អន្តរជាតិ
UNICEF ព្រួយបារម្ភ​ខ្លាំង​ពី​«​ការ​លួច​ឆក់​កុមារភាព និង​អនាគត​កុមារ​រ៉ូ​ហ៊ីង​យ៉ា​ជាង​៣០​ម៉ឺន​នាក់​»
22, Oct 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នាក់ងារ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​បញ្ឈប់​ហិង្សា​នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា និង​ថែមទាំង​ព្រមាន​ពី​មហន្តរាយ​មនុស្សជាតិ ដោយ​អះអាងថា វិបត្តិ​នេះ បាននិងកំពុង​តែ​លួច​ឆក់​កុមារភាព និង​អនាគត​របស់​កុមារ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​ហើយ ។

 
​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF) នៅ​ថ្ងៃ​២០ តុលា​កន្លងទៅ បាន​ទទូច​ឲ្យ​បញ្ឈប់​ការដាក់​គោលដៅ​វាយប្រហារ​ទៅលើ​ជន​ស៊ីវិល​នៅក្នុង​រដ្ឋ Rakhine នៃ​មី​យ៉ាន់​ម៉ា និង​ស្រោចស្រង់​អាយុជីវិត​កុមារ​ទាំងអស់​ជាង​៣២០,០០០​នាក់ ដែល​រងគ្រោះ​ដោយសារតែ​ហិង្សា​ទីនោះ​ជាបន្ទាន់ ។ 
 
​បើតាម​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ នាយក​ប្រតិបត្តិ UNICEF បាន​លើកឡើងថា កុមារ​ដែលជា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់ បាន​រងគ្រោះ​ដោយសារតែ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា ដែល​ទិដ្ឋភាព​នេះ មិនគួរ​ឲ្យ​កើតមានឡើង​ចំពោះ​កុមារ​ឡើយ ។ លោក សង្កត់ធ្ងន់ថា​៖«​វិបត្តិ​នេះ កំពុងតែ​លួ​យ​ឆក់​កុមារភាព​របស់​ពួកគេ​ហើយ​។ យើង មិនត្រូវ​ឲ្យ​វិបត្តិ​នេះ​លួច​ឆក់​អនាគត​របស់​ពួកគេ​ឡើយ​»​។​
 
​ទន្ទឹមនឹង​ការព្រមាន​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ក៏បាន​លើកឡើង​អនុសាសន៍ និង​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​ផងដែរ ។ ក្នុងនោះ UNICEF បាន​លើក​ពី​ចំណាត់ការ​បន្ទាន់​ចំនួន​បួន ។ 
 
​ទីមួយ ការ​គាំពារ និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការឆ្លើយតប​ផែនការ​មនុស្សធម៌​បង់​ក្លា​ដែ​ស និង​ការឆ្លើយតប​មនុស្សធម៌​សម្រាប់​មី​យ៉ាន់​ម៉ា ។ ទី​ពីរ ការការពារ​កុមារ​រ៉ូ​ហ៊ីង​យ៉ា និង​គ្រួសារ​របស់​ពួកគេ ក៏ដូចជា​ការ​ដំណើរការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​សម្រាប់​កុមារ​ដែល​រងគ្រោះ​ដោយសារតែ​ហិង្សា​នៅ​រដ្ឋ​Rakhine ។ ទី​បី ធានា​ឲ្យ​បាន​សុវត្ថិភាព​សម្រាប់​ការវិល​ត្រលប់​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅពេល​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ និង​ចុងក្រោយ​នោះ ការធានា​ឲ្យ​បាន​ដំណោះស្រាយ​រយៈពេល​វែង ។ 
 
​សូម​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន ដែលជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៥០​ម៉ឺន​នាក់ បាន​ចាក​ចេញពី​រដ្ឋ Rakhine ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​នៅ​ចុង​ខែសីហា​កន្លងទៅ ។ របាយការណ៍​ដដែល​ក៏បាន​អះអាង​ដែរ​ថា ជនភៀសខ្លួន​នៅតែ​បន្ត​ចាកចេញ ដោយ​អះអាងថា ពួកគេ​ត្រូវបាន​គំរាម​សម្លាប់​ឲ្យ​ចាកចេញ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ ភូមិ​និង​ផ្ទះសម្បែង របស់​ពួកគេ ត្រូវបាន​ដុត​កម្ទេច​ទៀតផង ៕ 
 


 

© រក្សាសិទ្ធិដោយ thmeythmey.com