អន្តរជាតិ
អ្នកការទូត​ចិន​៖ ចិន​នឹង​ប្រើ​ទ័ព​វាយប្រហារ​តៃវ៉ាន់​ភ្លាម ឲ្យ​តែ​នាវាចម្បាំង​អាមេរិក​ហ៊ាន​ចូល​សំចត​នៅ​ទីនោះ​
12, Dec 2017 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
​បេសកជន​ការទូត​ចិន​ប្រចាំ​អាមេរិក​បាន​គំរាម​ពេញៗ​មាត់​ថា ចិន​នឹង​ឈ្លានពាន​តៃវ៉ាន់​ភ្លាម​ក្នុងករណី​ដែល​អាមេរិក​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​សំចត​នៅ​កោះ​ដែល​ខ្លួន​ចាត់ទុកជា​ខេត្ត​របស់ខ្លួន​នោះ​។



​មន្ត្រី​ទូត​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​សហរដ្ឋអាមេរិក​លោក Li Kexin បានលើកឡើង​ចំពោះមុខ​មន្ត្រី​អាមេរិក​ជាច្រើនរូប​ក្នុង​កម្មវិធី​មួយ​នៅ​ស្ថាន​អាមេរិក​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ថា ចិន​នឹងមាន​វិធានការ​ក្តៅ​ប្រឆាំង​តៃវ៉ាន់​ភ្លាមៗ បើសិន​ជាមាន​វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​តៃវ៉ាន់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik បេសកជន​ចិន​ខាងលើ​បានបញ្ជាក់​ច្បាស់​ថា កាលណា​បើ​មាន​វត្តមាន​នាវា​អាមេរិក វា​ជា​ការបំពានច្បាប់​ច្បាប់​ប្រឆាំង​ការផ្តាច់​ខ្លួន​របស់​តៃវ៉ាន់​ដែល​ខ្លូន​បង្កើត​មកហើយ​តែ​មិនទាន់បាន​ប្រើប្រាស់​នោះ​។​

​ការលើកឡើង​ពី​វត្តមាន​នាវា​អាមេរិក​នៅ​តៃវ៉ាន់​នេះ គឺ​លោក Li ចង់​សំដៅលើ​ការសម្រេច​របស់​សភា​អាមេរិក​ដែល​អនុញ្ញាត​ឲ្យ​មាន​ការចូល​សំចត​នៃ​នាវា​កងទ័ព​ទាំងសងខាង និង​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​អាមេរិក​និង​តៃវ៉ាន់​ទៅវិញទៅមក​ផងដែរ​។​

«​ការសម្រេច​ឲ្យ​មាន​ទស្សនកិច្ច​រវាង​កងទ័ព​អាមេរិក និង​តៃវ៉ាន់​រំលោភ​លើ​ស្មារតី​ក្នុងការ​បង្កើត​ចំណង​ការទូត​រវាង​អាមេរិក និង​ចិន​។ នៅពេល​ណាមួយ​ដែល​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ចូលដល់​ទឹកដី Kaohsiung វា​ជា​ពេលដែល​កងទ័ព​រំដោះប្រជាជន​ចិន​យើង​បង្រួបបង្រួម​តៃវ៉ាន់​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​ជាក់​ជាមិនខាន​»​។ នេះ​ជាការ​សម្តី​របស់​មន្ត្រី​ទូត​ចិន​ខាងលើ​។​

​មន្ត្រីការទូត​នេះ​ក៏​បញ្ជាក់​ជាថ្មី​ផងដែរ​ថា គោលនយោបាយ​សំខាន់​របស់​ចិន​គឺ​នៅតែ​កំណត់​យក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ឈានទៅ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​។ ប៉ុន្តែ​ចិន​ក៏​នៅ​រក្សា​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​កម្លាំង បើសិនជា​ចាំបាច់ និង​គ្មាន​ជម្រើស​ទេនោះ​។​

​សូម​រម្លឹក​បន្តិច​ថា ច្បាប់​ប្រឆាំង​ការផ្តាច់​ខ្លួន​របស់​តៃវ៉ាន់ ត្រូវបាន​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ នៅពេលដែល​ចិន​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ Chen Shui Bian ហើយ​ច្បាប់​នេះ​បាន​បដិសេធ​ការប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​របស់​តៃវ៉ាន់ និង​កំណត់​វិធានការ​ចាំបាច់​សម្រាប់​ក្រុង​ប៉េកាំង​ក្នុងការ​បង្រួម​បង្រួម​ទឹកដី​តាំងពីរ​។ អ្វីដែល​សំខាន់​ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង ក្នុងករណី​ដែល​ចិន​ជឿជាក់ថា​ការប្រើប្រាស់​វិធានការ​សន្តិវិធី​អស់​ប្រសិទ្ធភាព​ហើយ​នោះ​។​


Tag:
 ចិន​
 ​ តៃវ៉ាន់​
  Li Kexin
© រក្សាសិទ្ធិដោយ thmeythmey.com