ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ា​នី​រ៉ុង សុំលាលែង​ពី គ​.​ជ​.​ប​
20, Nov 2017 , 5:49 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង
ពីឆ្វេងទៅស្តាំ៖ លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង
ដោយ: ថ្មីៗ
​តាមរយៈ​លិខិត​រួមគ្នា​មួយ​ផ្ញើ​ទៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​៣​នាក់ រួមមាន​លោក គួ​យ ប៊ុន​រឿន ជា​អនុប្រធាន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ា​នី​រ៉ុង បានដាក់​ពាក្យសុំ​លាលែង​ពី​ស្ថាប័ន​មួយ​នេះ​។ មន្ត្រី​ទាំងបី​រូប​ដែល​សុទ្ធតែ​ត្រូវ​បានស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។



អត្ថបទទាក់ទង

លោក រ៉ុន ឈុន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅល្ងាចថ្ងៃទី២0 ខែវិច្ឆិកានេះថា លិខិតលាលែងខាងលើគឺជាការពិត ហើយក៏ត្រូវបានបញ្ជូនកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភារួចហើយដែរ។ លោក លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​មូលហេតុ ដែល​ខ្ញុំ លាលែង គឺ​ដូច​អ្វីដែល​ខ្ញុំ ធ្លាប់​បញ្ជាក់​ពីមុន​អ៊ីចឹង​។ ទីមួយ ដោយសារ​មិនអាច​ការពារ​រ​ឆន្ទៈ​ប្រជាពលរដ្ឋ​បាន ទី​ពីរ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ហើយ​ទី​បី ខ្ញុំ មិនអាច​នៅក្នុង​គ​.​ជ​.​ប ហើយ​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ បាន​បោះឆ្នោត​ឲ្យ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ ដែល​ប្រជាពលរដ្ឋ មិនបាន​បោះឆ្នោត ឲ្យនោះ​ទេ​។ ខ្ញុំ មិនអាច​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​បានទេ​»​។

ការយកអាសនៈនៃគណបក្សដែលជាប់ឆ្នោត ទៅចែកឲ្យគណបក្សផ្សេងៗ ដែលមិនជាប់ឆ្នោត ត្រូវបានមតិជាតិនិងអន្តរជាតិ រិះគន់ថា ជាការំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ជាពិសេស រំលោភឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សមួយ ដែលខ្លួនបានសម្រេចចិត្តរួចហើយ។ នេះជាខ្លឹមសារក្នុងលិខិត ដែលលោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ា​នី​រ៉ុង បានសរសេរទៅកាន់សម្តេច ហេង សំរិន។
 
អ្នកទាំងបី បានប្រាប់សម្តេច​ ហេង សំរិន ក្នុងលិខិតនោះយ៉ាងដូច្នេះថា៖«ដោយមូលហេតុ ដូចបានជម្រាបជូនខាងលើនេះហើយ ទើបបានជាយើងខ្ញុំ ជាអនុប្រធាន សមាជិក សមាជិកា ក្នុងនាមជាអាជ្ញាកណ្តាលរៀបចំការបោះឆ្នោត មិនអាចនៅបន្តធ្វើកិច្ចការ នៅក្នុងស្ថាប័នរៀបចំការបោះឆ្នោតនេះ តទៅទៀតបានឡើយ ពីព្រោះវា ក្បត់ឧត្តមគតិ មនសិការ របស់យើងខ្ញុំ និងក្បត់ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ»៕


Tag:
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com