ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ រៀបចំ​ប្រកួត​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី ដើម្បី​បន្ថយ​ការ​លួច​ស្នាដៃ​បរទេស និង​លើក​តម្លៃ​វប្បធម៌​ខ្មែរ
18, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី ដែលមាន​លក្ខណៈ​ជា​ខ្មែរ ដើម្បី​រួមចំណែក​លើកស្ទួយ​វប្បធម៌ និង​ការ​តែង​និពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង និង​ជាពិសេស ដើម្បី​កាត់បន្ថយ​ការចម្លង​ស្នាដៃ​បរទេស​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត ស្នាដៃ​ដែល​ទទួល​ជ័យលាភី នឹងត្រូវ​ឡើង​ទទួល​រង្វាន់​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២០ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។



​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  កំពុង​រៀបចំ​ការប្រកួត​ប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វប្បធម៌ និង​លើកកម្ពស់​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង ជា​លក្ខណៈ​ខ្មែរ ដែល​មិន​ចម្លង​ពី​បរទេស​។ នេះ​ជា​ឱកាសល្អ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន ដែលមាន​ទេពកោសល្យ​លើ​ការ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​នេះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​នេះ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា ការប្រឡង​នេះ​ធ្វើឡើង​ក្នុង​បំណង​លើកស្ទួយ​វប្បធម៌ និង​លើកកម្ពស់​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​ជាល​ខ្ខណៈ​ខ្មែរ ដែល​មិន​ចម្លង​ពី​បរទេស​។ ការប្រកួតប្រជែង​នេះ ក៏​ដើម្បី​អបអរ ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២០ ផងដែរ​។ លោក ចំរើន វ៉ាន់​ថា បានបញ្ជាក់​បន្ថែម​ដូច្នេះ​៖ «​វិស័យ​តែង​និពន្ធ​បទ​ចម្រៀង​នេះ មាន​ឥទ្ធិពល​ខ្លាំងណាស់ វា​បាន​បង្កប់​តួនាទី​យ៉ាងជ្រៅ​ក្នុងសង្គម  វា​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​ដែរ​។ ក្នុង​បរិបទ​នេះ អ្នកនិពន្ធ​មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​បញ្ជ្រាប​ពី​គុណធម៌ សីលធម៌ និង​ការបណ្ដុះ​ស្មារតី​ថែរក្សា​វប្បធម៌ ប្រពៃណី ព្រៃព្រឹក្សា​របស់​ខ្មែរ​»​។

​បើតាម លោក ចំរើន វ៉ាន់​ថា បទ​ភ្លេង និង​ទំនុកច្រៀង​របស់​បេក្ខជន ដែល​ទទួលបាន​ចំណាត់ថ្នាក់ ក្រសួង​នឹង​យកមក​ផលិត​ជា CD និង VCD ដោយ​រក្សា​សិទ្ធិ​សីលធម៌​ជូន​បេក្ខជន ប៉ុន្តែ​សិទ្ធិ​បេតិកភណ្ឌ​ជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួង​វប្បធម៌​។ ស្នាដៃ​ដែល​ទទួល​ជ័យលាភី នឹងត្រូវ​ឡើង​ទទួល​រង្វាន់ នៅ​ថ្ងៃទី ៣​មីនា ឆ្នាំ​២០១៨ ដែលជា​ទិវា​វប្បធម៌​ជាតិ លើក​ទី​២០ ក្រោម​អធិបតី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។



​កម្មវិធី​នេះ ចាប់ផ្ដើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី ១​ខែធ្នូ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ។ បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រកួត ត្រូវបំពេញ​ពាក្យសុំ​ចូលរួម​ប្រកួត​ជាមុនសិន ដែល​ពាក្យសុំ​នេះ​អាច​ទាញយក​បាន​ពី​តំណ​ភ្ជាប់​នេះ KhmerCultureMinistry  រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី​ពិនិត្យឃើញថា បេក្ខជន បាន​បំពេញបែបបទ​ត្រឹមត្រូវ​ហើយ​នោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ឆ្លើយតប​ទៅកាន់​បេក្ខជន​វិញ តាម​អ៊ី​ម៉ែ​ល ឬ​ប្រអប់​សារ​ដែល​បេក្ខជន​ផ្ញើមក​។

​បេក្ខជន​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បី ទទួលបាន​គោលការណ៍​ណែ​នា​លម្អិត ពី​លក្ខខណ្ឌ និង​នីតិវិធី​ក្នុងការ​ប្រកួត​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បេក្ខជន​អាច​និពន្ធ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម  ដោយ​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ចំនួន​២​បទ  ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មាន​លក្ខណៈ​ជាតិ ហើយ​បេក្ខជន អាច​ជ្រើសរើស​ចង្វា​ក់ដោយ​សេរី លើកលែងតែ​ចង្វាក់​រ៉េ​ប​។

​ចំពោះ​ខ្លឹមសារ​នៃ​ទំនុកច្រៀង ត្រូវ​បម្រើការ​អប់រំ​ស្មារតី​កូន​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ចេះ​អភិរក្ស​សម្បត្តិ​វប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និង​ភាពល្អប្រសើរ នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​បង្កប់​នូវ​រូប​បារ​ម្មណ៍​ល្អ មាន​ភាព​ទាក់ទាញ មាន​ពាក្យពេចន៍​រំលេច រណ្តំ​ចិត្ត និង​ខ្លឹមសារ​ប្រកបដោយ​គុណធម៌ សច្ចភាព និង​ការអប់រំ​បម្រើ​សង្គម​។

​បេក្ខជន ត្រូវ​ថត​ទំនុកភ្លេង​(​អ័គ​កា​ដង់​) និង​ទំនុកច្រៀង រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected]  ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/

​ក្នុងករណី​បេក្ខជន ពុំមាន​លទ្ធភាព​ប្រើប្រាស់​តាម​ប្រពន្ធ​បច្ចេកវិទ្យា សូម​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រប់​រាជធានី​/​ខេត្ត​។​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ៕



© រក្សាសិទ្ធិដោយ thmeythmey.com