អន្តរជាតិ
អាជ្ញាធរចិនប្រាប់ ប្រជាជនថា បើចង់ឈប់ក្រ ត្រូវដករូបព្រះដាក់រូប លោក ស៊ី ជិនភីង
× អាជ្ញាធរតំបន់ភាគអាគ្នេយ៍ប្រទេសចិនបានណែនាំប្រជាជនខ្លួនឲ្យដករូបព្រះយេស៊ូគ្រឹស្ត ដោយជំនួសដោយរូបលោក ស៊ី ជិនភីង វិញ ស្របតាមគោលនយោបាយលុបបំបាត់ភាពក្រីក្ររបស់ខ្លួនផង។ វាហាក់ដូចជាយុទ្ធសាស្ត្រដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាជនពីការជឿលើព្រះឲ្យជឿជាក់លើបក្សវិញប៉ុណ្ណោះ។
ស្រុក Yugan ស្ថិតក្នុងខេត្ត Jiangxi ត្រូវបានគេចាត់ទុកជាតំបន់ដែលរុំព័ទ្ធដោយភាពក្រីក្រ ហើយសម្បូរដោយសហគមន៍ប្រជាជនគោរពសាសនាគ្រឹស្តផង។ ប្រជាជនជាង ១១ភាគរយក្នុងចំណោមប្រជាជនសរុប ១លាននាក់រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ខណៈដែលអ្នកកាន់សាសនាគ្រឹស្តមានរហូតដល់ជិត ១០ភាគរយ។ រដ្ឋាភិបាលតំបន់បានប្រឹងប្រែងទ្វេដងដើម្បីជំរុញការកាត់បន្ថយភាពក្រីក្រ ដោយពង្រឹងការអនុវត្តគោលនយោបាយលុបបំបាត់ភាពក្រក្រនេះ។
យោងតាមសារព័ត៌មាន South China Morning Post វាមានរឿងដែលគួរឲ្យចាប់អារម្មណ៍កើតឡើង ដោយអាជ្ញាធរបានណែរនាំឲ្យប្រជាជនខ្លួនដករូបព្រះយេស៊ូដែលពួកគេគោរពប្រណិប័តន៍ ដោយដាក់រូបលោក ស៊ី ជិនភីង ជំនួសវិញ។ វាដូចជារឿងដែលធ្លាប់កើតឡើងពេលដែលរូបលោក ម៉ៅ សេទុង ត្រូវបានគេដាក់តាំងនៅតាមផ្ទះប្រជាជនចិនដែរ។
អាជ្ញាធរអះអាងថា ប្រជាជននៅក្នុងទីក្រុង Yugan បានស្ម័គ្រចិត្តដករូបភាពព្រះចេញ ហើយដាក់រូបលោកស៊ី ជិនភីងជំនួសវិញ។ ប៉ុន្តែប្រជាជនបានអះអាងថា ប្រជាជនគ្មានជម្រើសក្រៅពីដករូបចេញឡើយ។ នេះក៏ដោយសារ បើមិនធ្វើតាម ពួកគេមិនទទួលបានជំនួយកាត់បន្ថយភាពក្រីក្រឡើយ។
លោក Liu ជាពលរដ្ឋស្ថិតក្នុងក្រុង Yugan បានអះអាងដូច្នេះ៖ «គ្រួសារជាច្រើនមានជំនឿលើព្រះ ហើយពួកគេមិនចង់យកចេញទេ។ ប៉ុន្តែវាគ្មានវិធីផ្សេឡើយ។ ប្រសិនជាពួកគេមិនព្រមធ្វើទេ ពួកគេនឹងមិនស្ថិតក្នុងបញ្ជីទទួលបានជំនួយលុបបំបាត់ភាពក្រីក្រឡើយ»។
តាមពិតទៅ ប្រជាជនដែលប្រណិប័តន៍សាសនាគ្រឹស្តនៅក្នុងប្រទេសចិនស្ទើរតែកើនឡើងលើសចំនួនសមាជិកបក្សកុម្មុយនីស្តដែលមាន ៩០លាននាក់ទូទាំងប្រទេសហើយ។ ដូច្នេះហើយ ការអនុវត្តគោលនយោបាយនេះជាយុទ្ធសាស្ត្រជំរុញឲ្យប្រជាជនងាកមកជឿជាក់លើបក្សវិញ។
ដោយឡែក ប្រធានបក្សក្រុង Huangjinbu លោក Qi Yan បានអះអាងថា វាគ្មានការបង្ខំឲ្យប្រជាជនបោះបង់សាសនាដើម្បីទទួលបានជំនួយឡើយ។ ប៉ុន្តែអ្វីដែលអាជ្ញាធរប្រឹងធ្វើគឺជួយណែនាំប្រជាជនឲ្យបានយល់ច្បាស់ពីបញ្ហាប្រឈម និងជួយពួកគេឲ្យរួចផុតពីភាពក្រីក្រ។
លោកពន្យល់ថា ប្រជាជននៅក្នុងតំបន់ហាក់បីដូចជាងប់ងល់ខ្លាំងនឹងជំនឿសាសនា ដោយមិនយល់ច្បាស់ពីបញ្ហាដែលកើតឡើង។ ពួកគេគិតថា គោរពសាសនា អាចជួយពួកគេឲ្យជាសះស្បើយពីជំងឺដង្កាត់នានា និងអាចជួយស្រោចស្រង់ជីវភាពគេបានផង។
«ប្រជាជនក្រីក្រជាច្រើនធ្លាក់ខ្លួនកាន់តែជ្រៅក្នុងភាពក្រក្រ ព្រោះតែក្រុមគ្រួសារពួកគេមានជំងឺដង្កាត់ច្រើន។ ខ្លះជឿជាក់ថា ព្រះយេស៊ូជួយព្យាបាលជំងឺពួកគេបាន។ ប៉ុន្តែយើងព្យាយាមប្រាប់ពួកគេថា ឆ្លងជំងឺគឺជារឿងសុខភាពរបស់មនុស្ស ហើយអ្នកដែលអាចជួយពួកគេបានមានត្រឹមតែបក្សកុម្មុយនីស្ត និងអគ្គលេខាធិការបក្សលោក ស៊ី ជិនភីង ប៉ុណ្ណោះ»។ លោក Qi Yan បានបញ្ជាក់ដូច្នេះ។
Tag:
ស៊ី ជិនភីង
Yugan
Jiangxi
យេស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com