អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើងលោក Jorn Andersen ដែលគេឲ្យរហស្សនាមថា «Mourinho of Pyongyang» បានលើកសរសើររដ្ឋកុម្មុយនិស្តមួយនេះថា ជាប្រទេសដែលគួរឲ្យចង់រស់នៅ និងមានភាពសុខសាន្តបំផុត មិនដូចពាក្យតិះទានពីខាងក្រៅនោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Jose Mourinho ដែលកំពុងដឹកនាំក្រុម Manchester United និងមានភាពល្បីល្បាញនាពេលបច្ចុប្បន្ន រស់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ខណៈ លោក Jorn Andersen អ្នកចាត់ការក្រុមជម្រើសជាតិកូរ៉េខាងជើងក៏មានកន្លែងរស់នៅដ៏ល្អមួយដូចគ្នាដែរក្នុងទីក្រុងព្យុងយ៉ាង។
ស្ថិតក្នុងទីក្រុងតូក្យូ ជាទីដែលលោកដឹកនាំក្រុមប្រកួតដណ្តើមពានរង្វាន់ជើងឯកអាស៊ី East Asian championship លោកបានបង្ហាញអារម្មណ៍ថា៖«នៅពេលខ្ញុំទទួលបានតំណែងនេះដំបូងខ្ញុំគិតថាវាជារឿងចម្លែកបន្តិច ប៉ុន្តែឥឡូវនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកទីនេះ ហើយវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំ»៕