អន្តរជាតិ
GDP របស់​ចិន​នឹង​កើន​លើស​១២​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧
22, Oct 2017 , 9:39 pm        
រូបភាព
លោក He Lifeng ប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែតុលា (រូបភាព៖ Xinhua)
លោក He Lifeng ប្រធានគណៈកម្មការអភិវឌ្ឍ និងកែទម្រង់ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែតុលា (រូបភាព៖ Xinhua)
មន្ត្រីជាន់ខ្ពស់​ចិន​បាន​និយាយថា ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​នឹង​កើន​លើស​៨០​ទ្រី​លាន​យ័ន (​ជាង​១២​ទ្រី​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៧ នេះ ចំណែកឯ​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​វិញ ទំនងជា​កើន​ខ្ពស់ជាង​ការប៉ាន់ស្មាន​ដែរ គឺអាច​មាន​អត្រា​ប្រមាណ​៦,៥​ភាគរយ​។​

 
​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ និង​កែទម្រង់​ជាតិ លោក He Lifeng នៅ​ថ្ងៃទី​២១ ខែតុលា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន នឹង​បន្ត​កើនឡើង​ក្នុង​ឆ្នាំ​២០១៧ ព្រោះ​រដ្ឋាភិបាល​បាន​អាច​រក្សា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​អតិផរណា និង​ការកាត់បន្ថយ​ទំហំ​ផលិតផល​លើស​ដូចជា​ដែក និង​ធ្យូងថ្ម​ជាដើម​។ លោក He Lifeng និយាយ​បែបនេះ ក្នុង​សន្និសីទកាសែត​ក្រៅ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៨ ខែតុលា​។​
 
​លោក He Lifeng បាន​បញ្ជាក់ថា​៖ «​ចិន​បាន​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បរិមាណ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​រំពឹងថា នឹង​កើន​លើស​៨០​ទ្រី​លាន​យ័ន ដែល​ស្មើ​ជាង​១២​ទ្រី​លាន​ដុល្លារ​»​។ បើតាម​លោក He ការសម្រេចបាន​ទំហំ​ផលិតផល​ក្នុងស្រុក​ធំ​បែបនេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ប៉ុន្តែ​ចិន​បានដាក់​គោលនយោបាយ​កែទម្រង់​ជាច្រើន​ដើម្បី​ឈានដល់​គោលដៅ​នេះ​។ 
 
​ក្នុង​របាយការណ៍​រប​ស់​គណៈកម្មការ​អភិវឌ្ឍ និង​កែទម្រង់​ជាតិ ចិន​បាន​អនុវត្ត​នយោបាយ​កែទម្រង់​លើ​ការផ្គត់ផ្គង់ ដែល​សំដៅ​ធ្វើ​ឲ្យ​មាន​តុល្យភាព​សេដ្ឋកិច្ច​ឡើងវិញ​ដើម្បី​ឈានដល់​កំណើន​ដែលមាន​គុណភាព​។ តាមរយៈ​នេះ ផលិតកម្ម​លើស​នៃ​ដែក និង​ធ្យូងថ្ម ត្រូវបាន​កាត់បន្ថយ ហើយ​រូបធាតុ​ដើម​ក៏​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​វិញ ខណៈដែល​វិស័យ​ផ្សេងទៀត​ដូចជា​បច្ចេកវិទ្យា​ថ្មីៗ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ក៏​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ចិន​ដែរ​។​
 
​គិត​ត្រឹម​៦​ខែ​ក្នុង​ឆ្នាំ​២០១៧ ផលិតផល​ក្នុងស្រុក​សរុប (GDP) មាន​ទំហំ ៦,៩​ភាគរយ ដែល​នេះ​ជា​អត្រា​ខ្ពស់​មួយ​។ យ៉ាងណា លោក He Lifeng អះអាងថា ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​២០១៧ អាច​ស្ថិតក្នុង​រង្វង់​៦,៥​ភាគរយ​។ វិធានការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាច្រើន​ត្រូវបាន​ដាក់ចេញ ចាប់តាំងពី​ការកែទម្រង់​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់ ការលើកទឹកចិត្ត​ក្រុមហ៊ុន រហូតដល់​ការធានា​ពី​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com