អន្តរជាតិ
​គេ​រិះគន់​ខ្លាំងពេក WHO សម្រេច​លុប​ការតែងតាំង មូ​ហ្កា​បេ ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ខ្លួន​ប្រចាំ​អាហ្វ្រិក​»
23, Oct 2017 , 2:22 pm        
រូបភាព
រូបភាព៖ IAFRICA
រូបភាព៖ IAFRICA
​អង្គការ​សុខភាព​ពិភពលោក (WHO) បានសម្រេច​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់ខ្លួន ក្នុងការ​តែងតាំង​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ ជា​បេសកជន​តំណាង​អង្គការ​ពិភពលោក​នេះ នៅ​ថ្ងៃអាទិត្យ​ទី ២២ ខែតុលា​។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយ​មានការ​តវ៉ា និង​ប្រតិកម្ម​ច្រើន​ប្រឆាំងនឹង​ការតែងតាំង​ទូទាំង​ពិភពលោក​។



​បន្ទាប់ពី​មាន​ប្រតិ​ម្ម​ច្រើនពេក អង្គការ​សុខភាព​ពិភពលោក បានសម្រេច​លុបចោល​កា​រតែង​តាំង​លោក រ៉ូបឺត មូ​ហ្កា​បេ ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីបអាហ្វ្រិក​»​វិញ នៅ​ចុង​សប្តាហ៍​កន្លងទៅ​។ 

​ទីភ្នាក់ងារ​ព័ត៌មាន AFP ដើម​សប្តាហ៍​មុន ប្រមុខ​ស្ថាប័ន​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus ដែលជា​អតីតរដ្ឋមន្ត្រី​សុខាភិបាល​អេ​ត្យូ​ពី បានសម្រេច​ផ្តល់​តំណែង​កិត្តិយស​ដល់​មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ និង​វ័យ​ជរា​របស់​ស៊ីម​បា​វ៉ា រ៉ូបឺត មូ​ហ្កា​បេ ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​អង្គការ​សុខភាព​ពិភពលោក ទទួលបន្ទុក​ជំងឺមិនឆ្លង​តាម​ការប្រាស្រ័យ​ទាក់ទង​គ្នា នៅ​ទ្វីបអាហ្វ្រិក​»​។

​យ៉ាងណាមិញ ភ្លាមៗ​នោះដែរ ខាង​សកម្មជន និង​អ្នកជំនាញ​សុខភាព រួមទាំង​ម្ចាស់ជំនួយ​ធំៗ​នៃ​អង្គការ​សុខភាព​ពិភពលោក ដូចជា អង់គ្លេស កាណាដា និង​អាមេរិក បាននាំគ្នា​ថ្កោលទោស​ការសម្រេច​របស់​ប្រមុខ​ស្ថាប័ន​នេះ​។ គេ​អះអាងថា ប្រព័ន្ធ​សុខាភិបាល​ស៊ីម​បា​វ៉េ រលំរលាយ​អស់​ក្រោម​ការដឹកនាំ​រយៈពេល ៣៧​ឆ្នាំ​របស់លោក មូ​ហ្កា​បេ នោះ​។

«​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ ខ្ញុំ​បានតែងតាំង​ប្រធានាធិបតី មូ​ហ្កា​បេ​ជា ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ដោយហេតុនេះ ខ្ញុំ​សម្រេចចិត្ត​លុបចោល​ការតែងតាំង​នេះ​វិញ​»​។ នេះ​បើ​សេចក្តីថ្លែងការណ៍​របស់​លោក Tedros ។ សេចក្តីថ្លែងការណ៍​នោះ​បន្តថា​៖« ខ្ញុំ​បាន​ស្តាប់​ការបញ្ចេញមតិ​រិះគន់ និង​ការបារម្ភ​យ៉ាង​ប្រុងប្រយ័ត្ន​។ ខ្ញុំ​បាន​ប្រឹក្សា​យោបល់​ជាមួយ    រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ហើយ​យើង​ការសម្រេចចិត្ត​បែបនេះ ដើម្បី​រក្សា​ប្រយោជន៍​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​»​។

​ក្រោយ​ការសម្រេច​លុច​ចោលការ​តែងតាំង​នេះ រដ្ឋាភិបាល​អង់គ្លេស និង​កាណាដា បាន​ស្វាគមន៍ និង សាទរ​ផងដែរ​។ នាយករដ្ឋមន្ត្រី Theresa May បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ថា រដ្ឋាភិបាល​លោកស្រី ស្វាគមន៍​ការសម្រេចចិត្ត​របស់​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី Justin Trudeau ក៏បាន​សាទរ​ដូចគ្នា​ដែរ​។​

​សូមបញ្ជាក់ថា លោក រ៉ូ​បឺ មូ​ហ្កា​បេ កាន់តំណែង​អស់​រយៈពេល ៣៧​ឆ្នាំ​មកហើយ​។ ក្រោម​ការដឹកនាំ​របស់​លោក ស៊ីម​បា​វ៉ា មិន​ស្គាល់​រីកចម្រើន​ឡើយ តែ​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន​ជាពិសេស​សេដ្ឋកិច្ច​ក្ស័យធន​។ បើ​និយាយ​ពី​ប្រព័ន្ធ​សុខាភិបាល​វិញ ប្រទេស​នេះ​ប្រឈម​បញ្ហា​ច្រើន ហើយ​ប្រជាជន​ប្រឈម​កង្វះ​សេវា​ថែទាំ​សុខាភិបាល ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋ​។ សូម្បីតែ​លោក មូ​ហ្កា​បេ ខ្លួនឯង ក៏​សុខចិត្ត​ជិះ​យន្តហោះ ទៅ​ព្យាបាល​សុខភាព​នៅ​សិង្ហ​បុរី​ស្ទើរ​រាល់​ឆ្នាំ​ផង​៕


Tag:
 អាហ្វ្រិក​
  WHO
  រ៉ូ​បឺ មូ​ហ្ក​បេ​
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com