេរ្តិ៍ នឹងត្រូវ​ដំឡើង​ដើម្បី​សម្ដែង​ជូន​មហាជន​ទស្សនា​ឥតគិតថ្លៃ នៅ​ថ្ងៃទី​២៩ តុលា ខាងមុខ នៅ​សាល​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​។



​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា នឹង​រៀបចំ​ការសម្ដែង​ទស្សនីយភាព​ល្ខោនខោល​លើក​ទី​៣​ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី​២៩ តុលា​ខាងមុខ នៅ​សាលសន្និសីទ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​។ ការសម្តែង នឹងធ្វើ​ឡើង​២​ដង គឺ​នៅពេល​ព្រឹក និង ពេល​រសៀល ដោយ​ដកស្រង់​ឈុត​«​ចម្បាំង​សត្វ​តា​ឡុង​»​ក្នុង​រឿង​រាមកេរ្តិ៍ មក​បង្ហាញ​។​

​លោក សយ ច័ន្ទបូរី អនុប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​thmeytthmey.com ថា គោលបំណង​nS​ការរៀបចំ​សម្ដែង​ល្ខោនខោល​នេះ គឺ​ដើម្បី​ពង្រីក​ការយល់ដឹង​បន្ថែម និង​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោន​ខ្មែរ​ទៅដល់​សាធារណជន ពិសេស​យុវជន​។ ការចូលរួម​របស់​ម​ហា​ជន គឺ​ជួយ​ជ្រោមជ្រែង និង​ផ្សព្វផ្សាយ​ភាព​ថ្កុំ​ថ្កើ​ន​នៃ​វប្បធម៌​ខ្មែរ ក្នុង​ឆាក​អន្តរជាតិ​។ នេះ​បើតាម លោក ច័ន្ទបូរី ដែល​បន្តទៀតថា សិល្បករ​ជាង​៧០​នាក់ ដែលជា​សិស្ស​ល្ខោនខោល​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈការ​នឹងចូលរួម​សម្ដែង​នេះ​។ អនុប្រធាន​ក្រុមយុវជន​ល្ខោនខោល ក៏​អំពាវនាវ​ដល់​យុវជន និង​សាធារណជន​ទូទៅ ឲ្យ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​លើកទឹកចិត្ត​សិល្បករ និង​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​។ 
 
 
​ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​។ ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​អរូបី​របស់​កម្ពុជា ដែល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំ​ប្រចាំ​ព្រះរាជវាំង​បុរាណ​ខ្មែរ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com