កីឡាជាតិ
ជាតិ
AFC U19៖ សឿត បារាំង ត្រូវបានកោះហៅ ប៉ុន្តែគ្មាន អ៊ិន សូដាវីដ
× ខ្សែការពារក្រុមជម្រើសជាតិ សឿត បារាំង ត្រូវបានគ្រូបង្វឹកជនជាតិជប៉ុន Inoue Kazunori កោះហៅជួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាស្វាគមន៍ U19 ចិន មីយ៉ាន់ម៉ា និងហ្វីលីពីន នាការប្រកួតវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ តុលា នៅពហុកីឡដ្ឋានជាតិ។ ចំណែកខ្សែបម្រើ អ៊ិន សូដាវីដ មិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹកជនជាតិជប៉ុនរូបនេះឡើយ។
នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបង្ហាញឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជម្រើសទាំង២៣នាក់របស់លោក Inoue Kazunori គេសង្កេតឃើញខ្សែការពារ សឿត បារាំង ត្រូវបានកោះហៅឲ្យជួយក្រុម U19 កម្ពុជាលើកនេះផងដែរ។ ផ្ទុយទៅវិញខ្សែបម្រើវ័យក្មេង អ៊ិន សូដាវីដ របស់ភ្នំពេញក្រោនមិនស្ថិតក្នុងជម្រើសនេះឡើយ។
ទន្ទឹមនឹងការកោះហៅ សឿត បារាំង ឲ្យចូលរួមលើកនេះ គេសង្កេតឃើញគ្រូបង្វឹក Kazunori បានផ្លាស់ប្តូរកីឡាករមួយចំនួនក្នុងនោះកីឡាករ សួន នឿត, យ៉ើ សាហ្វី, ម៉ៅ ពិសិដ្ឋ, ស៊ិន កក្កដា និង ពៅ ចាន់ថេត ត្រូវបានកោះហៅឲ្យជួយក្រុម U19 កម្ពុជាលើកនេះផងដែរ។ ចំណែកកីឡាករ រ័ត្ន ប៊ុននូ, សឿត ណារ៉ា, ហេង ទីណា, ថា ច័ន្ទឬទ្ធី, ឃាង ម៉េងហួរ និង សៀន សុភត្រា ដែលមានក្នុងបញ្ជី U19 ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយហ្វីលីពីនកាលពីដើមខែតុលា កន្លងទៅគ្មានក្នុងបញ្ជីលើកនេះទេ។
ខ្សែការពារ សៀត បារាំង ត្រូវជួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាតទល់ជាមួយ U19 ចិនក្នុងជំនួបលើកដំបូងថ្ងៃទី២៤ តុលា នៅពហុកីឡដ្ឋានជាតិ មុនស្វាគមន៍ជាបន្តបន្ទាប់ជាមួយ U19 មីយ៉ាន់ម៉ា និងហ្វីលីពីននៅថ្ងៃទី២៤ និងទី២៨ ខែតុលា។
កីឡាករជម្រើសជាតិទាំង២៣នាក់រួមមាន៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, គង់ ពីលត់ និង ជា វណ្ណសាក់, ខ្សែការពារ ឈឿង វិស៊ីនុ, ផុន តៃនិញ, លន ថេន, គឹម ឆៃយ៉ា, ផន អញ, ផាច សុជាវីឡា, យ៉ើ សាហ្វី, សួន នឿត និង សឿត បារាំង, ខ្សែបម្រើ ទៀត គឹមហេង, ឡុង ម៉េងហាវ, ស៊ិន កក្កដា, ទូច គឹមឆាយ, ត្រាយ វិចិត្រ, សាន គឹមហេង, និង ពៅ ចាន់ថេត ខ្សែប្រយុទ្ធ សៀង ចន្ធា, សេត ម៉ាន់ស៊ូត, ម៉ៅ ពិសិដ្ឋ និង ទេស សម្បត្តិ៕
Tag:
AFC U19
សឿត បារាំង
អ៊ិន សូដាវីដ
© រក្សាសិទ្ធិដោយ thmeythmey.com