ពីនេះ ពីនោះ
​តើ «​អរិយធម៌​», «​វប្បធម៌​», «​សង្គម​ធម៌​» ខុសគ្នា​ដូចម្តេច​?
23, Oct 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​មួយចំនួន នៅតែ​ពិបាក​ញែក​ឱ្យ​ដាក់​ស្រឡះ​រវាង​អត្ថន័យ​នៃ​ពាក្យ​«​អរិយធម៌​», «​វប្បធម៌​» និង «​សង្គម​ធម៌​» នេះ​ណាស់​។ នៅក្នុង​ភាសាវិទ្យា និង​អក្សរសិល្ប៍​របស់​គណៈកម្មកា​រ​ភាសាវិទ្យា និង​សិល្ប៍ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​វប្បធម៌​» និង «​សង្គម​ធម៌​» គឺជា​មែកធាង​នៃ​អរិយធម៌​។ ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​នៃ​ពាក្យ​ទាំងបី​៖

  
«​អរិយធម៌​» ជា​បណ្តុំ​លក្ខណៈ​រួម​របស់​សង្គម​ដែល​ក្នុងនោះ​មាន ទាក់ទង​នឹង​ជំនឿ សាសនា សីលធម៌ សីល​វិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការគ្រប់គ្រង​... ដែល​ផ្ទុយ​នឹង​សភាព​អន់ថយ​។ មែកធាង​សំខាន់ៗ​នៃ​អរិយធម៌ មាន​វប្បធម៌ និង​សង្គម​ធម៌​។​

​រីឯ «​វប្បធម៌​» ជា​មែកធាង​មួយ​នៃ​អរិយធម៌ ដែល​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ចំនេះវិជ្ជា​ប្រាជ្ញា​សារ​តី ទំនៀមទម្លាប់ សី​ល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ​... ឱ្យបាន​លូតលាស់​រីកចម្រើន​។ 

​ចំណែកឯ «​សង្គម​ធម៌​» ជា​មែកធាង​មួយ​នៃ​អរិយធម៌ ដែល​ទ្រទ្រង់​ការរស់នៅ និង​ការបណ្តុះបណ្តាល​តាមរយៈ​គ្រឿង​សម្ភារៈ ប្រដាប់​ប្រើប្រាស់ វិធី​បច្ចេកទេស ការបង្កើត​ផលិតផល ការរៀបចំ​សេដ្ឋកិច្ច និ​យោ​បាយ​។​ល​។ 

​ប្រសិនបើ​យើង​មិន​បែងចែក​«​វប្បធម៌​» ឱ្យដាច់​ពី «​សង្គម​ធម៌​» ទេ យើង​អាចឱ្យ​និយមន័យ​តាម​គណៈកម្មការ​វប្បធម៌ និង​វិចិត្រសិល្បៈ​យ៉ាង​ដូច្នេះ​ថា ជាការ​បណ្តុះ​ចំណេះវិជ្ជា​, ប្រាជ្ញា​, សារ​តី និង​របៀប​រស់នៅ​រប​ស់មនុស្ស​ឱ្យបាន​លូតលាស់​ចម្រើន ដើម្បី​សម្របសម្រួល​ទៅនឹង​បរិស្ថាន និង​ការអភិវឌ្ឍ​សង្គម​ដោយ​វិទ្យាសាស្ត្រ ឬ​ដោយ​សិល្បៈ​ផ្សេងៗ ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com