ព័ត៍មានសុខភាព
កាលណា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​កាន់តែ​លឿន​កាន់តែ​ប្រឈម​នឹង​ជំងឺ​បេះដូង​
23, Oct 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Express បាន​ឲ្យ​ដឹងថា ការគ្រប់គ្រង​សម្ពាធ​ឈាម​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​បេះដូង​មាន​សុខភាព​ល្អ​។ មានន័យថា ការដែល​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​មុន​អាយុ ៥៥​ឆ្នាំ នោះ​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​យ៉ាង​អស្ចារ្យ​។​

 
​ដំណឹង​នេះ​គឺ​ផ្អែកទៅលើ​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​សម្ពាធ​ឈាម​លើ​មនុស្ស​វ័យ​កណ្តាល (៤១ ទៅ​៥៥​ឆ្នាំ​) និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ក្នុង​រយៈពេល​ចុងក្រោយ​នៃ​ជីវិត​។ ការសិក្សា​នេះ​បាន​ផ្សំ​ចូលគ្នា​នូវ​លទ្ធផល​នៃ​ការសិក្សា​ជាច្រើន​មុនៗ​ដែលមាន​បុរស និង​ស្ត្រី​ចូលរួម​ប្រមាណ ៦១៥៨៥​នាក់ និង​ពិនិត្យ​ទៅលើ​ការប្រឈមមុខ​របស់​ពួកគេ​ទាំង​បញ្ហា​សុខភាព​ប៉ះពាល់​ដល់​អាយុជីវិត និង​មិន​ប៉ះពាល់​អាយុជីវិត​ក្រោយពី​អាយុ ៥​ឆ្នាំ ដោយ​ក្នុងនោះ​រួមទាំង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​
 
​ជា​លទ្ធផល​គេ​បាន​រកឃើញថា អ្នក​ដែល​រក្សា ឬ​បន្ថយ​សម្ពាធ​ឈាម​ក្នុង​កម្រិត​ម​ធម្មតា​នៅ​ចន្លោះ​អាយុ ៤១ ទៅ​៥៥​ឆ្នាំ គ​មិនសូវ​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដូច​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ស្រាប់​ក្នុង​វ័យ​ដូចគ្នា​នោះទេ​។​
 
​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបាន​គេ​ដឹង​ជា​យូរហើយ​ថា​ជាការ​ប្រឈមមុខ​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ហើយ​ការសិក្សា​នេះដែរ គឺ​គាំទ្រ​ដល់​សារៈសំខាន់​ការគ្រប់គ្រង​សម្ពាថ​ឈាម​លើ​មនុស្ស​វ័យ​កណ្តាល​ច្រើនជាងគេ​៕

​ផ្តល​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com