ជាតិ
សេដ្ឋកិច្ច
លោក ហ៊ាន វណ្ណ​ហន ៖​ក្រសួងកសិកម្ម មិនមាន​តួនាទី​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​បន្លែ​នាំចូល​
22, Oct 2017 , 11:22 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ពី​ការទទួលខុសត្រូវ​រប​ស់​ស្ថាប័ន​ផ្សេងគ្នា​ចំពោះ​បញ្ហា​សុវត្ថិភាព​បន្លែ ក៏ដូចជា​ចំណីអាហារ​ផ្សេងទៀត​លើ​ទីផ្សារ​កម្ពុជា​។


 
​ប្រសាសន៍ លោក ហ៊ាន វណ្ណ ៖

 


អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួលខុសត្រូវ​លើ​បន្លែ​នាំចូល​តាម​ច្រកព្រំដែន ខណៈ​អង្គភាព​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវ​លើ​បន្លែ​ដែល​ដាក់លក់​លើ​ទីផ្សារ​។ ដោយឡែក​ក្រសួងកសិកម្ម ទទួលខុសត្រូវ​លើ​ការផលិត​ដាំ​ដុះ​ក្នុងស្រុក រហូតដល់​ការកែច្នៃ​បឋម​។ នេះ​បើតាម លោក ហ៊ាន វណ្ណ​ហន ដែល​បាន​ថ្លែង​នៅក្នុង​វេទិកា​ស្ដីពី​ដំណាំ​បន្លែ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២០​ខែតុលា​។​

​លោក ហ៊ាន វណ្ណ​ហន មានប្រសាសន៍ថា កម្ពុជា​មិនទាន់​មានច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណីអាហារ​នៅឡើយ​ទេ​។ ប៉ុន្តែ​មាន​ប្រកាស​អន្តរក្រសួង​មួយ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ ដែល​បាន​ទម្លាក់​ការទទួលខុសត្រូវ​ដល់​ក្រសួង​ចំនួន​៦ ឬ​៧ ចំពោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នៅ​កម្ពុជា​។ ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ក៏មាន​ចំណែក​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ផងដែរ​។ ការទទួលខុសត្រូវ​លើ​បញ្ហា​នេះ គឺ​ត្រូវបាន​បែងចែក​ទៅតាម​ទីតាំង​ចរាចរ និង​ផលិត​ចំណីអាហារ​។​

​ក្រសួងកសិកម្ម ក្នុងអំឡុងពេល​ថ្មីៗ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប​ដិ​សេធ​ចំពោះ​ការសុំ​ឈ​ជើង​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ច្រកព្រំដែន ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​ចង់​ឲ្យ​មានការ​ចំណាយ​ច្រើន​។​

​តម្រូវការ​បន្លែ​ត្រូវបាន​ផ្គត់ផ្គង់​មួយ​ភាគ​ធំ​ដោយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ពិសេស​ប្រទេស​វៀតណាម​។ ការសង្ស័យ​លើ​សុវត្ថិភាព​បន្លែ​ដែល​ចរាចរ​លើ​ទីផ្សា​កម្ពុជា ជា​បញ្ហាសំខាន់​មួយ​នៅ​កម្ពុជា​។ 

​កាលពីពេល​ថ្មីៗ​នេះ សម្ដេច​ប្រមុខ​រដ្ឋាភិបាល បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ពហិកា​ទិញ​បន្លែ​ដែល​ផ្ទុក​សារធាតុ​ប៉ះពាល់​សុខភាព​។ ការអំពាវនាវ​នេះ​បង្កើត​ឲ្យ​មានការ​ជជែក ក្នុងចំណោម​សាធារណៈជន អំពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ទាំងនេះ និង​សមត្ថភាព លទ្ធភាព​របស់​ពលរ​ដ្ឋ​ក្នុងការ​ជ្រើសរើស​បន្លែ​គ្មាន​សារធាតុ​គីមី​ពុល​។ 

​ជុំវិញ​បញ្ហា​នេះដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​ក្នុង​សប្ដាហ៍​នេះ​ថា ការគាំទ្រ​របស់​ពលរ​ដ្ឋ​ចំពោះ​បន្លែ​សរីរាង្គ និង​ប្រភេទ​បន្លែ​សុវត្ថិភាព​ផ្សេងទៀត នឹង​ជំរុញ​ឲ្យ​មានការ​ផលិត​បន្លែ​ប្រភេទ​នេះ​កាន់តែច្រើន​លើ​ទីផ្សារ​។ លោក​បន្តថា ការដោះស្រាយ​បញ្ហា​នេះ​ចាំបាច់​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​បន្លែ​នេះ​ផងដែរ លោក ហ៊ាន វណ្ណ​ហន ថ្លែងថា​ពលរដ្ឋ​អាច​ជ្រើសរើស​បន្លែ​ដែលមាន​ការទទួលស្គាល់​ត្រឹមត្រូវ ដែលជា​បន្លែ​សរីរាង្គ និង​ការផលិត​បន្លែ​ដែល​ទទួល​វិញ្ញាបនបត្រ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com