ភ្នំពេញ៖ បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៃគណបក្សនេះ គ្រាន់តែយកគណបក្សប្រជាជនកម្ពុជា ជាទីជម្រក នឹងអាចកាន់តំណែងបានដដែល ជាមិនខាន។ ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបើកផ្លូវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ យ៉ាងដូច្នេះ។
ទោះបីជាតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់របស់គណបក្សនេះ មិនទាន់អស់ផ្លូវដែរ ពោលគឺ ពួកគេ នៅតែអាចបន្តកាន់តំណែងរបស់ខ្លួនដូចមុន ដោយគ្រាន់តែទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២0១៧។
សម្តេច ហ៊ុន សែន បានបង្ហាញជំនឿរហូតដល់ទៅ៩៩ភាគរយឯណោះថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយចោល។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖«[….] បើអ្នកចង់រក្សា [តំណែង] ជាមេឃុំ-ចៅសង្កាត់តទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ។ គណបក្ស [សង្គ្រោះជាតិ] របស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើជាមេឃុំ-ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សា បានទៀតទេ»។
បច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការរំលាយចោល ពីសំណាក់តុលាការកំពូល ដោយមានក្រសួងមហាផ្ទៃ ជាម្ចាស់បណ្តឹង។ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ជាអ្នកស្នើឲ្យក្រសួងមហាផ្ទៃ ដាក់បណ្តឹងទៅកាន់តុលាការកំពូល។ គណបក្សទាំងពីរ រួមទាំងក្រសួងមហាផ្ទៃ យល់ថា ឯកឧត្តម កឹម សុខា ដែលកំពុងស្ថិតក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដោយមិនអាចលើកលែងឲ្យបាន រួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។
ខណៈបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងដៃតុលាការកំពូល ការកែប្រែច្បាប់ចំនួន៤ ដែលមានខ្លឹមសារជារួមថា «បើគណបក្សណាមួយ ត្រូវបានរំលាយ រាល់អាសនៈនិងភាពជាតំណាងនៃគណបក្សនោះ ត្រូវបែងចែកឲ្យគណបក្សដទៃ» ក៏ស្រាប់តែកើតមានឡើង ក្រោមការផ្តួចផ្តើមរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ច្បាប់ទាំង៤ ដែលត្រូវបានកែប្រែ រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ដូច្នេះ ឲ្យតែខ្លឹមសារថ្មីនៃច្បាប់ទាំង៤ ចូលជាធរមាន ហើយគណបក្សសង្គ្រោះជាតិ ពិតជាត្រូវបានរំលាយចោលមែននោះ រាល់អាសនៈក្នុងរដ្ឋសភា និងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកឲ្យគណបក្សដទៃ។
ខ្លឹមសារថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា អាសនៈក្នុងរដ្ឋសភារបស់គណបក្ស ដែលត្រូវរំលាយចោល ត្រូវបែងចែកឲ្យ គណបក្សនានា លើកលែងតែគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា និងកំពុងដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែ ខ្លឹមសារថ្មីនៃច្បាប់នេះ បានចែងបន្តថា បើគណបក្សនានា ប្រកាសមិនទទួលយក គណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា អាចមានសិទ្ធិទទួលយកអាសនៈរបស់គណបក្ស ដែលត្រូវរំលាយចោល។
ចំណែក ខ្លឹមសារថ្មីនៃច្បាប់ស្តីការបោះឆ្នោតឃុំ-សង្កាត់ បានកំណត់ថា រាល់អាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ដែលត្រូវបានរំលាយ ត្រូវបែងចែកឲ្យគណបក្សនានា ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយ។ បើតាមខ្លឹមសារនេះ គណបក្សណា ក៏អាចទទួលបានអាសនៈរបស់គណបក្ស ដែលត្រូវបានរំលាយដែរ ដោយមិនគិតថា គណបក្សនោះ កំពុងដឹកនាំរដ្ឋាភិបាលឬមិនដឹកនាំរដ្ឋាភិបាលឡើយ។ ចំណុចសំខាន់ ក្នុងសេចក្តីស្នើនេះ គឺនៅត្រង់ថា ឲ្យតែគណបក្សណា បានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំ-សង្កាត់ ជាមួយគណបក្ស ដែលត្រូវរំលាយ គណបក្សនោះ នឹងទទួលបានផលចំណេញពីការបែងចែកអាសនៈដែលនៅទំនេរ។
សូមបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិ នាអាណត្តិទី៥ កាលពីឆ្នាំ២0១៣ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន៥៥។ ហើយការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤ ក្នុងឆ្នាំ២0១៧នេះ គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណជា ៥ពាន់ឯណោះ៕