អន្តរជាតិ
ឥណ្ឌូណេស៊ី​ទាមទារ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ​ក​បកស្រាយ​រឿង​ហាម​មេទ័ព​ខ្លួន​ចូល​ទឹកដី​អាមេរិក​
23, Oct 2017 , 11:02 am        
រូបភាព
​ឥណ្ឌូណេស៊ី​នឹង​ផ្ញើ​កំណត់​ទូត​ទៅ​ក្រសួងការបរទេស​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​បកស្រាយ​រឿង​បដិសេធ​មេទ័ព​ខ្លួន​ចូល​ទឹកដី​អាមេរិក​នា​ថ្ងៃអាទិត្យ​ទី ២២ ខែតុលា​នោះ​។ ឥណ្ឌូណេស៊ី​ក៏​ត្រៀម​កោះហៅ​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ហ្សា​ការ​តា មក​សួរនាំ​ពាក់ព័ន្ធ​បញ្ហា​នេះដែរ​។​



​បន្ទាប់ពី​មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​លោក Gatot Nurmantyo ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ផ្ញើ​កំណត់​ទូទៅ​កាន់​ក្រសួងការបរទេស​អាមេរិក និង​កោះហៅ​តំណាង​ទូត​អាមេរិក​នៅ​ឥណ្ឌូណេស៊ី​មក​សួរនាំ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Nurmantyo ត្រូវបាន​នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក​លោក Joseph F Dunford Jr អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សន្និសីទ​ស្តីពី​ការប្រឆាំង​ចលនា​ជ្រុលនិយម ដែល​រៀបចំឡើង​នៅ​ក្រុង​វ៉ាស៊ីនតោន​ចាប់ពី​ថ្ងៃ ២៣ ដល់​ថ្ងៃ ២៤ តុលា​។

​ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​ទី ២១ ខែតុលា ពេល​លោក Nurmantyo ត្រៀម​ឡើង​យន្តហោះ ស្រាប់តែ​ក្រុមហ៊ុន​អាកាសចរណ៍​ប្រាប់​លោក​ថា ខាង​នាយកដ្ឋាន​ពន្ធគយ និង​ការពារ​ព្រំដែន​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ទឹកដី​អាមេរិក​ទៅវិញ​។ 

​យ៉ាងណាមិញ វា​មិនមាន​ការបកស្រាយ​ណាមួយ​ពាក់ព័ន្ធ​ហេតុផល​ដែល​លោក​ត្រូវ​ហាម​ចូល​ទឹកដី​អាមេរិក​ឡើយ​។ ប៉ុន្តែ​ឥណ្ឌូណេស៊ី​បានស្នើ​សុំ​ឲ្យ​ក្រសួងការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ហ្សា​ការ​តា​បកស្រាយ​ហើយ​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​៖«​យើង​បាន​សុំ​ឲ្យ​ក្រសួងការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ហ្សា​ការ​តា​បកស្រាយ ហើយ​យើង​កំពុង​រង់ចាំ​ចម្លើយ​ពី​គេ​ឥឡូវនេះ​»​។

​បើតាម​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី Arrmanatha Nasir ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​ផ្ញើ​កំណត់​ទូត​បន្ថែមទៀត​ទៅកាន់រ​ដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិ​កលោក រិច​ធី ល័​រ​សិន ដើម្បី​ទាមទារ​ឲ្យ​លោក​បកស្រាយ​ឲ្យ​អស់​មន្ទិលសង្ស័យ​ផងដែរ​។ ហើយ​ដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​ក៏​កោះហៅ​ឯកអគ្គរដ្ឋទូត​រងរ​បស់​អាមេរិក​មក​សួរនាំ​ថែមទៀត​។​

​ដោយឡែក​ខាង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ហ្សា​ការ​តា​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ឧ​ត្ត​ម​ស​នី​យ៍​ឥណ្ឌូណេស៊ី ហើយក៏​បាន​សូម​អភ័យទោស​ទៅ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​ផងដែរ​ពាក់ព័ន្ធ​បញ្ហា​នេះ​។​

​ស្ថានទូត​អាមេរិក​បានបញ្ជាក់​ដូច្នេះ​៖ «​ឯកអគ្គរដ្ឋទូត​អាមេរិក Joseph Donovan បាន​សុំ​អភ័យទោស​លោកស្រី Marsudi រួចរាល់​ហើយ​ចំពោះ​បញ្ហា​ដែល​កើតឡើង​លើ​ឧ​ត្ត​ម​សេនីយ៍ Nurmantyo​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌូណេស៊ី​ដើម្បី​ធានា​សន្តិភាព វិបុលភាព​សម្រាប់​ប្រទេស និង​ប្រជាជន​យើង​»៕


Tag:
 អាមេរិក​
  Gatat Nurmantyo
  Retno Marsudi
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com