អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ជប៉ុន​គ្រោង​បង្កើន​ថវិកា​យោធា ៤៦​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​
17, Dec 2017 , 1:39 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​តួ​ក្យូ​គ្រោង​នឹង​បង្កើន​ថវិកា​ការពារជាតិ​របស់ខ្លួន​ឲ្យ​ដល់ ៤៦ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ ២០១៨ ដើម្បី​ធ្វើយ៉ាងណា​ធានា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ក្នុងប្រទេស​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​ក្រុង​ព្យុងយ៉ាង​។​



​សារព័ត៌មាន​ជប៉ុន Nikkei បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ គ្រោង​នឹង​កំណត់​ថវិកា ៥,១៩ ទ្រី​លាន​យ៉េន​ដែល​ស្មើនឹង​ប្រមាណ ៤៦ ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ​ដែល​រាប់​ចាប់ពី​ខែមេសា​ឆ្នាំ ២០១៨​នោះ​។​

​បើតាម​គម្រោង​នេះ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ថវិកា​ការពារជាតិ​ជប៉ុន​ត្រូវបាន​បង្កើន​ឡើង​ជាប់ៗ​គ្នា​ប្រាំ​មួយឆ្នាំ​មកហើយ​។ ឆ្នាំ​មុននេះ​ថវិកា​យោធា​ជប៉ុន​មាន​ទំហំ​ត្រឹម​៥,១២ ទ្រី​លាន​យ៉េន​ប៉ុណ្ណោះ​។ ថវិកា​ដែល​ត្រូវ​បង្កើន​ឡើង​នេះ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​លើក​គម្រោង​កសាង​កម្លាំង​យោធា​ក្រុង​តូ​ក្យូ​ដែលមាន​សមត្ថភាព​ទប់​ទល់​នុយក្លេអ៊ែរ និង​ការអភិវឌ្ឍ​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​។​
​វា​នឹងត្រូវ​គ្របដណ្តប់​លើ​ការរៀបចំ​ដំឡើង​ប្រព័ន្ធ​ស្ទាក់ចាប់​មី​ស៊ី​ល​ដ៏​ទំនើប​របស់​អាមេរិក  Aegis Ashore ផងដែរ​។​

 កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Istunori Onodera បាន​លើកឡើងថា ជប៉ុន​មានបំណង​ទិញ​មី​ស៊ី​លពី​អាមេរិក មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​ហោះហើរ​បាន​ចម្ងាយ ៩០០​គីឡូម៉ែត្រ​។ ប៉ុន្តែ​បំណង​នេះ​ក្លាយជា​រឿងចម្រូងចម្រាស​ថ្មី​ដោយសារ​ជប៉ុន​នៅមាន​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដែល​ហាមប្រាម​កងទ័ព​ខ្លួន​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះ​អន្តរជាតិ​នោះ​។ ជប៉ុន​មាន​ត្រឹម​ប្រភេទ​អាវុធ​ប្រឆាំង​យន្តហោះ និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជាង ៣០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

​ប​ច្វុ​ប្បន្ន​នេះ​សហគមន៍​អន្តរជាតិ​បន្ត​ខ្វាយខ្វល់​ពី​ស្ថានការណ៍​ដែល​កំពុង​តានតឹង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ ស្ថានភាព​នេះ កាន់តែ​អាក្រក់​ដោយសារ​ជម្លោះ​ពាក្យសម្តី​គំរាម​វាយ​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក៏ដូចជា​សកម្មភាព​បង្ករឿង​ផ្សេងទៀត​ដូចជា​សមយុទ្ធ​យោធា​របស់​អាមេរិក និង​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផ​៕


Tag:
 ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com