ជាតិ
សាលាឧទ្ធរណ៍ ឲ្យលោក គឹម សុខ ជាប់ឃុំដដែល លោក គឹម សុខ ពេលត្រូវបានបញ្ជនទៅតុលាការកាលពីថ្ងៃទី១០ ខែសីហា។ រូបថត AFP
× ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលរងបណ្តឹងពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះដដែល។ សាលាឧទ្ធរណ៍ បានចេញសាលដីកាសម្រេចយ៉ាងដូច្នេះ បន្ទាប់ពីបើកសវនាការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ។
សាលាឧទ្ធរណ៍ យល់ថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យលោក គឹម សុខ ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ គឺត្រឹមត្រូវតាមច្បាប់។ នេះជាការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍។ លោក ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖«លោក គឹម សុខ ពិត ជាបានប្រព្រឹត្តបទល្មើសមែន ទើបសាលាឧទ្ធរណ៍ តម្កល់សាលក្រមរបស់សាលាដំបូង ទុកជាបានការ»។
ប៉ុន្តែ លោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ អះអាងថា លោក មិនអាចទទួលយកបានទេ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ហើយនឹងដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល ដើម្បីបន្តតវ៉ា នៅក្នុងសំណុំរឿងនេះ។ លោកមេធាវី បញ្ជាក់បែបនេះថា៖«ខ្ញុំយល់ថា សាលាឧទ្ធរណ៍ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីរបស់ខ្ញុំទេ»។
រហូតមកដល់ពេលនេះ លោក គឹម សុខ បានជាប់ពន្ធនាគាររយៈពេលជាង១0ខែហើយ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្តឹងដោយមេធាវីរបស់សម្តេច ហ៊ុន សែន។ បើតាមលោក គី តិច ដែលជាមេធាវីរបស់សម្តេច ហ៊ុន សែន ការប្តឹងនេះ គឺដោយសារតែលោក គឹម សុខ បានចោទថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី៕
© រក្សាសិទ្ធិដោយ thmeythmey.com