អន្តរជាតិ
អ្នកការទូតកូរ៉េខាងជើង ប្រាប់ហេតុផលបី ដែលកូរ៉េខាងជើង ត្រូវតែឈ្នះសង្គ្រាមលើអាមេរិក លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំរាជធានីបាងកក Mun Song-mo
× មិនខុសពីប្រមុខកំពូលរបស់ខ្លួនឡើយ បេសកជនពិសេសកូរ៉េខាងជើងប្រចាំក្រុងបាងកក បានអះអាងថា កូរ៉េខាងជើង មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈ្នះរាល់សង្គ្រាមជាមួយនឹងអាមេរិក ។ ក៏ប៉ុន្តែ កូរ៉េខាងជើង ចង់បានសន្តិភាពក្នុងតំបន់ជាង ប្រសិនបើក្រុងវ៉ាស៊ីនតោន ព្រមបញ្ឈប់ការប៉ុនប៉ងកម្ទេចខ្លួននោះ ។
លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំរាជធានីបាងកក Mun Song-mo បានថ្លែងថា៖«យើង មិនចង់បង្កសង្គ្រាមឡើយ ។ យើង ចង់បានសន្តិភាព ។ ប៉ុន្តែ ប្រសិន យើងត្រូវបានគេវាយប្រហារ នោះយើង នឹងប្រយុទ្ធ ហើយយើង ត្រូវតែឈ្នះ» ។ នេះបើយោងតាមកិច្ចសម្ភាសន៍របស់អគ្គរដ្ឋទូតជាមួយនឹងសារព័ត៌មានថៃ ដែលចុះផ្សាយនៅថ្ងៃ២០ វិច្ឆិកា ។
លោកអគ្គរដ្ឋទូត ក៏បានប្រាប់ពីហេតុផល និងទំនុកចិត្តរបស់ខ្លួន ដែលកូរ៉េខាងជើងត្រូវតែឈ្នះចំពោះសង្គ្រាមដោយសម្អាងបីកត្តា ។ ទីមួយ កូរ៉េខាងជើង មានអ្នកដឹកនាំដ៏អស្ចារ្យ ដែលនោះគឺ លោកប្រធានាធិបតី គីម ជុងអ៊ុន ។ ទីពីរ ប្រជាជន និងកងទ័ពកូរ៉េខាងជើង តែងតែធ្វើការជិតស្និទ្ធជាមួយគ្នាក្រោមការបង្គាប់បញ្ជារបស់ប្រមុខកំពូល ។ និងទីបី និងជាចំណុចក្រោយនោះ គឺបច្ចុប្បន្ន កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរ ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ។
នៅពេលដែលអ្នកសារព័ត៌មាន The Nation សួរអំពីលទ្ធភាពនៃការចរចា លោកអគ្គរដ្ឋទូត បានតបវិញថា តើការចរចាអាចកើតឡើងយ៉ាងដូចម្តេច បើសូម្បីតែប្រធានាធិបតីអាមេរិក បានថ្លែងក្នុងវេទិកាអង្គការសហប្រជាជាតិហើយថា ខ្លួននឹងកម្ទេចកូរ៉េខាងជើងហើយនោះ ។
ជាមួយនឹងការបន្ទោសអង្គការសហប្រជាជាតិក្នុងការបណ្តែតបណ្តោយឲ្យអាមេរិកអនុវត្តវិធានខុសច្បាប់ប្រឆាំងកូរ៉េខាងជើង បេសកជនកូរ៉េខាងជើងរូបនេះ ក៏បានផ្ញើសារទៅកាន់ពិភពលោកដែលថា៖«កូរ៉េខាងជើង ចង់បានសន្តិភាព ។ កូរ៉េខាងជើង មិនបានចង់បានសង្គ្រាមដែលបំផ្លាញគ្រប់យ៉ាង និងសម្លាប់ប្រជាជនច្រើននាក់នោះទេ ។ ប៉ុន្តែប្រសិនបើសត្រូវវាយប្រហារយើង យើងគ្មានជម្រើសអ្វី ក្រៅពីប្រយុទ្ធការពារខ្លួនឡើយ។»៕
Tag:
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com