ជាតិ
សេដ្ឋកិច្ច
RDB បញ្ចេញ​ឥណទាន​អស់ ១០​លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា​ពិសេស​រប​ស់​រដ្ឋាភិបាល​
23, Oct 2017 , 3:41 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​មកដល់​បច្ចុប្បន្ន ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បញ្ចេញ​ឥណទាន​បាន​ចំនួន ១០​លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា​ពិសេស​រប​ស់​រដ្ឋាភិបាល​ចំនួន ៥០​លានដុល្លារ​។ នេះ​បើតាម​លោក កៅ ថាច អគ្គនាយក RDB ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​ចុះហត្ថលេខា​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត នៅ​ថ្ងៃទី​២០​ខែតុលា​។​



​រដ្ឋាភិបាល​កាលពី​ខែសីហា បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​អស្ថិរភាព​ថ្លៃ​ស្រូវ តាមរយៈ​ការផ្ដល់​កម្ចី​ដល់​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ យកទៅ​ប្រមូល​ទិញស្រូវ​ពី​កសិករ​។ ការផ្ដល់​កម្ចី​នេះ​គិត​អត្រា​ការប្រាក់ ៥​ភាគរយ​ក្នុង​មួយឆ្នាំ និង​យក​ស្តុក​ស្រូវ​ជាវ​ត្ថុ​ធានា​។ ធនាគារ​អភិវឌ្ឍន៍ជនបទ ជា​អ្នកអនុវត្ត​ផ្ដល់​កម្ចី​នៃ​ថវិកា​នេះ​។

​លោក កៅ ថាច ជឿជាក់ថា​ថវិកា ៥០​លាន​ដុល្លារ​នេះ នឹងត្រូវ​បញ្ចេញ​អស់ទាំង​ស្រុង ខណៈ​រដូវ​ប្រមូល​ផល​ធំ​ខិតជិត​មកដល់​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នៅតែ​សង្ឃឹមថា​ឲ្យ​ខ្ចី​អស់ ហើយ​យើង​ខំ​រុញ​ខ្លាំង​ណាស់ដែរ​។ ឆ្នាំនេះ ថវិកា​នេះ​នឹងត្រូវ​បញ្ចេញ​អស់ ហើយ​អាច​ខ្វះ​ទៅទៀត តែ​រដ្ឋាភិបាល​បាន​បើកផ្លូវ​ឲ្យ​បន្ថែម​ថវិកា​ទៀត បើ​ខ្វះ​មែន​»​។​

​នេះ​ជាការ​ទម្លាក់​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​របស់​ក​រសិករ ជា​លើក​ទី​ពីរ​ហើយ​។ កាលពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា ២៧​លាន​ដុល្លារ តែ​ការផ្ដល់​កម្ចី​មាន​ចំនួន​តែ ៣,៥ លាន​ដុល្លារ​ប៉ុណ្ណោះ​៕


Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com