ជាតិ
ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​ជាង​២០០
17, Nov 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ជា​លើកដំបូង ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។ ពិព័រណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ និង​ក្រុមហ៊ុន​ជាង​២០០ ដែលមាន​ទាំង​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​។​



​បណ្តា​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​នៅ​កម្ពុជា រួមមាន​ក្រុមហ៊ុន​ទេសចរណ៍ អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ ហូ​ស​តែ​ល​-​ល​- សរុប​ជាង​២០០ ស្ថាប័ន និង​មាន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ពិព័រណ៍​នេះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​១៩ វិច្ឆិកា នៅ​សណ្ឋាគារ សុខា សៀមរាប​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា ថា ព្រឹត្តិការណ៍ Cambodia Travel Mart (CTM) ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​អ្នកចូលរួម​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ និង​អ្នកទិញ​អន្តរជាតិ​ប្រមាណ ២០០​ក្រុមហ៊ុន ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន​មាន​សក្កា​នុព​ល​មកពី​ជុំវិញ​ពិភពលោក និង​មាន​អ្នក លក់​ជាង ២០០​ក្រុមហ៊ុន ព្រមទាំង​អ្នក​សារ​ព័ត​មាន​ជាង​ជាតិ និង​អន្តរជាតិ​ផង​។​



​ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី នៃ​ក្រសួងទេសចរណ៍ និង​វប្បធម៌​ម៉ាឡេស៊ី លោកស្រី សៅ រដ្ឋា បានឱ្យដឹងថា ព្រឹត្តិការណ៍ CTM បានផ្តល់​ឱកាស​ឱ្យ ស្ថាប័ន​លោកស្រី ជួប​អ្នកទិញ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។ លោកស្រី​បន្ថែមថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី នឹង​មានការ​ណាត់ជួប ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន រួម​និង​ការផ្តល់​ព័ត៌មាន​នូ​វក​ញ្ច​ប់ទេស​ចរណ៍​ថ្មី​នៅក្នុង ប្រទេស​ម៉ាឡេស៊ី​។​

​ប្រតិបត្តិ​ករ​ទេសចរណ៍​នៃ​ទីភ្នាក់ងារ​ទេសចរណ៍ ភី ធី អ៊ឹម លោក ខៀវ បញ្ញា​រិ​ទ្ធិ បានឱ្យដឹង​ដែរ​ថា ព្រឹត្តិការណ៍ CTM ជា​ឱកាស​មួយ​ដ៏​ល្អ សម្រាប់​ការ​ណាត់ជួប និង​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ផ្សេងៗ ដល់​អតិថិជន​។ ក្រៅពីនេះ ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ទៅ​ក្រៅប្រទេស​ផងដែរ​។ ភី ធី អ៊ឹម មាន​អាយុប្រមាណ​២៧​ឆ្នាំ​មកហើយ ហើយ​ទីភ្នាក់ងារ​នេះ ផ្តោត​សំខាន់​លើ​ការលក់​សំបុត្រ​យន្តហោះ និង​មាន​រៀបចំ​កញ្ចប់​ទេសចរណ៍ ដោយ​ផ្តោត​សំខាន់​ទៅ​ក្រៅប្រទេស​។​



​លោក សុខ រ៉ា​យ៉ាន នាយក​ផ្នែក​លក់ និង​ទីផ្សារ នៃ​សណ្ឋាគារ តារា អង្គរ ក៏មាន​សុទិដ្ឋិនិយម ចំពោះ​ព្រឹត្តិការណ៍ CTM នេះដែរ​។ លោក រ៉ា​យ៉ាន ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​អស្ចារ្យ​សម្រាប់ ក្រុមហ៊ុន​ទេសចរណ៍ ក៏ដូចជា​សណ្ឋាគារ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ CTM ជា​សកម្មភាព​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​អាស៊ាន សម្រាប់​ឆ្នាំ​ទស្សនា ២០១៨ ហើយ​ព្រឹត្តិការណ៍​នេះ ក៏​ជួយ​បង្កើន​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ពិសេស​ប្រាសាទអង្គរវត្ត ដែល​ឆ្នាំ​២០១៧​នេះ បានទទួល​រង្វាន់​ពី​ក្រុមប្រឹក្សា​នៃ​ការធ្វើដំណើរ TripAdvisor៕


























© រក្សាសិទ្ធិដោយ thmeythmey.com