ជាតិ
ឱកាសប្រជែងយកពានរង្វាន់អ្នកសារព័ត៌មានឆ្នើមលើប្រធានបទ «គ្រួសារ សុខភាព និងកីឡា»
× ក្លិបអ្នកកាសែតកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ បានរៀបចំឲ្យមានការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៧ លើប្រធានបទ «គ្រួសារ សុខភាព និងកីឡា»។ កម្មវិធីប្រកួតប្រជែងស្នាដៃនេះមានគោលបំណង ជំរុញនិងលើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាឲ្យចូលរួមសរសេរអត្ថបទដែលទាក់ទងនឹងសុខុមាលភាពគ្រួសារ ព្រមទាំងលើកកម្ពស់ការយល់ដឹងទូទៅសម្រាប់សាធារណជនពីវិស័យកីឡានៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
អ្នកសារព័ត៌មានជនជាតិខ្មែរ ដែលមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដោយឯករាជ្យ (Freelance Journalists) ទាំងផ្នែកបោះពុម្ពផ្សាយ វិទ្យុ ទូរទស្សន៍ សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានតាមបណ្តាញសង្គមប្លុក (Blogger) មានឱកាសប្រកួតប្រជែងយកពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ដែលមានទឹកប្រាក់១០០០ដុល្លារអាមេរិក លើប្រធានបទ «គ្រួសារ សុខភាព និងកីឡា»។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែតុលា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ បង្កើតឡើងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។ លោកបានអះអាងបន្ថែមថា នេះជាការប្រកួតដ៏ធំសម្រាប់អ្នកសារព័ត៌មាននៅក្នុងឆ្នាំ២០១៧ ។
អត្ថបទដែលអាចទទួលជ័យលាភី គឺត្រូវគោរពតាមវិជ្ជាជីវៈ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មានទិន្នន័យ មានអំណះអំណាងពេញលេញ មានខ្លឹមសារគ្រប់គ្រាន់ ហើយអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ក៏ស្ថិតក្នុងចំណែកនៃការជ្រើសរើសនេះផងដែរ។
ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារអាមេរិក លេខ២ បាន៧០០ដុល្លារ លេខ៣ បាន៥០០ដុល្លារ លេខ៤ និងលេខ៥ ក៏ទទួលបាន១០០ដុល្លារអាមេរិកផងដែរ។ បន្ថែមពីលើនេះ ម្ចាស់ជ័យលាភីទាំង៥នាក់ នឹងទទួលបាននូវការរៀបចំដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុននៅមុខប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៧ ។
ក្លិបអ្នកកាសែតកម្ពុជា ទទួលយកស្នាដៃប្រកួតប្រជែងជាអត្ថបទ ឬជាបទយកការណ៍ជាសំឡេង ឬវីដេអូ របស់បេក្ខជន ចាប់ផ្តើមទទួលពីពេលនេះទៅ រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខនេះ។
បេក្ខជនអាចទាញយកពាក្យចូលរួមប្រកួតប្រជែងពីគេហទំព័រ www.ccj.com.kh/applicationform ឬចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/CCJCambodia/ ឬក៏អាចកាន់ការិយាល័យ ក.អ.ក ផ្ទះលេខ១២ ផ្លូវលេខ ០៥ (ក្នុងបុរីប៉េងហួតទល់មុខផ្សារប៉េសេ) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
© រក្សាសិទ្ធិដោយ thmeythmey.com