អន្តរជាតិ
យោធា​ស៊ីម​បា​វ៉េ​លូកដៃ​ក្នុង​នយោបាយ ព្រោះ​មូ​ហ្កា​បេ​ចង់​ផ្ទេរតំណែង​ឲ្យ​ប្រពន្ធ​?
17, Nov 2017 , 9:39 pm        
រូបភាព
លោក រ៉ូបឺត មូហ្កាបេ និងភរិយាក្នុងថ្ងៃខួបកំណើត៩៣ឆ្នាំរបស់លោក មូហ្កាបេ (រូបភាព៖ Xinhua)
លោក រ៉ូបឺត មូហ្កាបេ និងភរិយាក្នុងថ្ងៃខួបកំណើត៩៣ឆ្នាំរបស់លោក មូហ្កាបេ (រូបភាព៖ Xinhua)
​ក្រុម​យោធា​ស៊ីម​បា​វ៉េ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ការត្រួតត្រា​អំណាច​នៅក្នុង​ប្រទេស​នៅ​ដើម​សប្ដាហ៍​នេះ តែ​បដិសេធថា ការពង្រាយ​កងទ័ព​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ​មិនមែនជា​រដ្ឋប្រហារ​ឡើយ​។ យោធា​ស៊ីម​បា​វ៉េ​ហៅ​សកម្មភាព​របស់ខ្លួន​ជា​ប្រតិបត្តិ​ការស្វែងរក​ឧក្រិដ្ឋជន​នៅ​ជុំវិញ​ប្រធានាធិបតី​ចាស់វស្សា រ៉ូបឺត មូ​ហ្គា​បេ ។ ហេតុអ្វី​បានជា​ក្រុម​យោធា​ចូល​លូកលាន់​ក្នុង​នយោបាយ​ពេលនេះ​? នរណា​ជា​តួអង្គ​សំខាន់​?



​យោធា​ស៊ីម​បា​វ៉េ​ដឹកនាំ​ដោយ​មេបញ្ជាការ​កងទ័ព Constantino Chiwenga បានដាក់​ប្រធានាធិបតី​វ័យ​៩៣​ឆ្នាំ រ៉ូបឺត មូ​ហ្កា​បេ ឲ្យ​ស្ថិតក្នុង​ក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ ខណៈ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ត្រូវបាន​ឃាត់ខ្លួន​ទុក​នៅ​បន្ទាយ​ទាហាន​។ នេះ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ក្នុង​នយោបាយ​រដ្ឋ​តំបន់​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​លោក មូ​ហ្កា​បេ ផ្ទាល់ តាំងពី​ការទទួលបាន​ឯករាជ្យ​ឆ្នាំ​១៩៨០ មក​។​

​មកទល់ពេលនេះ ស្ថានការណ៍​នយោបាយ​ស៊ីម​បា​វ៉េ​នៅ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដដែល ខណៈ​លោក មូ​ហ្កា​បេ បាន​ជួប​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ Chiwenga នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដើម្បី​ស្វែងរក​ច្រកចេញ​វិបត្តិ​ថ្មីស្រឡាង​មួយ​នេះ​។ ប៉ុន្តែ​ជំនួប​ទល់មុខ​លើកដំបូង​ក្រោយ​យោធា​ក្ដាប់​អំណាច មិនបាន​ផល​អ្វី​ទេ ដោយ​លោក មូ​ហ្កា​បេ ត្រូវបាន​រាយការណ៍​ថា នៅតែ​ក្រាញ​មិន​បោះបង់​តំណែង​ប្រធានាធិបតី​ឡើយ​។

​នយោបាយ​ស៊ីម​បា​វ៉េ​ដើរ​មកដល់​ចំណុច​នេះ ចាប់​ផ្ដើមចេញពី​ការបណ្ដេញ​លោក Emmerson Mnangagwa ចេញពី​តំណែង​អនុ​ប្រធានាធិបតី​កាលពី​សប្ដាហ៍​មុន​។ លោក Mnangagwa ត្រូវគេ​ចាត់ទុកជា​បេក្ខជន​ដែល​អាច​ស្នង​តំណែង​លោក មូ​ហ្កា​បេ ។ ការបញ្ចប់​តំណែង​លោក Mnangagwa អាច​ជាការ​វែកផ្លូវ​ឲ្យ​ភរិយា​លោក មូ​ហ្កា​បេ គឺ​លោកស្រី ហ្គ្រេ​ស មូ​ហ្កា​បេ (Grace Mugabe) ឡើងកាន់តំណែង​បន្ត​នៅ​ថ្ងៃ​អនាគត​។ 

​តួអង្គ​ក្នុង​ល្បែង​នយោបាយ​ស៊ីម​បា​វ៉េ​

​តាម​ការរៀបរាប់​ខាងលើ វិបត្តិ​នយោបាយ​ស៊ីម​បា​វ៉េ​មាន​តួអង្គ​សំខាន់​ដូចជា ប្រធានាធិបតី មូ​ហ្កា​បេ​, ស្ត្រី​ទីមួយ ហ្គ្រេ​ស​, មេបញ្ជាការ​កងទ័ព Chiwenga និង​អតីត​អនុ​ប្រធានាធិបតី Mnangagwa ។ សាច់រឿង​នៃ​វិបត្តិ​នេះ គឺ​បើ​លោក មូ​ហ្កា​បេ មិន​បញ្ឈប់​លោក Mnangagwa ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី ហ្គ្រេ​ស ទេ នោះ​លោក Chiwenga ក៏​មិន​គ្មាន​ផ្លូវ​លូកលាន់​កិច្ចការ​នយោបាយ និង​ចាប់បង្ខំ​ឲ្យ​លោក មូ​ហ្កា​បេ បោះបង់​គំនិត​ផ្ដល់​អំណាច​ឲ្យ​ប្រពន្ធ​របស់ខ្លួន​ដែរ​។ 

​មាន​សញ្ញា​ជាច្រើន​បង្ហាញថា ប្រធានាធិបតី​វ័យ​ចំណាស់​ស៊ីម​បា​វ៉េ​សម្រេចចិត្ត​ជ្រើសរើស​ភរិយា​ខ្លួន​ឲ្យ​បន្ត​តំណែង​កំពូល​។ ដោយសារ​សុខភាព​លោក មូ​ហ្កា​បេ កាន់តែ​ទ្រុឌទ្រោម លោកស្រី ហ្គ្រេ​ស ដែល ជា​ប្រធាន​ចលនា​ស្ត្រី​បក្ស​កាន់អំណាច Zanu-PF ក៏​កាន់តែ​ចេញមុខ​ខ្លាំង​ដែរ ហើយ​ជាមួយគ្នានេះ លោក Mnangagwa ក៏​កាន់តែ​លែង​ស្ថិតក្នុង​ក្រសែភ្នែក​មេ​កើយ​របស់ខ្លួន​ទៀត​ដែរ​។ មួយថ្ងៃ​មុន​លោក Mnangagwa អស់តំណែង លោកស្រី ហ្គ្រេ​ស បាន​ហៅ​លោក Mnangagwa ជា​សត្វ​ពស់​។​

​លោក Mnangagwa មានលទ្ធភាព​ខ្ពស់​ក្នុង​ការបន្ត​តំណែង​ពី​លោក មូ​ហ្កា​បេ ព្រោះ​លោក​ជាម​នុស្ស​ជំនិត​របស់លោក មូ​ហ្កា​បេ តាំង​ពីមុន​ដណ្ដើមបាន​ឯករាជ្យ​ទៅទៀត​។ អតីត​អនុ​ប្រធានាធិបតី​រូបនេះ​ធ្លាប់​កាន់តំណែង​ជាច្រើន និង​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​ផងដែរ​។ ប៉ុន្តែ​ដោយសារ​ជាប់​ឈ្មោះ​ជា​អ្នក​បង្ក្រាប​ឥត​ប្រណី​លើ​ក្រុម​បាត​ករ​សម័យ​ក្រោយ​ឯករាជ្យ សមាជិក​បក្ស Zanu-PF ជំនាន់​ក្រោយ​មិនសូវ​ចូលចិត្ត​លោក​ឡើយ តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​យោធា​។        

​ហេតុអ្វី​បានជា​ក្រុម​យោធា​ចូល​លូកលាន់​ក្នុង​នយោបាយ​ពេលនេះ​?


​ជាការ​ពិត ស្ថានភាព​នយោបាយ​ស៊ីម​បា​វ៉េ​ប្រែជា​ក្ដៅគគុក​បែបនេះ ដោយសារតែ​ការបញ្ចប់​តំណែង​លោក Mnangagwa តែម្ដង​។ ភ្លាមៗ​បន្ទាប់ពី​ការសម្រេចចិត្ត​របស់លោក មូ​ហ្កា​បេ ក្រុម​យោធា​មិនទាន់មាន​សកម្មភាព​អ្វី​ទេ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា លោក Chiwenga បាន​ព្រមាន​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក Mnangagwa តែ​មិនបាន​និយាយ​ចំឈ្មោះ​លោកស្រី ហ្គ្រេ​ស ឡើយ​។ មេទ័ព​រូបនេះ​ព្រលយ​ពាក្យ​ថា យោធា​នឹង​អន្តរាគមន៍ ។​

​ពីរ​ថ្ងៃក្រោយ​ការព្រមាន​នេះ រថក្រោះ​យោធា​ក៏​បង្ហាញ​វត្តមាន​ក្នុង​រដ្ឋធានី ហើយ​យោធា​ក៏​ចូល​កាន់កាប់​ស្ថានីយ៍ទូរទស្សន៍​រដ្ឋ​ដែរ​។ ឧ​ត្ត​ម​សេនីយ៍​យោធា Sibusiso Moyo បាន​អះអាងថា វត្តមាន​កម្លាំង​មិនមែន​ជាការ​ប្លន់​អំណាច​ទេ តែ​ប្រតិបត្តិ​ការស្វែងរក​ឧក្រិដ្ឋជន​នៅ​ជុំវិញ​ប្រធានាធិបតី​ទៅវិញ​។ ឧក្រិដ្ឋជន​នោះ ទំនងជា​សំដៅ​ដល់​លោកស្រី ហ្គ្រេ​ស តែម្ដង ព្រោះ​លោកស្រី​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង​ក្នុងប្រទេស​។

​តាមពិតទៅ ក្រុម​យោធា​ប្រឆាំង​បេក្ខភាព​លោកស្រី ហ្គ្រេ​ស ព្រោះ​លោកស្រី​ជា​មនុស្ស​ជំនាន់​ក្រោយ ដែល​គ្មាន​បទពិសោធន៍​ក្នុង​សង្គ្រាម​ដណ្ដើម​ឯករាជ្យ​។ ខុសពី​លោកស្រី ហ្គ្រេ​ស លោក Mnangagwa ជា​យុទ្ធជន​តស៊ូ​ប្រកៀក​ស្មា​ជាមួយ​លោក មូ​ហ្កា​បេ ដើម្បី​ឯករាជ្យ​ប្រទេស​ពី​អាណានិគម​អង់គ្លេស ដែល​យោធា​យល់ថា​សក្តិសម​សម្រាប់​ជំនួស​តំណែង​លោក មូ​ហ្កា​បេ ។ ក្នុងការ​ចរចា​នៅ​ថ្ងៃទី​១៦ ក្រុម​យោធា​ទំនងជា​បាន​បញ្ចុះបញ្ចូល​ឲ្យ​លោក មូ​ហ្កា​បេ លាលែង រួច​ផ្ទេរតំណែង​ឲ្យ​លោក Mnangagwa ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​បដិសេធ​ទៅហើយ​៕   
 

Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
  ហ្គ្រេ​ស មូ​ហ្កា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com