ជាតិ
រថយន្ត
ហេតុអ្វី​អ្នកជំនួញ​ភាគច្រើន​ប្រើ​រថយន្ត Mercedes Benz ពណ៌​«​ស​»?
08, Feb 2021 , 8:39 pm        
រូបភាព
រថយន្តMercedes Benz ពណ៌​ស និង​ពណ៌​ខ្មៅ ត្រូវបាន​និយម​ប្រើប្រាស់​ជាងគេ​នៅ​កម្ពុជា​។ សម្រាប់​អ្នកជំនួញ Mercedes Benz ពណ៌​ស គឺជា​ពណ៌​ដែល​ពួកគេ​ជ្រើសរើស ដោយសារតែ​គេ​ជឿថា រថយន្ត​ពណ៌​ស នឹង​នាំមក​នូវ​លាភ​សក្ការ ទ្រព្យសម្បត្តិ និង​ចម្រុងចម្រើន​ដល់​ការរកស៊ី​របស់​ពួកគេ​។​

 
 
​រថយន្ត Mercedes Benz មាន​ច្រើន​ពណ៌ ប៉ុន្តែ​នៅ​កម្ពុជា​ពណ៌​ដែល​និយម​ជាងគេ មានតែ​ពណ៌​ស និង​ពណ៌​ខ្មៅ និង​បន្ទាប់មក​គឺ​ពណ៌​ទឹកប្រាក់​។ បើតាម​លោក ឃុន ចាន់ថា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia អតិថិជន​ជ្រើសរើស​ពណ៌​រថយន្ត​ប្រណីត Mercedes Benz នេះ គឺ​ផ្អែកទៅលើ​ឋានៈ និង​តួនាទី​ក្នុងសង្គម ផ្អែកលើ​ជំនឿ តម្លៃ​របស់​រថយន្ត និង​ចំណង់​ចំណូលចិត្ត​។​ 
 
​ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ឲ្យ​ដឹង​ទៀតថា អតិថិជន​របស់​ក្រុមហ៊ុន​លោក​ដែល​ជ្រើសរើស​រថយន្ត Mercedes Benz ពណ៌​ស ភាគច្រើន​ជា​អ្នកជំនួញ ដែល​គេ​មានជំនឿថា ពណ៌​ស នាំមក​នូវ​លាភ​សក្ការ ទ្រព្យសម្បត្តិ និង​ចម្រុងចម្រើន​ដល់​ការរកស៊ី​របស់​ពួកគេ​។ 
 
​ក៏មានដែរ អតិថិជន​ខ្លះ​របស់ Star Auto Cambodia ដែល​មិនមែនជា​អ្នកជំនួញ​ដែល​ជ្រើសរើស ពណ៌​ស ដោយសារ​ពណ៌​នេះ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ពួកគេ​មាន​ក្តី​សុខ និង​សុភមង្គល​។ ម្យ៉ាង​ពណ៌​ស នៅតែ​រក្សាបាន​ភាព​ប្រណីត ស្អាត ស៊ិ​ច​ស៊ី និង​ពណ៌​ដូច​នៅ​ថ្មី​ដដែល ទោះជា​ប្រើប្រាស់​ប្រើ​កាន់តែ​យូរ​ក៏ដោយ និង​មិន​ពិបាក​ថែទាំ​ជាប្រចាំ​ដូច​រថយន្ត​ពណ៌​ខ្មៅ​ដែល​ឆាប់​ប្រឡាក់​ឡើយ​។ នេះ​ជាការ​ពន្យល់​របស់ លោក ឃុន    ចាន់ថា​។ តែ​យ៉ាងណា លោក ឃុន    ចាន់ថា ក៏​គូស​បញ្ជាក់ដែរថា សម្រាប់​អ្នក​មន្ត្រីរាជការ អ្នកមាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ប្រទេស​មួយចំនួន មិន​សូម​និយម​ពណ៌​ស​ទេ ប៉ុន្តែ​គេ​ជ្រើសរើស រថយន្ត​ខ្មៅ​វិញ ដោយសារតែ​ពណ៌​ខ្មៅ ជា​ពណ៌​អន្តរជាតិ​ផ្លូវការ និង​ជា​ពណ៌​តំណាង​ឲ្យ អំណាច ភាព​អស្ចារ្យ និង​លេចធ្លោ​។
  
​សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕ 
 
 

Tag:
 រថយន្ត​
  Mercedes Benz
  Star Auto Cambodia
 ​ឃុន ចាន់ថា​
© រក្សាសិទ្ធិដោយ thmeythmey.com