រថយន្ត
នយោបាយ​ចិន​ប្រឆាំង​ពុករលួយ ទប់ស្កាត់​ការយក​រថយន្ត​រដ្ឋ​ទៅប្រើ​ខុស​គោលដៅ​
23, Oct 2017 , 7:59 pm        
រូបភាព
រូបភាព៖ ទស្សនាវដ្តី Forbe
រូបភាព៖ ទស្សនាវដ្តី Forbe
ដោយ: ថ្មីៗ
​គោលនយោបាយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​បង្ក្រាប​អំពើពុករលួយ​ការប្រើប្រាស់​រថយន្ត​រប​ស់​រដ្ឋ​ក្នុងពេល​បំពេញភារកិច្ច​បានទទួល​ផ្លែផ្កា​ច្រើន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​។ គោលនយោបាយ​នេះ​បាន​ធានា​ឲ្យ​មានការ​គ្រប់គ្រង​រថយន្ត​រដ្ឋ​បាន​ត្រឹមត្រូវ និង​ការបន្ថយ​ការប្រើប្រាស់​រថយន្ត​រដ្ឋ​មិន​ចំ​គោលដៅ ឬ​បម្រើ​ប្រយោជន៍​ខ្លួន​។



​គោលនយោបាយ​«​បង្ក្រាប​អំពើពុករលួយ​លើ​ការប្រើប្រាស់​ឡាន​រដ្ឋ​»​ដែល​សម្តៅ​ដល់​ការគ្រប់គ្រង​រថយន្តរ​បស់​រដ្ឋ​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ជួយ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ និង​ជំរុញ​ការប្រើប្រាស់​រថយន្ត​រប​ស់​រដ្ឋ​ចំ​គោលដៅ​។ រថយន្ត​រដ្ឋ ៣៨៦៨ គ្រឿង​នៅតាម​ស្ថាប័ន​រដ្ឋាភិបាល​ទាំង ១៤០​ទូទាំងប្រទេស​ត្រូវ​ដក​ហូត​ឈប់​ប្រើប្រាស់​ប្រាំ​ឆ្នាំ​មកនេះ​។

​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily ផ្សាយ​ថា បើតាម​របាយការណ៍​កា​រិ​យា​ល័យ​រដ្ឋបាលជាតិ​ចិន រថយន្ត​រដ្ឋ​ដែល​ត្រូវបាន​ដក​ឈប់​ឲ្យ​ប្រើប្រាស់​នោះ​ស្មើនឹង ៦០ ភាគរយ​នៃ​រថយន្ត​រដ្ឋ​មាន​សរុប​កាលពី​ប្រាំ​ឆ្នាំមុន​។

​គោលនយោបាយ​នេះ​ធានា​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ដោយ​បញ្ឈប់​រាល់​ការ​ប្រាស់​រថយន្ត​រដ្ឋ​ក្នុង​គោលដៅ​ធ្វើដំណើរ​ធម្មតា​ឬ​បេសកកម្ម​សម្រាប់​មន្ត្រី​ក្រសួង ហើយ​រក្សាទុក​តែ​រថយន្ត​ខ្លះ​សម្រាប់​ការប្រើប្រាស់​ពិសេស​ប៉ុណ្ណោះ​។ ក្រុម​ពិសេស​អាច​ប្រើប្រាស់​រថយន្ត​រដ្ឋ​នោះ​មានដូចជា ក្រុមការងារ​គាំទ្រ​បច្ចេកទេស មន្ត្រី​អនុវត្ត​ច្បាប់ ក្រុមការងារ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​បន្ទាន់​ជាដើម​។

​អាជ្ញាធរ​ទទួលបន្ទុក​អនុវត្ត​ក៏ បិទ​ស្ទិ​គ័​រ ឬ​សញ្ញា​ពិសេស និង​បំពាក់​ប្រព័ន្ធ GPS លើ​រថយន្ត​របស់​រដ្ឋ​ដើម្បី​ធានាថា រថយន្ត​ទាំងនោះ​មិនត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បម្រើ​កិច្ចការផ្ទាល់ខ្លួន​ឡើយ​។​

​របាយការណ៍​ដដែល​នោះបាន​បន្ថែមថា ក្រៅពី​អាជ្ញាធរ​ថ្នាក់កណ្តាល រដ្ឋបាលខេត្ត និង​តំបន់​ស្វយ័ត​នានា​ប្រហែល ២៩ ទូទាំងប្រទេស​ផ្សេងទៀត​ក៏បាន​អនុវត្ត​គោលនយោបាយ​កែទម្រង់​នេះ​បាន​ជោគជ័យ​ហើយ​។ ដូច្នេះហើយ បច្ចុប្បន្ន​គេ​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ស្ថាប័ន​សាធារណៈ​ផ្សេងទៀត និង​សហគ្រាស​រដ្ឋ​ផ្សេងទៀត​ផងដែរ​ដើម្បី​ជំរុញ​ការគ្រប់គ្រង​រថយន្តរ​ដ្ឋ​នេះ​។​

​ទោះជា​មានការ​ដកហូត​រថយន្ត​និង​ទុក​រថយន្ត​ខ្លះ​សម្រាប់​ការប្រើប្រាស់​ពិសេស​ក៏ពិតមែន រដ្ឋាភិបាល​ចិន​ក៏បាន​សម្រេច​ផ្តល់​ការឧបត្ថម្ភ​ធន់​ដល់​មន្ត្រី​រដ្ឋការ​សម្រាប់​ការជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ដែល​សមស្រប​ពេល​បំពេញភារកិច្ច​ផងដែរ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com