ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជីវកម្មជុំវិញតំបន់តុលាការកំពូល បាត់ចំណូលដោយសារសវនាការរំលាយ CNRP
× ចាប់តាំងពីម៉ោង៦ព្រឹក បណ្ដាផ្លូវជុំវិញព្រះបរមរាជវាំង និងតុលាការកំពូលត្រូវបានបិទទាំងស្រុង មិនថាអាជីវករដែលមានទីតាំងត្រូវលក់ដូរក្នុងបរិវេណនោះឡើយ សូម្បីតែប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ក៏មិនអនុញ្ញាតឲ្យចេញចូលតាមចិត្តដែរ។ ផ្សារទំនើបផេនស៊ល ដែលតែងតែមានអតិថិជនចេញចូលហូរហែនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ក៏ស្ងាត់ឈឹង មានតែសំឡេងអ្នកលក់ប្រហែល៥ ទៅ៦តូប និងអ្នកអនាម័យម្នាក់ដែលនៅជូតផ្សារតែប៉ុណ្ណោះ។
មកដល់វេលាថ្ងៃត្រង់នៃថ្ងៃទី១៦វិច្ឆិកា ក្នុងផ្សារទំនើបផេនសល មានហាងតែ ៤ ឬ៥ប៉ុណ្ណោះដែលបានបើកទ្វារ។ គ្មានឡើយអ្នកដែលដើរផ្សារទិញឥវ៉ាន់ដូចរាល់ដង។ អាជីវករក្នុងផ្សារម្នាក់ បានឲ្យសារព័ត៌មានថ្មីៗដឹងថា កញ្ញាបានមករៀបចំអីវ៉ាន់ តាំងតែពីម៉ោង៨ព្រឹក តែពេលមកដល់ផ្លូវខាងមុខ ប៉ូលិសមិនបានអនុញ្ញាតឲ្យកញ្ញាចូលមកដល់ផ្សារឡើយ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ កញ្ញាបានមកសុំប៉ូលិសចូលម្ដងទៀត ទើបកញ្ញាអាចចូលទៅបាន។ «ពេលមកលើកក្រោយហ្នឹង ខ្ញុំចូលជាមួយអ្នកដែលមាកាតធ្វើកាងារ នៅសណ្ឋាគារ ទើបគេឲ្យខ្ញុំចូល»។
មិនមែនត្រឹមតែក្នុងផ្សារទំនើបនោះទេ តែបរិវេណសួនច្បារ មុខសណ្ឋាគារកាំបូឌីយ៉ាណា ក៏ស្ងប់ស្ងាត់ដែរ។ អ្នកលក់ភេសជ្ជៈ និងចំណីអាហារតាមរទេះ និងតាមផ្ទះនៅទីនោះ មិនបានបើកលក់នោះទេ គឺមានតែរទេះ ដែលចងច្រវ៉ាក់ជាប់ មិនឃើញម្ចាស់តែប៉ុណ្ណោះ។ ស្ត្រីអាជីវករ និងជាប្រជាពលរដ្ឋរស់នៅតំបន់នេះផ្ទាល់ នៅតែបន្តដាក់លក់ចំណីអាហាររបស់ខ្លួនធម្មតា ទោះបីជានៅតាមផ្លូវគ្មានមនុស្សឆ្លងកាត់ក៏ដោយ។
ស្ត្រីលក់ប្រហិតចៀន បាននិយាយទាំងដៃកំពុងលើកប្រហិតរៀបដាក់នៅលើថាសដូចរាល់ថ្ងៃនោះ បាននិយាយថា៖ «ត្រូវតែលក់ហើយអូន។ បើយើងមិនលក់ មានតែទុកអាហារទាំងនេះខូចចោលដដែល។ ចាំមើល ក្រែងយប់បន្តិចគេបើកផ្លូវវិញ »។
ការបិទផ្លូវនៅជុំវិញតុលាការកំពូលនេះ មិនត្រឹមតែប៉ះពាល់ដល់ម្ចាស់អាជីវករនោះទេ សូម្បីតែសិស្សតូចៗមួយចំនួន ក៏អាក់ខានមិនបានទៅរៀនដែរ។ បុរសម្នាក់ ដែលកំពុងតែហាលខោអាវរបស់កូននៅមុខផ្ទះ ក្បែរផ្សារផេនស៊ល បានរៀបរាប់ថា លោកមិនបានជូនកូនទៅរៀននោះទេថ្ងៃនេះ ដោយសារការពិបាកចេញចូលទៅមកផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងតំបន់ហាមឃាត់។
«ពីព្រឹកប្អូនខ្ញុំចេញទៅក្រៅ ហើយប៉ូលិសមិនបានអនុញ្ញាតឲ្យគាត់ចូលមកវិញ ដោយសួររកអត្តសណ្ណាណបណ្ណផង សួរនាំច្រើនផង ដូច្នេះខ្ញុំសម្រេចចិត្តឲ្យកូនសម្រាកមួយថ្ងៃ។ ហើយម៉ាក់ ប៉ាខ្ញុំ ដែលលក់ភេសជ្ជៈនៅខាងមុខហ្នឹង ក៏ត្រូវផ្អាកមួយថ្ងៃដែរ»។ នេះជាការបញ្ជាក់របស់ពលរដ្ឋដែលរស់នៅក្បែរតុលាការកំពូលនោះ។
តាមការសង្កេតមើលការបិទផ្លូវនេះ មានការតឹងតែងណាស់ សូម្បីតែភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរដោយឡានក្រុង មកកាន់ព្រះបរមរាជវាំង ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលដែរ។ មិនតែប៉ុណ្ណោះនៅមាត់ទន្លេ មុខព្រះរាជវាំង ដែលធ្លាប់តែមានពលរដ្ឋ និងអ្នកទេសចរមកឲ្យចំណីព្រាប ក៏មិនអាចចូលមកបានដែរ។ ហេតុនេះហើយ សូម្បីតែសត្វព្រាបនៅថ្ងៃនេះ ក៏ត្រូវដាច់ចំណី ព្រោះតែគ្មានអ្នកលក់ និងទិញចំណីឲ្យឡើយ។ ឯព្រះអង្គដងកើ ដែលតែងតែមានមនុស្សចូលអុជធូប បន់ស្រន់ ឬលាបំណន់នោះ ក៏ត្រូវចាក់សោទ្វារជិតដែរ៕
Tag:
បិទផ្លូវ
រំលាយ CNRP
គណបក្សសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com