អន្តរជាតិ
ប្រមុខ UN និងប្រមុខអាមេរិក ប្តេជ្ញារួមគ្នាដោះស្រាយវិបត្តិកូរ៉េខាងជើង មីយ៉ាន់ម៉ា...
× ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres និងប្រមុខរដ្ឋសហរដ្ឋអាមេរិក លោក Donald Trump បានប្តេជ្ញារួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ជាពិសេសវិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិជនភៀសខ្លួននៅមីយ៉ាន់ម៉ា ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres នៅថ្ងៃទី២០ តុលាកន្លងទៅ បានជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមានអាមេរិក លើបញ្ហាប្រឈមពិភពលោករួម ។ ភាគីទាំងពីរថែមទាំងបានសន្យាដោះស្រាយរួមគ្នាផងដែរ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ប្រមុខទាំងពីរ បានពិភាក្សាលើប្រសិទ្ធភាពនិងការកែទម្រង់របស់អង្គការសហប្រជាជាតិ ក៏ដូចជាបញ្ហាសកល ដែលជាក្តីបារម្ភរួម ដែលរួមមានដូចជា បញ្ហានៅមីយ៉ាន់ម៉ា ភាពតានតឹងនៅឧបទ្វីបកូរ៉េ ស្ថានភាពនៅមជ្ឈិមបូព៌ា និងការប្រយុទ្ធប្រឆាំងភេវរកម្មសកល ។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមទៀតថា ភាគីទាំងពីរ បានប្តេជ្ញារួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាបញ្ហាប្រឈមផ្សេងទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ។
សូមជម្រាបផងដែរថា ដោយសារតែវិបត្តិនៅឧបទ្វីបកូរ៉េ ពោលគឺការបង្ហាញសាច់ដុំអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើឲ្យអាមេរិក ចេញមុខច្រើន និងសកម្មក្នុងកៀងកោសហគមន៍អន្តរជាតិដើម្បីចាត់វិធានរួមគ្នា ដែលរួមបញ្ចូលទាំងអង្គការសហប្រជាជាតិផងដែរ ។
មិនខុសពីការគំរាមកំហែងសន្តិសុខដោយការសាកល្បងអាវុធប្រល័យលោករបស់កូរ៉េខាងជើង ការធ្វើទុក្ខបុកម្នេញរបស់កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine ដែលធ្វើឲ្យជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាមិនតិចជាង៥០ម៉ឺននាក់ បានរត់គេច ក៏បាននិងកំពុងតែក្លាយជាក្តីបារម្ភរួមមួយរបស់ពិភពលោកផងដែរ ។ គេ ព្រួយបារម្ភ វា អាចក្លាយជាវិបត្តិមនុស្សជាតិដ៏ធ្ងន់ធ្ងរនៅសតវត្សរ៍២១នេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com