ជាតិ
ទឹកជា​កម្លាំងចលករ និង​ជា​សន្តិសុខសម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​
17, Dec 2017 , 2:25 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឺក១
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឺក១
ដោយ:
​តាំងពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្នកាល និង​ទៅ​អនាគត ទឹក គឺជា​កម្លាំងចលករ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម ហើយ​ការខិតខំ​ប្រឹងប្រែង សកម្ម​ភាពជា​សកល​ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​មាន​សន្តិសុខ​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ទាំង​នៅ​ថ្នាក់ជាតិ និង​តំបន់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រសួង​ធនធានទឹក ថ្ងៃទី​១១ ខែធ្នូ នេះ​។​



​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធានទឹក ទាំង​ទឹក​លើដី និង​ទឹក​ក្រោម​ដី ។ ទឹក​លើដី ដែល​បានមកពី​ទន្លេមេគង្គ ព្រមទាំង​បឹង​ទន្លេសាប ដែលជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ រួមជាមួយ​នឹង​ស្ទឹង អូរ ដែលជា​ដៃ​នៃ​បឹង​នេះ មិន​ត្រឹមតែ​ជា​ប្រភពទឹក​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយជា​គោលដៅ​នៃ​ការប្រើប្រាស់​ប្រកបដោយ​សក្តានុពល​ច្រើន​លើ​វិស័យ​ដូចជា វិស័យ​កសិកម្ម ធនធាន​ជលផល ជីវចម្រុះ នាវាចរណ៍ វា​រី​អគ្គិសនី អេកូ​-​ទេសចរណ៍​។ នេះ​បើតាម​ការលើកឡើង​រប​ស់ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ ស្ដីពី​បញ្ហា​ទឹក​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ក្រោម​ប្រធានបទ «​សន្តិសុខ​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១១-១២ ខែធ្នូ នេះ​។​



«​ទោះជា​បែបនេះ​ក្ដី មិនមែន​មានន័យថា កម្ពុជា ជា​ប្រទេស​ដែលមាន​សន្តិសុខ​ទឹក​រៀង​រហូតមក​នោះទេ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លឹម គានហោ ដែល​បន្តថា ជាង​២០ ឆ្នាំ​កន្លងមកនេះ កម្ពុជា​នៅតែ​ជា​ប្រទេស​ប្រឈម​នឹង​សន្តិសុខ​ទឹក ស្ទើរ​រៀងរាល់ឆ្នាំ​ពោលគឺ សម្បូរ​ទឹក​នៅ​រដូវវស្សា​រហូត​ប​ង្ក​ជា​ជំនន់ និង​ខ្វះខាត​ទឹក​នៅ​រដូវប្រាំង​។​

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​កម្ពុជា​បន្ថែ​ម​ថា ការ​ប្រឈម​នៅតែមាន​នៅក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ចាត់ទុក​ទឹក គឺជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​បួន ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​អភិវឌ្ឍ​បន្ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នេះ រដ្ឋមន្ត្រី​តំណាង​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក លឹម គានហោ លើកឡើងថា ទឹក និង​សន្តិសុខ​ទឹក ត្រូវបាន​ចាត់ទុកថា​ជា​មូលដ្ឋាន​គន្លឹះ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម តាំងពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្ន និង​តទៅ​អនាគត​។ លោក​បន្តថា កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​បាន និង​កំពុង​ប្រឈម​នឹង​តម្រូវការ​ប្រើប្រាស់​ទឹក​កាន់តែ​ខ្ពស់ ហើយ​ទន្ទឹមនឹង​បរិបទ នៃ​ការប្រែប្រួល​អាកាសធាតុ​ដែលជា​កត្តា ជះឥទ្ធិពល និង​បានដាក់​សំពាធ​មកលើ​សន្តិសុខ​ទឹក និង​សេដ្ឋកិច្ចជាតិ​។

​លោក លឹម គានហោ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖ «​មានតែ​ការទាមទារ​ឲ្យ​មាន​សុ​ឆន្ទៈ ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ជា​និរន្ត កិច្ចសហប្រតិបត្តិការ​តំបន់​កាន់តែ​ជិតស្និទ្ធ ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង និង​សកម្ម​ភាពជា​សកល​ប្រកបដោយ​ចីរភាព​ទេ ទើប​អាច​ជម្នះ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ​បាន​»៕


Tag:
 លឹម គានហោ​
  អាស៊ី​-​ប៉ាស៊ីហ្វិក​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com