កីឡាជាតិ
ជាតិ
វឌ្ឍនាកា លេង៦នាទីចុងក្រោយ ខណៈ Fujieda តាមស្មើ Sagamihara ១-១
× ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនក្នុងការប្រកួតជាផ្លូវការលើកដំបូងនៅក្របខណ្ឌលំដាប់ទីបីជប៉ុន J3 League នៅថ្ងៃទី២២ ខែតុលានេះ ខណៈ Fujieda MYFC របស់គេបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ជាមួយ SC Sagamihara នៅកីឡដ្ឋាន Ecopa Stadium។
ចាន់ វឌ្ឍនាកា ដែលបានចូលរួមជាមួយ Fujieda MYFC ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបបឹងកេត ត្រូវរង់ចាំជិតមួយឆ្នាំទើបមានឱកាសបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ J3 League របស់ជប៉ុន។ ការប្រកួតនៅកីឡដ្ឋាន Ecopa Stadium ដែលធ្លាប់ទទួលជំនួបរវាងប្រេស៊ីល និងអង់គ្លេសនៅវគ្គ១/៤ World Cup ឆ្នាំ២០០២នោះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដោយ Mizuki Arai ទាត់បាល់ប៉េណាល់ទីនៅ១៥នាទីដំបូងឲ្យ SC Sagamihara ហើយ Keisuke Endo ទាត់បាល់ប៉េណាល់ទីតាមស្មើ ១-១ ឲ្យ Fujieda MYFC នៅនាទី៥១ ។
ជាមួយនឹងការប្រកួត៣នាទីដែលនៅសេសសល់ លោក Atsuto Oishi គ្រូបង្វឹក Fujieda បានផ្តល់ឱកាសឲ្យ វឌ្ឍនាកា បង្ហាញវត្តមាននៅលើទីលានលើកដំបូង សម្រាប់ការប្រកួតដ៏សំខាន់។ ចំពោះការចូលលេងជំនួសខ្សែប្រយុទ្ធ Kohei Kitagawa នៅ៣នាទីចុងក្រោយ រួមទាំង៣នាទីបន្ថែម កីឡាករ វឌ្ឍនាកា បានទាត់បាល់ចេញពីជ្រុង១គ្រាប់ និងមានឱកាសទាញបាល់សំដៅទៅកាន់ទីគូប្រជែងពីរបីលើកផងដែរ។
ក្នុងការប្រកួតក្រោមសីតណ្ហភាព ២២.៤អង្សា និងមានអ្នកទស្សនាជាង១០០០នាក់ គេក៏សង្កេតឃើញអ្នកគាំទ្រកម្ពុជាមួយចំនួនផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com