ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​មី​យ៉ាន់​ម៉ា ចុះ​MOU​ដើម្បី​ជំរុញ​លំហូរ​ភ្ញៀវ​វ​ទេសចរ រវាង​ប្រទេស​ទាំង​២
20, Nov 2017 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​កម្ពុជា​-​មី​យ៉ាន់​ម៉ា កាលពី​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MOU) ស្ដីពី​សហប្រតិបត្តិការ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២០ សំដៅ​ជំរុញ​លំហូរ​ទេសចរ​ជាតិ និង​ទេសចរ​ប្រទេស​ទី​៣ ទៅ​តំបន់​អង្គរ​កម្ពុជា និង​ទីក្រុង​បា​ហ្គា​ន​មី​យ៉ាន​ម៉ា​។  MOU  ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក U Onh Maung រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​



​អនុស្សារណៈ រវាង​ក្រសួងទេសចរណ៍​កម្ពុជា​-​មី​យ៉ាន់​ម៉ា នាពេលនេះ គឺ​ផ្ដោត​សំខាន់​លើ​ផែនការ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ​រវាង​ប្រទេស​ទាំង​២ និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក និង​ទេសចរ​ប្រទេស​ទី​៣​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្តី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក ទិ​ត ចន្ថា នា​ពិធី​ចុះ​MoU​។ តាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ MoU​នេះ ក៏​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ «​អង្គរ​-​បា​ហ្គា​ន រាជធានី​បុរាណ​ពីរ​គោលដៅ ទេសចរណ៍​តែមួយ​»​ដែរ​។



​ក្រសួងទេសចរណ៍​ប្រទេស​ទាំង​២ នឹង​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​បន្ថែមទៀត ពី​ទីក្រុង​បា​ហ្គា​ន ទៅមក​ខេត្តសៀមរាប ខណៈ​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ត្រង់​ពី​ភ្នំ​ព​ញ​ទៅ រដ្ឋ​រង់​ហ្គូ​ន​ស្រាប់​។ នេះ​បើតាម​ក្រសួងទេសចរណ៍ ដែល​បញ្ជាក់ទៀតថា  ភាគី​ទាំង​២ នឹង​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ ការអប់រំ​បណ្ដុះបណ្ដាល​ជំនាញ ការផ្លាស់ប្តូរ​ទស្សនកិច្ច ផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធ​ពីគ្នា​ទៅវិញទៅមក ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​ផង​៕


Tag:
 កម្ពុជា​-​មី​យ៉ាន់​ម៉ា​
  MOU
 ​ ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com