អត្ថបទពាណិជ្ជកម្ម
អេ អាយ អេ ខេ​ម​បូ​ឌា និង SHCH រួមគ្នា​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់​
22, Oct 2017 , 5:12 pm        
រូបភាព
​រៀងរាល់​ខែតុលា មាន​ព្រឹត្តិការណ៍​ជាច្រើន​ទូទាំង​ពិភពលោក​ដើម្បី​ប្រារព្ធ «​ខែ​សម្រាប់​ការលើក​កំពស់​ការយល់ដឹង​អំពី​ជំងឺមហារីក​»  ដែលជា​យុទ្ធនាការ​សុខភាព​ជា​អន្តរជាតិ​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺ​នេះ និង​ដើម្បី​អង្គាស​ថវិកា​សម្រាប់​ការស្រាវជ្រាវ ការបង្កា និង​ការព្យាបាល​។ នៅ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បានរៀបចំ​ព្រឹត្តិការណ៍ “Fit for Hope” ដើម្បី​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម (“SHCH”) ក្នុង​កិច្ច​ខំប្រឹងប្រែង​របស់ខ្លួន​លើ​ការលើក​កំពស់​ការយល់ដឹង និង​ព្យាបាល​ជំងឺមហារីក​សុដន់​។ SHCH ជា​មន្ទីរពេទ្យ​សប្បុរសធម៌​មួយ មានកម្ម​វិធី​ជំងឺមហារីក​សុដន់​យូរ​ជាងគេ​បំផុត​នៅ​កម្ពុជា​។ 
 
​ព្រឹត្តិការណ៍​នេះ បានធ្វើ​ឡើង​នៅ Central Park Sports Complex នៅ​ទីតាំង​បឹងកក់ និង​បាន​បើក​ចូលរួម​ដោយ​សេរី ដោយមាន​ផ្តល់ជូន​នូវ​ការពិនិត្យ និង​ការអប់រំ​អំពី​ជំងឺមហារីក​សុដន់ ពី​អ្នកជំនាញ​មកពី មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម​។ ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការចូលរួម​ពី​សាធារណៈជន​ប្រមាណ ១៥០០​នាក់ ដែល​បាន​ចូលរួម​រីករាយ​ហាត់​យោ​គៈ និង​រាំ​ហ្សូ​ម​បា សកម្មភាព​កម្សាន្ត​បែប​ក្រុមគ្រួសារ និង​ម្ហូបអាហារ​សុខភាព​ជាច្រើន​។ នៅ​ល្ងាច​នោះ​ផងដែរ ក៏មាន​ការប្រគំ​តន្ត្រី​សប្បុរសធម៌ ដែលមាន​ការសម្តែង​ដោយ​តារាចម្រៀង ពេជ្រ សោភា ទេព បូ​ព្រឹក្ស ចិត្ត ក​ញ្ច​នា និង​ក្រុម SmallWorld SmallBand​។​


 
​មហារីក​សុដន់ គឺជា​ជំងឺមហារីក​ដែលមាន​កើតឡើង​ច្រើន​បំផុត​ចំពោះ​ស្ត្រី​ទូទាំង​ពិភពលោក​។ នៅ​កម្ពុជា អ្នក​កើត​ជំងឺ​នេះ​មាន​អត្រា​រស់រានមានជីវិត​ទាប ដោយសារតែ​កង្វះ​ការយល់ដឹង និង​ព័ត៌មាន​អំពី​ការពិនិត្យ និង​ការធ្វើ​រោគវិនិច្ឆ័យ​តាំងពី​ដំណាក់កាល​ដំបូង ព្រមទាំង​កង្វះ​ការព្យាបាល​ផងដែរ​។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ ប្រធាន​ផ្នែក​វះកាត់​នៃ SHCH បាន​មានប្រសាសន៍ថា “​អ្នកជំងឺ​ជាច្រើន​បាន​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​រួចទៅហើយ​នៅពេលដែល​គាត់​មកកាន់​មន្ទីរពេទ្យ​យើង ដែលជា​កត្តា​ធ្វើ​ឲ្យ​ការព្យាបាល​លំបាក​នឹង​ទទួលជោគជ័យ​។​” ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​អ្នកជំនាញ​នៅក្នុង​ព្រឹត្តិការណ៍ “Fit for Hope” បាន​ពិនិត្យ​រោគសញ្ញា​ជំងឺមហារីក​ជូន​ដល់​ស្ត្រី​ចំនួន ១៧៤​នាក់ ដោយមាន​ផ្តល់នូវ​ការបង្ហាត់បង្ហាញ​ពួកគាត់​ឲ្យ​ចេះ​ពិនិត្យ​រោគសញ្ញា​ដោយ​ខ្លួនឯង និង​ចេះ​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​នេះ​។ 


 
​លោក​វេជ្ជបណ្ឌិត ព្រាប លៃ បាន​បន្តថា “​ស្ត្រី​កម្ពុជា​ជាច្រើន នៅតែមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ពិភាក្សា​អំពី​ក្តីបារម្ភ​ផ្នែក​សុខភាព​របស់ខ្លួន មិន​ថា​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់ ឬ​ជាមួយនឹង​វេជ្ជបណ្ឌិត​ឡើយ​។ យើង​សង្ឃឹមថា ព្រឹត្តិការណ៍​មួយ​នេះ​បាន​លើកទឹកចិត្ត​ពួកគាត់​ឲ្យ​មាន​ភាពក្លាហាន ហើយ​ទទួលបាន​នូវ​ចំណេះដឹង និង​ការគាំទ្រ​ពី​គ្រួសារ​របស់គាត់​។​”
​ការចែករំលែក​ព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ មាន​សារៈសំខាន់​យ៉ាងខ្លាំង​។ ភ្នាក់ងារ​មិត្ត​អប់រំ​មិត្ត ប្រាំពីរ​នាក់​ពី​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម ដែលជា​អ្នកជា​សះស្បើយ​ពី​ជំងឺមហារីក​សុដន់ បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ចាប់តាំងពី​ឃើញ​រោគសញ្ញា​ដំបូង រហូត​ដល់ពេល​វះកាត់ និង​ការព្យាបាល​ជា​បន្តបន្ទាប់​។ ម្នាក់​ក្នុងចំណោម​នោះ បាន​លើកឡើងថា “​ប្រសិនបើ​បទពិសោធន៍​របស់ខ្ញុំ​អាចជួយ​ស្ត្រី​ម្នាក់ទៀត​ឲ្យ​មាន​ភាពក្លាហាន​ក្នុងការ​ទទួលយក​ការពិនិត្យ​មហារីក​សុដន់ ខ្ញុំ​រីករាយ​នឹង​ជួយ​គាត់​។​”


 
​ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការឧបត្ថម្ភ​គាំទ្រ​ចំនួន US $១០០០០ សម្រាប់​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម ដែល​ថវិកា​ទាំងនេះ​នឹង​ប្រើប្រាស់​សម្រាប់​កម្មវិធី​អប់រំ និង​ព្យាបាល​ជំងឺមហារីក​សុដន់​។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ មានប្រសាសន៍ថា​ព្រឹត្តិការណ៍​នេះ​ល្អ​លើស​ការរំពឹងទុក​រប​ស់គា​ត់​។ “​ជាមួយនឹង​ការឧបត្ថម្ភ​គាំទ្រ​នេះ យើង​អាចជួយ​ដល់​ស្ត្រី ១០០០​នាក់ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ដោយ​ថតកាំរស្មីអ៊ិច​/​អេកូ ឬ​អាច​ផ្តល់ព័ត៌មាន​អប់រំ​អំពី​មហារីក​សុដន់​ទៅកាន់​ប្រជាពលរដ្ឋ​ច្រើនជាង ៤០០ ០០០​នាក់​។​” លោក​វេជ្ជបណ្ឌិត ក៏មាន​សេចក្តី​រីករាយ ដែល​ក្រុមការងារ​របស់គាត់​អាចជួយ​ចែករំលែក​ការយល់ដឹង​ដល់​ក្រុមគ្រួសារ​ជាច្រើន និង​អាច​ជម្រាប​ប្រជាពលរដ្ឋ​ទាំង​ឮ​ក្មេង​ទាំងចាស់​អំពី​ជំងឺមហារីក​សុដន់​។ “​ទាល់តែ​មានការ​យល់ដឹង និង​ព័ត៌មាន​ច្រើន ទើប​យើង​អាច​កាត់បន្ថយ​ចំនួន​អ្នក​កើត​ជំងឺ​នេះ និង​បង្កើន​អត្រា​ជោគជ័យ​នៃ​ការព្យាបាល​ជំងឺ​នេះ​បាន​។​”
 
​អេ អាយ អេ ខេ​ម​បូ​ឌា កន្លងមក​បានផ្តល់​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២ ០០០​នាក់​។ លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា “​នៅពេលដែល​យើង​ឃើញ​មនុស្ស​រាប់រយ​អ្នក​មក​ចូលរួម ខ្លះ​ធ្វើដំណើរ​ពី​ខេត្ត​មក​តាំងពី​យប់ ដើម្បី​ទទួលបាន​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ យើង​ដឹងថា​វា​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​យើង​ក្នុង​ការបន្ត​ផ្តល់​ការ​ជ្រោមជ្រែង​ដល់​អ្នក​ដែល​ត្រូវការ​។ មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អប់រំ​សហគមន៍ និង​ព្យាបាល​ជំងឺមហារីក​សុដន់​។ ដូច្នេះ​យើង​ចង់​ចូលរួម​គាំទ្រ​កិច្ច​ខំប្រឹងប្រែង​របស់​មន្ទីរ​ពេទ្យ​នេះ​។​


 
​លោក Richard ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​ជំងឺមហារីក​ទៅលើ​ក្រុមគ្រួសារ​ទាំងឡាយ ថា “​មានគ្រួសារ​ជាច្រើន ដែល​បាន​រង​ឥទ្ធិពល​យ៉ាងដំណំ​ពី​ជំងឺមហារីក​សុដន់ ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ទាំងនោះ​ពុំ​បានទទួល​ការព្យាបាល​ពី​ដំណាក់កាល​ដំបូង​ឡើយ​។ ពី អេ អាយ អេ យើង​ចង់​ជួយ​ស្ត្រី​កម្ពុជា​ដោយ​ធានាថា​ពួកគាត់ ព្រមទាំង​ក្រុមគ្រួសារ​របស់គាត់ ទទួលបាន​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ ដែល​ពួកគាត់​ត្រូវការ​ដើម្បី​យកឈ្នះ​ជំងឺមហារីក​សុដន់ និង​បន្ត​ការរស់នៅ​ដោយមាន​សុខភាព​ល្អ​។​”
​លោក​វេជ្ជបណ្ឌិត ព្រាប លៃ បាន​មានប្រសាសន៍​ចុងក្រោយ​ថា “​យើង​សូម​អរគុណ​អ្នកចូលរួម​ទាំងអស់​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ សូម​អរគុណ អេ អាយ អេ សម្រាប់​ការលើក​កំពស់​បុព្វហេតុ​របស់​យើង និង​សូម​អរគុណ​អ្នក​ទាំងឡាយ​ដែល​បាន​ចំណាយ​ពេលវេលា និង​កម្លាំង​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ​។ 

​អំពី អេ អាយ អេ ខេ​ម​បូ​ឌា​

​អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ចុះបញ្ជី​ជា​សាធារណៈ​ឯករាជ្យ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី និង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ​ទី​ពីរ​នៅលើ​ពិភពលោក​ដោយយោង​តាម​ទីផ្សារ​មូលធននីយកម្ម​។​
 
​សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ ៩៧ ភាគរយ​នៅ​សិរី​លង្កា ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម ៤៩ ភាគរយ​នៅ​ឥណ្ឌូនេស៊ី និង​ការិយាល័យ​តំណាង​នៅ​មី​យ៉ាន់​ម៉ា​។ AIA គឺជា​ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (​លើកលែង​ជប៉ុន​) ដោយយោង​លើ​បុព្វលាភ​ធានារ៉ាប់រង​ជីវិត និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភាគច្រើន​របស់ខ្លួន​។ AIA មានទ្រព្យ​សរុប ១៨៥ ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦​។ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ច្រើនជាង ៣០​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើនជាង ១៦​លាន​នាក់​។​
 
​អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញតម្រូវការ​លើ​ការការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើក​កំពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានយូរ​អង្វែង​។​
 
​អំពី មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម​

​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម (“SHCH”) បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩៦ ដោយមាន​បេសកកម្ម​ផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស វេជ្ជសាស្ត្រ​ដល់​បុគ្គលិក និង​គ្រូពេទ្យ​កម្ពុជា រួមជាមួយ​នឹង​សេវា​ព្យាបាល​២៤​ម៉ោង ប្រកបដោយ គុណភាព​ខ្ពស់​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ក្រីក្រ និង​ខ្វះខាត​ក្នុងប្រទេស​កម្ពុជា​។ SHCH បាន​ចូលរួម​លើក​កំពស់​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​បំផុត ជម្រុញ​ជីវភាព​រស់នៅ ហ្វឹកហ្វឺន​ក្រុមការងារ​សុខាភិបាល​ជំនាញ និង​បង្ការ​ការ​រង់​គ្រោះ​ពី​ជំងឺ និង​ពី​ភាពលំបាក​លំបិន​ផ្នែក​សេដ្ឋកិច្ច​នៃ​ជំងឺ​ទាំងនោះ​។ SHCH បានទទួល​ពិនិត្យ​ជំងឺ និង​ពិគ្រោះ​យោបល់​ច្រើនជាង ៣៩ ០០០ នាក់​ក្នុង​មួយឆ្នាំៗ ហើយ​គិត​ត្រឹម​ខែ កក្កដា ឆ្នាំ​២០១៧ SHCH បានផ្តល់​ជូន​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ច្រើនជាង ១,៣ លាន​នាក់​នៅ​កម្ពុជា​។​
 
SHCH បាន​ដំណើរការ​កម្មវិធី​ជំងឺមហារីក​សុដន់ (BCI) តាំងពី​ឆ្នាំ ២០០៨​។ កម្មវិធី​នេះ​គឺជា​កម្មវិធី​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​រួមមាន​ការបន្ត​លើកកម្ពស់​នៃ​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់ ការស្រាវជ្រាវ​រក​ជំងឺមហារីក​សុដន់​អោយទាន់ពេល និង​ការព្យាបាល​ជំងឺមហារីក​សុដន់​។ នៅក្នុង​ឆ្នាំ ២០១៦ មិត្ត​អប់រំ​មិត្ត និង​គិលានុបដ្ឋាក​របស់ SHCH បានផ្តល់​ការអប់រំ​អំពី​ជំងឺមហារីក​សុដន់​ទៅកាន់​ស្ត្រី​ជា ១០.០០០ នាក់ ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​បស់​ពួកគាត់​ទៅកាន់ SHCH នៅពេលដែល​ពួកគាត់​ត្រូវការ​។ មាន​ស្ត្រី ៧០៣ នាក់ ទទួលបាន​ការពិនិត្យ​ស្រាវជ្រាវ​រក​ជំងឺមហារីក​។ មាន​អ្នកជំងឺ​មហារីក​សុដន់​ស្រាប់ ៥៧៦ នាក់ បន្ត​ទទួល​ការព្យាបាល​។ កម្មវិធី BCI ទទួលបាន​ថវិកា​ភាគច្រើន​ពី​ក្រុមហ៊ុន AstraZeneca Pharmaceuticals និង អង្គការ AmeriCares​។ ទោះជា​ទទួលបាន​ថវិការ​ពី​ក្រុមហ៊ុន និង​អង្គការ​ខាងលើ​ក៏ដោយ SHCH នៅតែ​ត្រូវការ​អ្នក​ឧបត្ថម្ភ និង​ការ​រៃអង្គាស​ថវិកា​ជា​រៀងរាល់ឆ្នាំ សម្រាប់​ការ​ទ្រទ្រង់​កម្មវិធី​នេះ​ដើម្បី​បន្ត​និរន្ត​ភាព​សម្រាប់​បម្រើប្រជាជន​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com