ជាតិ
រថយន្ត
គ្មាន​ទៀតឡើយ សេវាកម្ម​ជួល​ម៉ូតូ ឬ​រថយន្ត​ឲ្យ​ភ្ញៀវ​បរទេស​បើក​នៅ​សៀមរាប​
20, Nov 2017 , 7:39 pm        
រូបភាព
ជន​បរទេសមិនមានសិទ្ធិ​ជួលម៉ូតូ ឬរថយន្តបើកខ្លួនឯងសម្រាប់ដំណើរកម្សាន្តនៅសៀមរាបឡើយ។ រូបថត AFP
ជន​បរទេសមិនមានសិទ្ធិ​ជួលម៉ូតូ ឬរថយន្តបើកខ្លួនឯងសម្រាប់ដំណើរកម្សាន្តនៅសៀមរាបឡើយ។ រូបថត AFP
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប តាមរយៈ​សេចក្តីណែនាំ​របស់ខ្លួន​ក​ន្ល​ង​ទៅ​ថ្មីៗ​នេះ បាន​ប្រាប់​ដល់​ម្ចាស់​អាជីវកម្ម ដែលមាន​សេវា​កម្មជួល​ម៉ូតូ រថយន្ត​គ្រប់​ប្រភេទ ឱ្យ​បញ្ឈប់​ជួល​ដល់​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​។ ម្ចាស់​អាជីវក​ម្មណា ដែល​ល្មើ​សនឹង​សេចក្តីណែនាំ​នេះ នឹងត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ​។​



​ការចេញ​បំរាម​នេះ ដោយសារ​កន្លងមក មាន​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខ្លះ​មាន​ស្លាប់ និង​របួស ដោយសារ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដូចជា​បើកបរ​ហួស​ល្បឿន​កំណត់ ស្ថិតក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង ប្រើប្រាស់​ថ្នាំញៀន​។​ល​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លិខិត​ដដែល រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​ដល់​ម្ចាស់​អាជីវ​កម្មជួល ការឱ្យ​ខ្ចី ឬ​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ ដល់​ជនបរទេស  បញ្ឈប់​ផ្តល់​សេវាកម្ម​ដល់​ជនបរទេស ដែល​បើកបរ​ដោយ​ខ្លួនឯង លើកលែងតែ​កង់ និង​កង់​អគ្គិសនី​។ ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែល​មិន​គោរព​សេចក្តីណែនាំ​នេះ នឹងត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឬ​អាច​ផ្អាក​ទីតាំង​អាជីវកម្ម​បណ្តោះអាសន្ន ឬ​បិទ​ជា​ស្ថាពរ​។ ចំណែក​យានយន្ត​ដែល​ឱ្យ​ខ្ចី ឫ​ជួល ត្រូវមាន​បំពាក់ ស្លាក​លេខ​សម្គាល់​យានយន្ត​ឱ្យបាន ត្រឹមត្រូវ​។

​រដ្ឋបាល​ខេត្តសៀមរាប ក៏​ឆ្លៀត​លើកឡើង​ពី​បញ្ហា​ជនបរទេស ដែល​កំពុងធ្វើការ​នៅ​សៀមរាប​ផងដែរ​។ ភ្ញៀវ​ទេសរ ឬ​ជនបរទេស ដែល​កំពុង​បំពេញការងារ​ក្នុង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ប្រើប្រាស់​យានយន្ត​មាន​ទំហំ​ស៊ីឡាំង​ក្រោម ១២៥ សង់ទីម៉ែត្រ​គូប ឬ​មាន ថាមពល​អគ្គិសនី​លើសពី​១១ គីឡូវ៉ាត់ មិន​តម្រូវឱ្យមាន​បណ្ណ​បើកបរ​ឡើយ បើ​លើសពីនេះ ទំហំ​កំណត់​នេះ តម្រូវឱ្យមាន​បណ្ណ​បើកបរ តាមច្បាប់ និង​ទៅតាម​ប្រភេទ​យានយន្ត​ជា​កំហិត​៕


Tag:
 ​ជួល​ម៉ូតូ​-​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com