ជាតិ
​​​ន​យោ​បាយ​ជាតិ​
បារាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល បើកផ្លូវ​ឲ្យ​គណបក្សប្រឆាំង​ដំណើការ​វិញ តែ​រដ្ឋាភិបាល​ថា អនុវត្ត​តាមច្បាប់​
10, Dec 2017 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ បារាំង​ស្នើ​ឲ្យ​រដ្ឋាភិបាលផ្ដល់ឱកាស​ឲ្យ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល មាន​ដំណើការ​ឡើ ង​វិញ​។ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថា បញ្ហា​របស់​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល គឺជា​ការ​អនុវត្តតាម​ច្បាប់​ប៉ុណ្ណោះ​។​


​ឯកអគ្គរដ្ឋទូត​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ការចងចាំ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ដែល​បានមក​ទស្សនៈកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​កន្លងមកនេះ បានកត់សម្គាល់​ពី​បញ្ហានយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ស្នើ​ឲ្យ​កម្ពុជា ដោះស្រាយ​ភាព​តាន​នយោបាយ និង​សម្រួល​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មានឱកាស​បំពេញការងារ​ឲ្យ​ពេញលេញ​ដូចដើម​វិញ​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកយក​ពាក្យ​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ដូច្នេះ​ថា​៖«​ការអំពាវនាវ​របស់​បារាំង​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិល​ត្រឡប់មក​ចូលរួម​នូវ​ដំណើការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើការ​ដោយ​គ្មាន​ការរារាំង​»​។​
 
​ឯកអគ្គរដ្ឋទូត​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូបនេះ ក៏​សង្ឃឹមថា កម្ពុជា​នឹង​ផ្ដល់​ការវិវឌ្ឍ​ជា​វិជ្ជមាន​ផ្សេងៗ​ទៀត​នៅពេល​ខាងមុខ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​ស៊ីវិល​។​
 
​សហគមន៍ សហជីព និង​អង្គការ​សង្គម​ស៊ីវិល ១០៣​ស្ថាប័ន បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដែលមាន​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​។ ក្តី​ព្រួយបារម្ភ​របស់​ស្ថាប័ន​ទាំងនេះ បាន​រំឭក​ពី​ការព្រមាន​បិទ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការឃាត់ខ្លួន​អ្នកកាសែត និង​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ​។ ស្ថាប័ន​ទាំង​១០៣​នេះ បានស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ។​
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា​បញ្ហា​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល គឺជា​ការអនុវត្ត​ស្របតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ បើតាម​លោក ផៃ ស៊ី​ផាន បើ​គណបក្សនយោបាយ ឬ​សង្គម​ស៊ីវិល​ណា អនុវត្ត​ផ្ទុយ​ពី​ច្បាប់​នោះ នឹងត្រូវ​ទទួលទោស តាម​គោលការណ៍​ពង្រឹង​នីតិរដ្ឋ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការរំលាយ​គណបក្សប្រឆាំង ការដក​សិទ្ធិ​អ្នកនយោបាយ​១១៨​នាក់ គឺជា​ការអនុវត្ត​ច្បាប់​របស់​តុលាការ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចំពោះ​សង្គម​ស៊ីវិល ដែល​អនុវត្ត​មិនត្រូវ​តាមច្បាប់​អង្គការ សមាគម​នោះ ក៏ត្រូវ​ទទួលទោស​ដែរ ព្រោះ​មាន​សង្គម​ស៊ីវិល​ខ្លះ មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល មិនដែល​និយាយ​ពី​ចំណុច​ល្អ​រដ្ឋាភិបាល ហើយ​បែ​ជា​កៀងគរ មនុស្ស​ប្រឆាំង​ការបោះឆ្នោត ប្រឆាំង​រដ្ឋាភិបាល​ទៅវិញ​។ ដូច្នេះ​មនុស្ស​មាន​សិទ្ធិសេរីភាព ប៉ុន្តែ​ត្រូវ​នៅក្រោម​ច្បាប់ ហើយ​ដើម្បី​ពង្រឹង​នីតិរដ្ឋ គឺ​ត្រូវអនុវត្ត​តាមច្បាប់​»​។​
 
​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​និយាយថា បើ​គ្មាន​គណបក្សប្រឆាំង​មួយ ក៏មាន​គណបក្ស​ដទៃទៀត​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ដែរ ។ សម្ដេច ហ៊ុន សែន ក៏​មិន​ព្រួយបារម្ភ​ពី​បរទេស​ណា ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ​។​
 
​បច្ចុប្បន្ន​រដ្ឋសភា​មាន​គណបក្ស​៤​បម្រើ​ការងារ​ជាមួយគ្នា បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បែងចែក​កៅអី​ទាំង​៥៥​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៤១​កៅអី គណបក្ស​សញ្ជាតិ​កម្ពុជា​២​កៅអី និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​១​កៅអី ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា កើនឡើង​៧៩​អាសនៈ​៕
 
 

Tag:
 បារាំង​
 ​ សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com