ជាតិ
អ្នកកាសែតខ្មែរ៣រូប កំពុងចូលរួមកម្មវិធីអ្នកកាសែតអាស៊ាននៅសិង្ហបុរី
× សិង្ហបុរី៖ អ្នកកាសែតខ្មែរបីរូប មកពីសារព័ត៌មានអនឡាញថ្មីៗ វិទ្យុមិត្តភាពកម្ពុជាចិន និងទូរទស្សន៍ CNC កំពុងបំពេញទស្សនកិច្ចមួយសប្តាហ៍ ជាមួយអ្នកកាសែតនៃបណ្តាប្រទេសអាស៊ានផ្សេងទៀត នៅក្នុងប្រទេសសិង្ហបុរី។ នេះជាកម្មវិធីទស្សនកិច្ចអ្នកកាសែតអាស៊ានលើកទី៨ ដែលរៀបចំដោយក្រសួងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី។
គោលដៅនៃការរៀបចំកម្មវិធីនេះ គឺដើម្បីកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងអ្នកកាសែតនៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាពង្រឹងទំនាក់ទំនង រវាងសិង្ហបុរី និងអាស៊ាន ខណៈដែលសិង្ហបុរី ដល់វេនធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
ក្នុងរយៈពេល៧ថ្ងៃនៃទស្សនកិច្ចនេះ ប្រតិភូអ្នកកាសែតអាស៊ាន នឹងជួបសម្ភាសថ្នាក់ដឹកនាំសំខាន់ៗ របស់ប្រទេសសិង្ហបុរី ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសង្គម និងការអភិវឌ្ឍគ្រួសារ។ ទន្ទឹមគ្នានេះដែរ ក្រុមអ្នកកាសែត ក៏នឹងត្រូវនាំទៅសង្កេតមើល ជំនួបរវាងតំណាងរាស្ត្រ និងពលរដ្ឋសិង្ហបុរីផងដែរ៕
Tag:
សិង្ហបុរី
អាស៊ាន
AJVP
© រក្សាសិទ្ធិដោយ thmeythmey.com