ជាតិ
បទវិភាគ
EU និយាយ​ភ្ជាប់​រឿង​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ក្នុង​សំណើសុំ​ឲ្យ​ដោះលែង​មេបក្ស​ប្រឆាំង​
01, Nov 2017 , 10:50 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការបទេស៖ គណប្រតិភូសហភាពអឺរ៉ុប(ឆ្វេង) ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន​ ​(ស្ដាំ​) កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៧
រូបពីហ្វេសប៊ុកក្រសួងការបទេស៖ គណប្រតិភូសហភាពអឺរ៉ុប(ឆ្វេង) ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន​ ​(ស្ដាំ​) កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៧
​ភ្នំពេញ​៖ ប្រតិភូ​សហភាព​អឺរ៉ុប បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​។ ការស្នើ​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត​។​



​ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ ប្រធាន​គណៈកម្មាធិការ កិច្ចការ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​សភា​អឺរ៉ុប​លោក Werner Langen បានបង្ហាញ​កង្វល់​យ៉ាងខ្លាំង ចំពោះការ​វិ​វត្ត​នៃ​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​។ ប្រធាន​គណប្រតិភូ​សហ​ភាព​អឺរ៉ុប​រូបនេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ឈប់​ការប៉ុនប៉ង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​។ ជាពិសេស​សម្រួល​ឲ្យ​គណបក្សប្រឆាំង អាចមាន​សកម្មភាព​ដោយ​សេរី​ដូចដើម រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ដើម្បី​អាច​ឲ្យ​ការបោះឆ្នោត​នា​ឆ្នាំ​ក្រោយនេះ ទទួលបាន​ភាពត្រឹមត្រូវ សេរី និង​មាន​តម្លាភាព​។​

​សេចក្តី​ថ្លែង​ការណ៍​សហភាព​អឺរ៉ុប ដែល​បាន​ស្រង់​សម្តី​លោក Werner Langen ស្នើ​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​៣០-៣១ តុលា​នោះ ដោយ​អម​ជាមួយ​សារ​រំ​ឮ​ក​ដល់​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដឹងថា សភា​សហភាព​អឺរ៉ុប គឺជា​អ្នក​តែង​ច្បាប់​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា និង​បញ្ហា​ពាណិជ្ជកម្ម​ដែរ​។ ដូច្នេះ​ការធ្លាក់ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា វា​អាច​ប៉ះពាល់​ដល់​ដំណើការ​កម្មវិធី​ជំនួយ​អភិវឌ្ឍ និង​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផងដែរ​»​។​

​បន្ថែម​ពីនេះ​លោក Werner Langen បាន​រំ​ឮ​ក​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប ដែល​នាំ​ឲ្យ​ការអភិវឌ្ឍ​កម្ពុជា មាន​រីកចម្រើន​ទាំង​វិស័យ​អប់រំ និង​ផ្នែក​រដ្ឋ​បាល​សាធារណៈ​។ ជាពិសេស​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​ផ្នែក​ពាណិជ្ជកម្ម ក្រោម​ការអនុគ្រោះ​ទូទៅ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ដល់​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប​។ «​កម្ពុជា​មានការ​កើនឡើង​នូវ​ការនាំចេញ​ទំនិញ ទៅកាន់​ទីផ្សា​របស់​អឺរ៉ុប​យ៉ាង​ធំ​សម្បើម ដោយ​អត្រា​នៃ​ការរីកចម្រើន​នេះ គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ដែល​អម​ជាមួយនឹង​ដំណើការ​ច្បាស់លាស់​នៃ​ការប្រឆាំង​ភាពក្រីក្រ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណប្រតិភូ​សហភាព​អឺរ៉ុប​។​

​ឆ្លើយតប​នឹង​ការលើក​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ទទួលស្គាល់ថា ការបើក​ទីផ្សា​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» នេះ ជាការ​រួមចំណែក​ដ៏​ធំ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា និង​ការលើកស្ទួយ​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការបង្កើត​ការងារ​រាប់ពាន់​ដល់​ពលករ​កម្ពុជា ដែល​បាន​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​ក្រុមគ្រួសារ​។  សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ស្រង់​សម្ដី​លោក ប្រាក់ សុខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សង្ឃឹមថា​ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នៅក្នុង​ពេលអនាគត​»​។​

​ចំពោះ​បញ្ហានយោបាយ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​វិញ លោក ប្រាក់ សុខុន បាន​ពន្យល់​ប្រាប់​ទៅ​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ថា ករណី​កាសែត​The Cambodia Daily ការបិទ​អង្គការ​NDI និង​ករណី​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​ឯកឧត្តម កឹម សុខា គឺជា​វិធាន​ការដែល​ធ្វើឡើង​ស្របច្បាប់​ជា​ធរមាន ក្នុង​គោលដៅ​ពង្រឹង​នីតិរដ្ឋ និង​ការពារ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ប្រឆាំងនឹង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង និង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។​

​អ្នកវិភាគ យល់ឃើញថា សេចក្ដីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប និង​អាមេរិក​ជា​បន្តបន្ទាប់​នេះ គឺជា​ភាសា​ការទូត ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប្រឈមមុខ​នឹង​ការបាត់បង់​ចំណូល​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​នាំចូល​ប្រមាណ​ជា​៧០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ៕
អត្ថបទទាក់ទង


Tag:
 EU
 ​ កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com