សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃអង្គារ ទី៣១ ខែតុលា នេះ បានចេញផ្សាយបញ្ជីឈ្មោះមន្ត្រី និងកីឡាករក្រុមជម្រើសជាតិដែលត្រូវប្រមូលផ្តុំហ្វឹកហាត់សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ២០១៩ ។ សម្រាប់ឱកាសដឹកនាំក្រុមជម្រើសជាតិជាលើកទីបី លោក ប្រាក់ សុវណ្ណារ៉ា មានបញ្ជីឈ្មោះកីឡាករ២៥រូប ដោយលោកធ្វើការផ្លាស់ប្តូរសមាសភាពប្រមាណ១០នាក់ បើប្រៀបធៀបទៅនឹងជម្រើសចុងក្រោយរបស់គ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino នាជំនួបកន្លងមកជាមួយវៀតណាម។
គួច សុគម្ភៈ ត្រូវបានកោះហៅឲ្យចូលក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាឡើងវិញ បន្ទាប់ពីកីឡាករនៃក្លិបណាហ្គាវើលវ័យ៣០ រូបនេះ ធ្លាប់ញាំញីដោយសាររបួស ហើយតែងតែស្ថិតនៅក្រៅបញ្ជីរបស់អតីតគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitorino។ ជាមួយនឹងវត្តមានរបស់ សុគម្ភៈ លោក ប្រាក់ សុវណ្ណារ៉ា ក៏បានធ្វើការកោះហៅកីឡាករជើងចាស់មួយចំនួនទៀតផងដែរ ក្នុងនោះមាន អ៊ុក សុធី នៃក្លិបភ្នំពេញក្រោន សុខ សុវណ្ណ នៃក្លិបបឹងកេត រ៉ឹង ប៊ុនហៀង នៃក្លិបក្រសួងការពារជាតិ រួមទាំងប្រាក់ មុនីឧត្តម នៃក្លិបព្រះខ័នរាជស្វាយរៀង ផងដែរ។ ច្រឹង ពលរដ្ឋ ដែលត្រូវបានលោក Leonardo ដកចេញតាំងពីឈុតស៊ីហ្គេម ក៏មានឱកាសបង្ហាញខ្លួនឡើងវិញផងដែរ។
វត្តមានដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងបញ្ជីរបស់លោក ប្រាក់ សុវណ្ណារ៉ា នោះ គឺខ្សែបម្រើវ័យក្មេងក្លិបភ្នំពេញក្រោន ស៊ិន កក្កដា ដែលបានស៊ុតបាល់បញ្ចូលពីរគ្រាប់ក្នុងជ័យជម្នះដ៏អស្ចារ្យ ៣-២ របស់ក្រុម U19 កម្ពុជា លើមីយ៉ាន់ម៉ា នាការប្រកួតវគ្គជម្រុះ AFC U19 Championship កាលពីពេលថ្មីៗកន្លងមកនេះ។ សមាសភាពរបស់ សារ៉េត គ្រីយ៉ា នៃក្លិបព្រះខ័នរាជស្វាយរៀង និង តាំង សុភ័ក្ត នៃក្លិបខេមបូឌានថាយហ្គឺរ ក៏ជារឿងដ៏គួរឲ្យកត់សម្គាល់ផងដែរ។
កីឡាករមួយចំនួនដែលបានរក្សាឈ្មោះរបស់ខ្លួនក្នុងបញ្ជីជម្រើសជាតិរួមមាន អ្នកចាំទី ស៊ូ យ៉ាទី, រស់ សំអឿន, សឿយ វិសាល, កែវ សុខផេង, ចាន់ វឌ្ឍនាកា, អ៊ិន សូដាវីដ, ឈិន ឈឿន, នេន សុធារដ្ឋ, នុប តុលា, សុះ ស៊ូហាណា, ទិត្យ ឌីណា, កែវ សុខសិលា និងអ៊ុំ សេរីរ័ត្ន ជាដើម។
ខណៈ កែវ សុខង៉ន (ភ្នំពេញក្រោន), ឆេង ម៉េង (ណាហា្គវើល) ហូយ ផល្លីន (ព្រះខ័នរាជស្វាយរៀង) មានវាសនាបង្ហាញការប្រឹងប្រែងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិនោះ កីឡាករមួយចំនួនដូចជា ឃួន ឡាបូរ៉ាវី, ប៊ិន ធារី, សរ ពិសិដ្ឋ, ឆុំ ពិសា, អូន ចាន់ប៉ូលីន, ជួន ចាន់ចាវ, ប្រាក់ ធីវ៉ា, សឿត បារាំង និងពេជ្រ សុវណ្ណខេមរិន្ទ ស្ថិតនៅក្រៅបញ្ជីរបស់លោក ប្រាក់ សុវណ្ណារ៉ា។
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវប្រមូលផ្តុំហ្វឹកហាត់ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ នាថ្ងៃទី៩ ខែវិច្ឆិកា កម្ពុជាស្វាគមន៍មីយ៉ាន់ម៉ាក្នុងជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ មុននឹងប៉ះហ្ស៊កដានី ក្នុងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ២០១៩ ៕