អន្តរជាតិ
ឥណ្ឌូណេស៊ី យក​ទូក​នេសាទ​ខុសច្បាប់​របស់​បរទេស​ដា​ក់​សារមន្ទីរ​បង្ហាញ​ប្រជាជន​ខ្លួន
22, Oct 2017 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ីលោកស្រី Susi Pudjiastuti។ រូបថត Kompas
រដ្ឋមន្ត្រីកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ីលោកស្រី Susi Pudjiastuti។ រូបថត Kompas
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ឲ្យ​ដឹងថា ឥណ្ឌូណេស៊ី នឹងដាក់​បង្ហាញ​ទូក​នេសាទ​ខុសច្បាប់​បរទេស នៅ​សារមន្ទីរ​របស់ខ្លួន ។ ការតាំង​បង្ហាញ​ទូក​នេសាទ​ដែល​រាប់បញ្ចូល​ទាំង​ទូក​នេសាទ​ទង់ជាតិ​ប្រទេស​អាស៊ាន​ផងដែរ​នោះ ក្នុង​គោលដៅ​ដើម្បី​ដាស់តឿន​ពលរដ្ឋ​ខ្លួន​ឲ្យ​យល់​ពី​ការបំពាន​ដែនទឹក​អធិបតេយ្យ​របស់ខ្លួន​ពី​សំណាក់​បរទេស ។

-
 
​រដ្ឋមន្ត្រី​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី​លោកស្រី Susi Pudjiastuti នៅ​ថ្ងៃ​២០ តុលា បាន​អះអាងថា រដ្ឋាភិបាល នឹង​បង្ហាញ​ទូក​ឬ​នាវា​នាសា​ទ​បរទេស​១០​គ្រឿង ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​រឹបអូស​ពីបទ​បំពាន​ដែនទឹក​នេសាទ​របស់​ឥណ្ឌូណេស៊ី ។ លោកស្រី អះអាងថា  នាវា​នេសាទ​សញ្ជាតិ​ថៃ ក៏មាន​នៅក្នុង​នោះ​ផងដែរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakatar Post ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​ការតាំង​នេះ​ថា ការតាំង​នេះ នឹង​ក្លាយជា​ភស្តុ​តាំង​ដ៏​សំខាន់​មួយ ក្នុងករណី​ដែលមាន​ភាគី​ពាក់ព័ន្ធ​ណាមួយ ចោទ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ថា បាន​កុហក ជុំវិញ​វត្ត​មាននៃ​នាវា​បរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​ដែនទឹក​ឥណ្ឌូណេស៊ី ។​
 
​លោកស្រី បាន​បន្ថែមទៀតថា ក្រសួង នឹង​តាំង​បង្ហាញ​នាវា​នេសាទ​ខុសច្បាប់​ចំនួន​១០ ដែល​មកពី​ប្រទេស​ខុសៗ​គ្នា ហើយ ការដាក់​បង្ហាញ​នេះ ក៏​នឹង​ក្លាយ​ជាការ​ក្រើនរម្លឹក​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី ថា​ប្រសិន បើ​ឥណ្ឌូណេស៊ី កម្ទេច នាវា​ទាំងនោះ​ចោល នោះ ភស្តុតាង​នឹងត្រូវ​បាត់បង់ ហើយ​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​លើ​ចំណាត់​ការប្រឆាំង​ទូក​នេសាទ ក្លាយជា​ពាក្យ​កុហក ។​
 
​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។​
 
​កន្លងមក​អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​ជាច្រើន​របស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​មិនតិចជាង​៥០​គ្រឿង​ឡើយ ដោយ​រដ្ឋាភិបាល បាន​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com