ជាតិ
ក្រសួងបរិស្ថាន ណែនាំ​ឲ្យ​រៀបចំ «​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​» ដើម្បី​ពង្រឹង​ការអភិរក្ស​និង​ការពារ​ធនធានធម្មជាតិ
16, Dec 2017 , 10:59 pm        
រូបភាព
ដោយ:
​ក្រសួងបរិស្ថាន បានចេញ​ការណែនាំ​មួយ​ស្តីពី​ការ រៀបចំ​«​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​»​ដែលមាន​គោលដៅ​ពង្រឹង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​កម្ពុជា​។ តាម​ក្រសួង បរិស្ថាន សម្ព័ន្ធភាព​នេះ នឹង​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព រវាង​សហគមន៍​តំបន់ការពារធម្មជាតិ អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ អង្គការ​ដៃគូ និង​វិស័យ​ឯកជន​។​



​ក្រសួងបរិស្ថាន នឹង​សម្របសម្រួល​រៀបចំ​បង្កើត «​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​»  ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ថា្នក់​ក្រោម​ជាតិ ដែលជា​យន្តការ​រួមចំណែក ធ្វើ​ឲ្យ​ប្រសើរឡើង ក្នុងការ​ពង្រឹង​ការការពារ អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​កម្ពុជា​។ 

​សម្ព័ន្ធភាព​នេះ នឹង​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព រវាង​សហគមន៍​តំបន់ការពារធម្មជាតិ អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ អង្គការ​ដៃគូ និង​វិស័យ​ឯកជន តាមរយៈ​ការចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ចំណេះដឹង ដើម្បី​រួមគ្នា​ស្វែងរក​យន្តការ​ចាំបាច់ សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ នេះ​បើតាម​ក្រសួងបរិស្ថាន ដែល​បន្តថា ដើម្បី​សម្រេចបាន​ការរៀបចំ​ប​ង្កើ​ត​សម្ព័ន្ធភាព​នេះ ក្រសួងបរិស្ថាន បាន​ណែ​នាំទៅ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​ដែល​ស្ថិតក្រោម​ឱវាទ​របស់ខ្លួន ត្រូវ​រៀបចំ​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ឲ្យ​ស្របតាម​លិខិតបទដ្ឋាន​ច្បាប់​នៃ​កម្ពុជា​។​

​បើតាម​ក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ត្រូវ​រៀបចំ​បង្កើត សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ដោយ​ត្រូវ​ត្រូវ​ធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ អង្គការ​ដៃគូ វិស័យ​ឯកជន និង​សហគមន៍​តំបន់ការពារធម្មជាតិ​។​

​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ នេះ​ក៏ត្រូវ​រៀបចំឡើង​នៅ​កម្រិត​មូលដ្ឋាន (​ឧទ្យាន​ជាតិ ឬ​ដែនជម្រកសត្វព្រៃ​) កម្រិត​ខេត្ត និង​កម្រិត​ជាតិ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ផងដែរ​។

​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​សម្រួលការ​ជ្រើសរើស​អ្នកដឹកនាំ​សម្ព័ន្ធភាព​នេះ​។ ការជ្រើសរើស​ត្រូវធ្វើ​តាម​ការបោះឆ្នោត ជ្រើស​ចេញពី​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ ទៅតាម​លំដាប់លំដោយ ពី​កម្រិត​មូលដ្ឋាន កម្រិត​ខេត្ត និង​កម្រិត​ជាតិ​។ នេះ​បើតាម​សេចក្តីណែនាំ​ដដែល ដែល​បញ្ជាក់ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​លើកទឹកចិត្ត​អ្នកពាក់ព័ន្ធ និង​ស្របតាម​ច្បាប់​ស្តីពី​សហគមន និង​អង្គការ​មិនមែន​ក្រៅ​រដ្ឋាភិបាល ឲ្យ​ចូលរួម​ផ្តល់យោបល់​ក្នុង​ការរៀបចំ​លក្ខន្តិកៈ​នៃ​សម្ព័ន្ធភាព​សមាគមន៍​អភិរក្ស​ធនធានធម្មជាតិ​នេះ​។​

​ចំពោះ​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​មូលដ្ឋាន​ផ្សេងៗ​ទៀត​ដែល​ស្ម័គ្រចិត្ត ត្រូវ​ចូលរួម​ក្នុង​ដំណើរ​ការរៀបចំ និង​ការអនុវត្ត​សកម្មភាព នៃ​សម្ព័ន្ធភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com