ជាតិ
អុំទូក៖ ក្រសួងទេសចរណ៍ រៀបវេទិកាផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាដល់ភ្ញៀវបរទេស
× ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកាខាងមុខ។ ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជានេះ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាដោយឡែកមួយ សម្រាប់ភ្ញៀវទេសចរបរទេសផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាដោយឡែកមួយសម្រាប់ភ្ញៀវទេសចរបរទេស ដែលទស្សនាការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខាងជើងវេទិកាកិត្តិយសមុខព្រះបរមរាជវាំង។ វេទិកាសម្រាប់ជនបរទេសនេះ គឺដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍«កម្ពុជា ព្រះរាជណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ» ឲ្យកាន់តែទូលាយ។
បើតាមសេចក្ដីជូនដំណឹងដដែល នៅវេទិកានេះ មន្ត្រីជំរុញទេសចរណ៍ក្នុងស្រុក ក៏មានរៀបចំបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរបរទេសផងដែរ ដោយមានផ្ដល់សេវាបម្រើភេសជ្ជៈ ការបកប្រែកដេញពីការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាព នៃការប្រណាំងទូក សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកាខាងមុខ។ ព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ ជាឱកាសដ៏ល្អ ដើម្បីឲ្យទេសចរជាតិ-អន្តរជាតិ បានស្វែងយល់កាន់តែច្បាស់អំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក៕
© រក្សាសិទ្ធិដោយ thmeythmey.com