ជាតិ
សម្ដេច ហ៊ុន សែន ៖ ការអនុវត្តច្បាប់លើបក្សប្រឆាំង គ្មានការរាថយឡើយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលអនុវត្តច្បាប់លើគណបក្សប្រឆាំង គឺគ្មានការរាថយឡើយ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ ស្របពេលដែលស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង។ សម្រាប់អ្នកវិភាគ ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ មានសង្ឃឹមតិចណាស់ ដើម្បីរួចផុតពីការរំលាយបក្ស ។
សូមស្ដាប់សំឡេង៖
អ្នកដែលតាំងខ្លួនជាសត្រូវ ជាមួយសម្ដេច នោះមិនមានលទ្ធផលល្អឡើយ ។ហើយបើពួកគេលេងនយោបាយមិនឈ្នះ សម្ដេចវិញ គឺមានតែជាប់«គុក»ប៉ុណ្ណោះ។ នេះជាការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបន្ថែមថា រដ្ឋាភិបាលហ៊ានកម្ចាត់ចោលមនុស្សមួយចំនួន បើសិនវាជារឿងចាំបាច់ ដើម្បីការពារសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។
ថ្លែងក្នងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ស្ថិតក្នុងខ័ណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី ២៣ តុលានេះ សម្ដេច ហ៊ុន សែន បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តច្បាប់លើគណបក្សប្រឆាំង ដោយគ្មានការរាថយឡើយ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានបកស្រាយថា សម្ដេចគ្មានបំណងចង់កម្ចាត់ដៃគូនយោបាយខ្លួននោះទេ ប៉ុន្តែដោយសារតែអ្នកនយោបាយទាំងនោះ តាំងខ្លួនជាសត្រូវជាមួយសម្ដេចដោយខ្លួនឯង។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«បើគេវាយពស់គឺវាយក្បាលវាហើយ គេមិនវាយកន្ទុយវាទេ ព្រោះវានៅចឹក ហើយអាមេដឹកនាំ គេត្រូវវាយទាំងអស់»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យកងកម្លាំងប្រដាប់បែរអាវុធមករដ្ឋាភិបាល ស្របពេលដែលស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង។
បើគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយ! តើមន្ត្រីគណបក្សប្រឆាំងនេះ ទៅជាយ៉ាងណា?
មកដល់ពេលនេះមិនទាន់មានសញ្ញាណាមួយ ដែលបង្ហាញពីច្រករកដំណោះស្រាយលើផ្លូវនយោបាយឡើយ ស្របពេលសម្ដេច ហ៊ុន សែន បាននិយាយថា ការអនុវត្តច្បាប់លើគណបក្សប្រឆាំង គឺវាល្អប្រសើជាងការប្រើប្រាស់អាវុធ។ សម្ដេច ហ៊ុន សែន មានជំនឿថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ស្របតាមច្បាប់ផងដែរ។
ជាក់ស្ដែងប្រមុខរដ្ឋាភិបាល បានបញ្ជាក់ជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយនោះ កៅអីក្នុងរដ្ឋសភាទាំង៥៥នេះ នឹងត្រូវបែងចែកឲ្យគណបក្សនយោបាយចំនួន៥ផ្សេងទៀតចូលកាន់ជំនួស។ ក្រៅពីនិយាយរឿងកៅអីក្នុងរដ្ឋសភា សម្ដេច ហ៊ុន សែន បានបកស្រាយបន្ថែមថា កៅអីក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិនោះ ក៏ត្រូវបាត់បង់តាមគណបក្សដែរ។
ប៉ុន្តែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះ នៅតែអាចរក្សាដំណែងពួកគេដដែល បើសិនជាពួកគេចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាការអត្ថាធិប្បាយរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចំនួន៤រូប ដែលមកពីគណបក្សសង្គ្រោះជាតិ មិនមានការដកហូតតំណែងនោះឡើយ ដោយសារតែពួកគេបានលាលែងពីគណបក្សនយោបាយហើយ មុននឹងចូលបម្រើការងារក្នុងស្ថាប័ន គ.ជ.ប ។
អ្នកវិភាគនយោបាយលោក មាស នី យល់ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បង្ហាញអំពីជោគវាសនាគណបក្សសង្គ្រោះជាតិថាមានសង្ឃឹមតិចណាស់ ដែលអាចរួចផុតពីការរំលាយបក្ស។ ប៉ុន្តែអ្វីដែលគណបក្សសង្គ្រោះជាតិ ត្រូវធ្វើនោះគឺភាពរឹងមាំក្នុងបក្ស លុះដល់ដំណាក់កាលចុងក្រោយ។ លោក មាស នី បាននិយាយដូច្នេះថា៖«រដ្ឋាភិបាលបង្កើតច្បាប់មកគឺមិនដែលបោះចោលឡើយ ដូចយើងធ្លាប់ឃើញកន្លងមកហើយ…។ តែយ៉ាងណាគណបក្សសង្គ្រោះជាតិ ត្រូវរឹងមាំរហូតដល់គេរំលាយបក្ស បានន័យថា នៅពេលខាងមុខនេះ អាចនឹងមានយុទ្ធនាការផ្ទួនៗឲ្យរង្គោះរង្គើផ្ទៃក្នុងបក្សទាំងខាងក្រោម និងខាងលើ ដូច្នេះបើបក្សសង្គ្រោះជាតិរង្គើហើយរំលាយមុនច្បាប់នោះ គឹនឹងមានលេសប្រាប់អន្តរជាតិថា បក្សប្រឆាំងរំលាយដោយខ្លួនឯង។ ប៉ុន្តែបើបក្សប្រឆាំងរឹងមាំរហូតគេទ្រាំលែងបាន ហើយរំលាយនោះ វានឹងបង្ហាញរូបភាពអាក្រក់ដល់សហគមអន្តរជាតិឃើញបញ្ហានយោបាយនៅកម្ពុជា»។
អ្វីដែលលោក មាស នី មើលឃើញទៀតនោះគឺត្រង់ថា បើគណបក្សសង្គ្រោះជាតិ អាចរំលាយហើយនោះតំណាងរាស្ត្រមួយចំនួន ទំនងអាចប្រឈមមុខនឹងការព្យួរសកម្មភាពនយោបាយ៥ឆ្នាំ ដែលមានចែងនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។ ត្រង់ចំណុចនេះលោក មាស នី យល់ថា គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះនយោបាយលើគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែការយកឈ្នះបែបនេះ នឹងអាចបង្កហានិភ័យដល់សង្គមកម្ពុជា។
«បើរំលាយគណបក្សសង្គ្រោះជាតិមែន វាអាចនឹងមានហានិភ័យធំៗ សម្រាប់កម្ពុជា ពីសំណាក់អន្តរជាតិ ដូចជាការដាក់សម្ពាធសេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្លូវនយោបាយ ការទូត។ ហើយបើគេដាក់សម្ពាធអ្នកស្លាប់គឺរាស្ត្រតូចតាច ចំណែកអ្នកមានធំៗគេមិនស្លាប់នោះទេ។ ហើយចំណែកនយោបាយរដ្ឋាភិបាលងាកទៅរកចិននេះ ក៏វាមានហានិភ័យដែរ ព្រោះវាអាចជះឥទ្ធិពលបែបអាណានិគមកុម្មុយនីស្តមកលើកម្ពុជា ដែលធ្វើឲ្យមានការមិនពេញចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលផង»។ នេះជាការយល់ឃើញរបស់លោក មាស នី។
កន្លងមកបណ្ដាស្ថានទូតបរទេសប្រចាំកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយបារម្ភជាបន្តបន្ទាប់ ចំពោះសេចក្តីស្នើកែប្រែច្បាប់ចំនួន៤ ដែលមានខ្លឹមសារបែងចែកអាសនគណបក្សនយោបាយ ដែលត្រូវបានរំលាយយកទៅឲ្យគណបក្សដទៃ។ បណ្ដាទូតទាំងនោះ ចាត់ទុកខ្លឹមសារកែប្រែច្បាប់ពេលនេះ មានគោលបំណងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ដែលនាំឲ្យនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។
ជាការឆ្លើយតបនឹងសហគមន៍អន្តរជាតិ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ក៏ដូចជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅតែប្រកាន់ជំហរដដែលថា អ្វីដែលស្ថាប័នជាតិ មានដូចជា រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ បានសម្រេចឬអនុម័ត គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានបរទេសណាមួយ អាចលូកដៃបានឡើយ។ ភាគីរដ្ឋាភិបាល ថែមទាំងធ្លាប់លើកឡើងថា សហគមន៍អន្តរជាតិខ្លះ ថ្តោលទោស ដោយមិនបានយល់ពីស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។
ច្បាប់ចំនួន៤ ដែលមានខ្លឹមសារជារួមថា «បើគណបក្សណាមួយ ត្រូវបានរំលាយរាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ» ត្រូវបានព្រឹទ្ធសភា យល់ស្របទាំងស្រុង ហើយបានអនុម័តជាផ្លូវការតាមរយៈកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២0 ខែតុលា ឆ្នាំ២០១៧នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com