ព័ត៍មានសុខភាព
សុខភាព៖ កាលណាគេងមិនគ្រប់អាចប៉ះពាល់ដល់ជីវិតផ្លូវភេទនៅថ្ងៃក្រោយ
× ជឿទេដែលថា កាលណាយើងគេងបានគ្រប់គ្រាន់ វានឹងជួយបង្កើនជីវិតផ្លូវភេទកាន់តែល្អសម្រាប់ស្ត្រីចាប់ពី ៥០ឆ្នាំឡើងទៅ។ អ្នកស្រាវជ្រាវអាមេរិកបានសួរទៅលើស្ត្រីច្រើនជាង ៩៣០០០នាក់ដែលមានវ័យ ៥០ ទៅ៧០ឆ្នាំ អំពីរបៀបរបបនៃការគេង ភាពពិបាកគេង សកម្មភាពផ្លូវភេទ និងភាពរីករាយនៃផ្លូវភេទរបស់គេ។ បន្ទាប់មកបានរកឃើញថា ស្ត្រីដែឡគេងចាប់ពី៥ម៉ោងចុះក្នុងមួយយប់ ឬមានជំងឺគេងមិនលក់ មិនសូវជាមានភាពរីករាយចំពោះជីវិតផ្លូវភេទនោះទេ។
សមាមាត្រកាន់តែខ្ពស់នៃស្ត្រីដែលប្រាប់ថាពួកគេសប្បាយចិត្តគឺ ពួកគេបានរៀបការរួច ឬមានស្នេហាពោរពេញទៅដោយភាពស្និទ្ធស្នាល។ ប៉ុន្តែ ស្ត្រីដែលរស់នៅដោយគ្មានដៃគូជីវិត និងគេងតិចជាង៧ម៉ោងក្នុងមួយយប់ទំនងជាមានភាពសកម្មខាងផ្លូវភេទ ប៉ុន្តែបែរជាមិនសូវសប្បាយចិត្តនឹងជីវិតផ្លូវភេទនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះគ្រាន់តែសួរសំណួរក្នុងពេលវេលាតែមួយប៉ុណ្ណោះ ដូច្នេះយើងមិនដឹងថាបញ្ហានៃការគេងបានកើតឡើងមុនពេល ឬក្រោយពេលមានបញ្ហាផ្លូវភេទឬអត់នោះទេ។ ដូច្នេះការស្រាវជ្រាវនេះមិនអាចប្រាប់យើងដឹងថា ការគេងជាមូលហេតុនាំឲ្យមានបញ្ហាខាងផ្លូវភេទឬអត់ឡើយ។
ការគេងគឺជាផ្នែកមួយដ៏សំខាន់នៃភាពរីករាយក្នុងជីវិត ប៉ុន្តែវាក៏ត្រូវតែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តដែរ។ ដូច្នេះវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរបើសិនជាការគេងមិនគ្រប់ប៉ះពាល់ដល់ជីវិតផ្លូវភេទមនុស្សស្រីណោះ ព្រោះកាលណាគេងមិនគ្រប់ វានឹងអស់កម្លាំង ហើយស្ថានភាពនេះក៏មិនងាយធ្វើឲ្យស្ត្រីមានអារម្មណ៍ខាងផ្លូវភេទដែរ៕
ផ្តលសិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com