ជាតិ
មន្ត្រី​កម្ពុជា​អាច​រង​ការ​កំហិត​ទិដ្ឋាការ​ទៅ​អឺរ៉ុប និង​បង្កក​ទ្រព្យសម្បត្តិ​
14, Dec 2017 , 4:57 pm        
រូបភាព
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការក្រៅប្រទេស និងគោលនយោបាយសន្តិសុខ លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី។ រូបថត AFP
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការក្រៅប្រទេស និងគោលនយោបាយសន្តិសុខ លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី។ រូបថត AFP
​ភ្នំពេញ​៖ ការ​រឹតបន្តឹង​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ជា​លក្ខណ​ឯកជន​របស់​មន្ត្រី​កម្ពុជា គឺជា​ការអំពាវនាវរ​បស់​ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​នៅក្នុង​សេចក្តីស្នើ​​មួយ​នៅ​ថ្ងៃទី​១៣ខែធ្នូ​នេះ​។ ការអំពាវនាវ​នេះ​មិនបាន​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ព្រួយបារម្ភ​នោះទេ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​នៃ​គណបក្សកាន់អំណាច​។



​បន្ទាប់ពី​ប្រតិភូ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពេលនេះ​ដល់​វេន​ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​វិញ​ម្តង​។ ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​នេះ​បាន​អំពាវនាវ​ដល់ សេវាកម្ម​កិច្ចការ​ក្រៅប្រទេស​នៃ​សហភាព​អឺរ៉ុប (European External Action Services) ឲ្យ​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការអំពាវនាវ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីស្នើមួយនាថ្ងៃទី​១៣​ខែធ្នូ​នេះ​។​

​សេចក្តីស្នើ​នោះ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​អំពាវនាវ​ដល់ EEAS និង​គណៈកម្មការ ឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ​នូវ​រាល់​បុគ្គល​ណា​ដែល​ទទួលខុសត្រូវ​ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង និង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដោយ​ពិនិត្យមើល​ទៅលើ​ការ​កំហិត​ផ្តល់​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​របស់​ពួកគេ​»​។

​នៅក្នុង​សេចក្តីស្នើដដែល​នេះ ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប ក៏បាន​គាំទ្រ​ប្រតិភូ​សហភាព​អឺរ៉ុប​ដែល​បាន​សម្រេចចិត្ត​ព្យួរ​ជំនួយ​ទៅដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែរ​។ ជាការ​បោះឆ្នោត​ដែល​សហភាព​អឺរ៉ុប​បាន​ជួយ​ក្នុងពេល​កន្លងមក​ដើម្បី​ធានា​អំពី​ការប្រកួត​ប្រ​ជែ​ដោយ​ប្រជាធិបតេយ្យ​ក្នុង​ក្របខណ្ឌ​សេរី​ពហុបក្ស​។ ដូច្នេះក្រុមសមាជិក​សភា​អឺរ៉ុប​បានស្នើ​ដល់​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​ក្រៅប្រទេស និង​គោលនយោបាយ​សន្តិសុខ លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី (Federica Mogherini) រួមទាំង​តំណាង​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប ឲ្យ​ស្វែងរក​មធ្យោបាយ​ណាក៏ដោយ​ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​។

​ក្រៅពី​លើកយក​រឿង​ទិដ្ឋាការ​និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ឯកជន​មក​ព្រមាន​អាជ្ញាធរ​កម្ពុជា ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី ពិនិត្យ​ជាបន្ទាន់​ការអនុវត្តរ​បស់​កម្ពុជា​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​គោលនយោបាយ Everything But Arms ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។ នៅក្នុង​លិខិតស្នើ​ដដែលនោះ ក្រុមសមាជិកសភា​អឺរ៉ុប​បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មាត្រា​១៩​នៃ​វិធាន​EBA គូសបញ្ជាក់ថា បើសិនជា​កម្ពុជា​រំលោភ​ទៅលើ​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​នៃ​វិធាន EBA នេះ ការទទួលបាន​ភាពអនុគ្រោះ ត្រូវ​លប់ចោល​ជា​បណ្តោះអាសន្ន​»​។​

​គួរ​បញ្ជាប់​ផងដែរ​ថា ក្រុមសមាជិកសភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​ដោយ​ឥត​លក្ខខណ្ឌ នូវ​ការចោទប្រកាន់​លើ​លោក កឹម សុខា  និង​មេដឹកនាំ​គណបក្សប្រឆាំង​នានា​ទៀត​។

​ជុំវិញ​ការព្រមាន​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​លើកឡើងថា អ្វីដែល​រដ្ឋាភិបាល បានធ្វើ​កន្លងមក គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​របស់​កម្ពុជា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នៅតែ​ប្តេជ្ញា​ឈរលើ​មូលដ្ឋាន​ច្បាប់​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា ដើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​ប្រាប់​ក្រុមអ្នកកាសែត​តាម​បណ្តាញ​ទំនាក់​ទំ​នង​តេ​ឡេ​ក្រាម (Telegram) យ៉ាង​ដូច្នេះ​ថា​៖«​ការចង់បាន និង​ចង់ឃើញ​ស​កម្ពុជា ត្រឡប់​ទៅរក​សភាព​ដើម និង​ចង់​ឲ្យ​បក្សប្រឆាំង​រស់​មកវិញ  គឺ​មិនអាច​ទៅរួច​ទេ​។ បើ​ចង់​យ៉ាង​ដូច្នេះ មានន័យថា លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​គ្មាន​ន័យ​ឡើយ​»​។

​ប្រសិនបើ ការព្រមាន​ខាងលើ ក្លាយជា​ការពិត​មែន​នោះ សហភាព​អឺរ៉ុប នឹង​ក្លាយជា​ភាគី​ទី​ពីរ បន្ទាប់ពី​សហរដ្ឋ​អារ​មេ​រិ​ក ដែល​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា ដោយ​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​៕


Tag:
 អឺរ៉ុប​
  រឹតបន្តឹង​ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com