ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់កម្ចី៥០លានដុល្លារ ដើម្បីពង្រីក និងកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីទំហំ៥០ លានដុល្លារ ដើម្បីជួយពង្រីក និងកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងទីរួមខេត្តចំនួន៤ របស់កម្ពុជា គឺខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តព្រះសីហនុ។ កម្ចី នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្តនេះ នឹងយកទៅសង់រោងចក្រសម្អាតទឹកចំនួន២ នៅ ខេត្តបាត់ដំបង និងនៅខេត្តកំពង់ចាម និងបណ្តាញចែកចាយថ្មីប្រវែង១៦១ គីឡូម៉ែត្រ។ សង់រោងចក្រសម្អាតទឹកស្អុយថ្មីមួយ នៅក្រុងបាត់ដំបង និងពង្រីករោងចក្រសម្អាតទឹកស្អុយ ក្នុងក្រុងព្រះសីហនុ ព្រមទាំងសង់បណ្តាញលូថ្មីប្រវែង៣៧គីឡូម៉ែត្រ។ សាងសង់ប្រព័ន្ធគ្រប់គ្រងកាកសំណល់ថ្មីមួយ នៅក្នុងខេត្តកំពង់ចាម និងសង់បណ្តាញលូថ្មីប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងខេត្តសៀមរាប។
ក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីទឹកប្រាក់ ៥០ លានដុល្លារ ដើម្បីជួយពង្រីក និងកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅទីរួមខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានរបស់ADB ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ បានបញ្ជាក់ថា ADB ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់១០ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់យន្តការផ្តល់ឥណទានរួម ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការសាងសង់រោងចក្រសម្អាតទឹកស្អុយ សន្សំសំចៃថាមពលថ្មី ក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ADB ក៏នឹងគ្រប់គ្រងហិរញ្ញប្បទានកម្ចីមួយទៀត ក្នុងទឹកប្រាក់ ៤០ លានអឺរ៉ូ ស្មើនឹងជាង ៤៣លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង(AFD) ដែលនឹងចូលរួមផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលនឹងអនុវត្តក្នុងទីក្រុងទាំង៤ ។
«ខណៈកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ទីក្រុងរបស់ខ្លួន ក្នុងល្បឿនមួយដ៏លឿន គេចាំបាច់ត្រូវធានាថា ប្រជាពលរដ្ឋ អាចទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ដើម្បីទ្រទ្រង់ដល់ផលិតភាព និងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាកែលម្អបរិស្ថានក្នុងទីក្រុងផងដែរ»។ នេះជាបញ្ជាក់របស់ លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ។ អ្នកឯកទេសដដែល បន្តទៀតថា ADB នឹងសហការយ៉ាងជិតស្និទ ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាយ៉ាងណា ឲ្យប្រជាពលរដ្ឋ អាចទទួលបានសេវាជាមូលដ្ឋានក្នុងទីក្រុងទាំងនេះ ពិសេសពលរដ្ឋដែលរស់នៅទីក្រុង ដែលរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។
គេរំពឹងថានៅក្នុងឆ្នាំ២០៣០ ចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុង នឹងកើនឡើងដល់ប្រមាណ ៣០ភាគរយ នៃចំនួនប្រជាជនសរុប ស្របពេលដែលតម្រូវការសេវាជាមូលដ្ឋាន ដូចជាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងទីក្រុង ក៏កើនឡើងដែរ ពិសេសទីក្រុង បាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៍ ។
បើតាមប្រកាសព័ត៌មាន បច្ចុប្បន្ន ប្រជាជនដែលរស់ក្នុងទីក្រុង (មិនរាប់បញ្ចូលទីក្រុងភ្នំពេញ) មានប្រមាណតែ ៤២.២ភាគរយប៉ុណ្ណោះ ដែលទទួលបានការផ្គត់ផ្គង់ទឹកស្អាត ហើយប្រមាណ ៨០.២ភាគរយ ទទួលបានសេវាអនាម័យដែលត្រូវបានកែលម្អ ក្នុងនោះគឺតែ ១០.៧ភាគរយ ប៉ុណ្ណោះ ដែលទទួលបានសេវាបង្ហូរទឹកតាមប្រព័ន្ធលូ និងសេវាសម្អាតទឹកស្អុយ។
ដូច្នេះហើយ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្តនេះ នឹងកែលម្អការផ្គត់ផ្គង់ទឹកតាមបំពង់ ក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាម តាមរយៈការសង់រោងចក្រសម្អាតទឹកចំនួន ២ ដែលមានសមត្ថភាព ៦១.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយថ្មីដែលមានប្រវែងសរុប ១៦១ គីឡូម៉ែត្រ។ គម្រោងនេះ នឹងគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដល់ប្រមាណ៩០ ភាគរយ នៃប្រជាជនដែលរស់នៅក្នុងទីក្រុង ហើយនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ២០ម៉ឺននាក់ បន្ថែមទៀត។
ទាក់ទងនឹងការបង្កើនសេវាអនាម័យក្នុងទីក្រុងវិញ គម្រោងនេះ នឹងសាងសង់រោងចក្រសម្អាតទឹកស្អុយថ្មីមួយ នៅក្រុងបាត់ដំបង និងសង់ពង្រីករោងចក្រសម្អាតទឹកស្អុយ ក្នុងក្រុងព្រះសីហនុ។ រោងចក្រទាំង២នេះរួមគ្នា មានសមត្ថភាពសម្អាតទឹកស្អុយ ប្រមាណ៣ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងនេះ ក៏ជួយសង់បណ្តាញលូថ្មីប្រវែង ៣៧គីឡូម៉ែត្រ បន្ថែមទៀតផងដែរ។ គម្រោង ក៏នឹងសង់ប្រព័ន្ធគ្រប់គ្រងកាកសំណល់ថ្មីមួយ នៅក្នុងខេត្តកំពង់ចាម និងបណ្តាញលូថ្មីប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងខេត្តសៀមរាប ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងកែលម្អបរិយាកាសក្នុងទីក្រុង នៅតំបន់ដែលជាគោលដៅទេសចរណ៍អន្តរជាតិមួយនេះ។ គម្រោងនេះ ក៏នឹងមានការផ្តល់ការគាំទ្រ ដល់ការកសាងសមត្ថភាពស្ថាប័ន សម្រាប់ទីភ្នាក់ងារ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
គម្រោងនេះ មានចំណាយសរុបប្រមាណ ១១៩.១៧លានដុល្លារ ហើយរដ្ឋាភិបាល នឹងចូលរួមបដិភាគ ១០.៥៤ លានដុល្លារ ខណៈកម្មវិធីវិនិយោគអាស៊ី របស់EU នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤.៦៧ លានអឺរ៉ូ ស្មើនឹង ៥.០៩លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយAFD សម្រាប់គាំទ្រដល់វិធានការសន្សំសំចៃថាមពល ការ ភ្ជាប់បណ្តាញលូតាមផ្ទះដោយឥតគិតថ្លៃ និងការអភិវឌ្ឍសមត្ថភាព។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២៕
Tag:
ADB
កម្ចី
ទឹកស្អាត
អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com