ជាតិ
កុមារ​តូច យុវជន និង​ពលករ​ចំណាកស្រុក ជា​ធនធាន​របស់​សិង្ហ​បុរី
17, Dec 2017 , 3:34 pm        
រូបភាព
​អំឡុងពេល​នៃ​ទស្សនកិច្ច​របស់​អ្នកកាសែត​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​រៀបចំ​ដោយ​ក្រសួង​គមនាគមន៍ និង​ព័ត៌មាន​របស់​សិង្ហ​បុរី ប្រតិភូ​អ្នកកាសែត​អាស៊ាន ក៏បាន​ជួប​សម្ភាស​លោក Desmond Lee រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​របស់​សិង្ហ​បុរី​ដែរ​។ ក្រុមអ្នកកាសែត​អាស៊ាន​បាន​សួរ​សំណួរ​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ទស្សនវិស័យ និង​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស​សិង្ហ​បុរី ទៅកាន់​លោក​រដ្ឋមន្ត្រី​វ័យក្មេង​។



ខាងក្រោម​នេះ គឺជា​សំណួរ​និង​ចម្លើយ​ទាក់ទង​នឹង​ប្រធានបទ​មួយចំនួន​ដែល ថ្មីៗ​ដកស្រង់​មក​បង្ហាញ​អ្នកអាន​របស់​យើង​៖

​តើ​អ្វី​ជាការ​ងារ​របស់​ចម្បង​របស់​ក្រសួង​អភិវឌ្ឍ​សង្គម និង​គ្រួសារ​?

លោក​រដ្ឋមន្ត្រី​៖ មុនដំបូង គឺ​ការអភិវឌ្ឍ​កុមារ​តូច​ដែលមាន​អាយុ​ពី​១៨​ខែ ទៅ​៦​ឆ្នាំ​។ យើង​មាន​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ​ដែល​រង់ចាំ​កុមារ​ពី​អាយុ​៦​ឆ្នាំ​ឡើងទៅ​ហើយ​។ ដូច្នេះ​យើង​ត្រូវ​យកចិត្តទុកដាក់​លើ​កុមារ​តូច​អាយុ​ក្រោម​៦​ឆ្នាំនេះ​។ យើង​ត្រូវ​ជួយ​គិត​ឪពុកម្តាយ​ដែល​ត្រូវ​ធ្វើការ ហើយ​ដែល​ត្រូវមាន​កន្លែង​ដែល​ថែទាំ​កូនៗ​របស់​ពួកគេ​។ ប្រព័ន្ធ​អប់រំ​កុមារ​តូច គឺ​សំខាន់​ណាស់ ដើម្បី​ពួកគេ​បានទទួល​ការចាប់ផ្តើម​ដ៏​ល្អ​មួយ សម្រាប់​ការលូតលាស់​របស់​ពួកគេ​។ នៅ​សិង្ហ​បុរី ធនធាន​របស់​យើង​គឺ​មនុស្ស​។ អ្វីដែល​យើង​បានសម្រេច​ដល់​សព្វថ្ងៃនេះ គឺ​ដោយសារ​មនុស្ស​។

​ការងារ​របស់​យើង​បន្ទាប់មកទៀត គឺ​ការពង្រឹង​សំណាញ់​សុវត្ថិភាព​សង្គម​។ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ទំនុកបម្រុង​ពលរដ្ឋ​សិង្ហ​បុរី​របស់​យើង​។ យើង​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ច្រើនណាស់​ដែល​កំពុង​ជួយ​យើង ដូចជា រដ្ឋាភិបាល អង្គការ​យុវជន​ស្ម័គ្រចិត្ត អង្គការ​សាសនា​សប្បុរសធម៌ ជាដើម​។ ក្រសួង​របស់​យើង គឺ​ត្រូវ​សម្របសម្រួល​រវាង​ស្ថាប័ន​ទាំងអស់​ដើម្បី​អាចជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវការ​ជំនួយ​។​

​តើ​លោក​អាច​ចែករំលែក​ពិសោធន៍​បានទេ តើ​យើង​ត្រូវ​រៀបចំ​យុវជន​ជំនាន់​ក្រោយ​យ៉ាងណា ដើម្បី​ពួកគេ​អាចមាន​ការងារ​ធ្វើ​សមរម្យ​?

លោក​រដ្ឋមន្ត្រី​៖ ដំបូង​ខ្ញុំ​គិតថា ជាទូទៅ យុវជន​មិន​ចូលចិត្ត​ឲ្យ​គេ​និយាយ​ប្រាប់ថា ពួកគេ​ត្រូវធ្វើ​នេះ ឬ​ធ្វើ​នោះទេ​។ កាលពី​ជំនាន់​យើង​ក៏​ដូចគ្នា​ដែរ​។ ទោះ​យ៉ាងនេះ​ក្តី យើង​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​មាន​ជំនាញ មាន​ឥទ្ធិពល ដើម្បី​ការរីកចម្រើន​របស់​ពួកគេ​។ នៅ​សិង្ហ​បុរី យើង​ធ្វើយ៉ាងណា​ឲ្យ​យុវជន​ទទួលបាន​ការអប់រំ​ល្អ យើង​ពង្រឹង​ការអប់រំ​សម្រាប់​កុមារ​តូច​។ រាប់សិប​ឆ្នាំ​មកហើយ គឺ​យើង​ខំប្រឹង​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​អប់រំ​ថ្នាក់ជាតិ​របស់​យើង​ល្អ​។ បច្ចុប្បន្ននេះ មិនចាំបាច់​ដល់​ថ្នាក់​មហាវិទ្យាល័យ​ទេ នៅត្រឹម​ថ្នាក់មធ្យមសិក្សា យើង​សង្កេតឃើញ​មាន​យុវជន​ក្មេងៗ​មានឱកាស​ទទួលបាន​ជំនាញ​រួចទៅហើយ​។ អ្នកខ្លះ​ពូកែ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន កម្មវិធី​ហ្គេម​។ ហើយ​ខ្ញុំ​ក៏បាន​ជួប យុវ​ជ​ខ្លះទៀត ដែលមាន​ឱកាស​ធ្វើ​ការងារ​ច្រើនលើក​ការការពារ​បរិស្ថាន​ក្នុង​ក្របខណ្ឌ​តំបន់ និង​ក្នុង​ពិភពលោក​ទៀតផង​។ ទោះ​យ៉ាង​ក៏ដោយ ខ្ញុំ​ធ្លាប់បាន​ប្រាប់​យុវជន​ជាច្រើន​ថា ពួកគេ​ក៏ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រៀនសូត្រ​ពេញ​មួយជីវិត​របស់​ពួកគេ​។​

​នៅ​សិង្ហ​បុរី តើ​ការងារ​ប្រភេទ​ណាខ្លះ​ដែល​ត្រូវ​បានផ្តល់​ឲ្យ​ជន​ចំណាកស្រុក​? តើ​គេ​ត្រូវ​ឆ្លងកាត់​នីតិវិធី​អ្វីខ្លះ​?

លោក​រដ្ឋមន្ត្រី​៖ ពលករ​ចំណាកស្រុក​នៅ​សិង្ហ​បុរី ពួកគេ​គឺជា​ភ្ញៀវ​របស់​សិង្ហ​បុរី​។ ការងារ ឬ​អាជីព​អ្វី​ក៏ដោយ​ដែល​ពួកគេ​កំពុង​ធ្វើ គឺ​ពួកគេ​កំពុង​ធ្វើ​ឲ្យ​សិង្ហ​បុរី វិ​វត្ត​ទៅមុខ​។ ពួកគេ​នៅ​គ្រប់កន្លែង និង​តួនាទី តាំងពី​ថ្នាក់ខ្ពស់​ដល់​ថ្នាក់ក្រោម​។ វា​ជាការ​ជូនពរ​មួយ​សម្រាប់​យើង ដែល​យើង​មាន​កម្លាំង​ការងារ​ចំណាកស្រុក ជា​ដៃគូ​របស់​យើង​។ នៅពេលដែល​ពលករ​ចំណាកស្រុក​មករក​ការងារ​ចិញ្ចឹមជីវិត​នៅ​សិង្ហ​បុរី ពួកគេ​អាច​ផ្ញើ​ប្រាក់កាស​ទៅ​គ្រួសារ​នៅ​ប្រទេស​កំណើត​វិញ​បាន​ទៀត​។ ជាការ​ពិត យើង​ត្រូវមាន​នីតិវិធី និង​ធ្វើ​ការងារ​ជាមួយ​ពួកគេ ដោយ​ធ្វើយ៉ាងណា​ដើម្បី​ប្រាកដថា ពួកគេ​រស់នៅ​សមរម្យ លក្ខខណ្ឌ​ការងារ​របស់​ពួកគេ​ត្រូវបាន​គោរព ពិសេស​ត្រូវបាន​បណ្តុះបណ្តាល បំប៉ន​ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​។ បើសិនជា ជំនាញ​របស់​ពួកគេ​រីកចម្រើន ការងារ​របស់​ពួកគេ​ក៏​រីកចម្រើន កាន់​តែមាន​ប្រសិទ្ធភាព និង​កាន់​តែមាន​សុវត្ថិភាព​។ ហើយ​វា​ច្បាស់​ណាស់ ចុងក្រោយ​ទៅ ពួកគេ​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ជាមួយនឹង​ជំនាញ​ច្បាស់លាស់​ទាំងនេះ​។​

​ចុះ​តើ​រដ្ឋាភិបាល​សិង្ហ​បុរី គ្រប់គ្រង​យ៉ាងណា​ចំពោះ​ក្រុម​សហគមន៍​ជនជាតិ​ផ្សេងៗ​គ្នា​ដែលមាន​សាសនា​ផ្សេងៗ​គ្នា​?

​លោក​រដ្ឋមន្ត្រី​៖ បើសិនជា​លោក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​សិង្ហ​បុរី លោក​នឹង​ដឹងថា វា​ធ្លាប់​កើតមាន​ជម្លោះសាសនា កាលពី​ពេលដែល​យើង​ទើប​ទទួលបាន​ឯករាជ្យ​ថ្មីៗ​។ និគម​ន៍​ជនជាតិ​ជាច្រើន​រស់នៅ​ជាមួយគ្នា​មែន ប៉ុន្តែ​វា​មិន​ដូចជា​មនុស្ស​តែមួយ​នោះទេ​។ ហេតុ​ដូច្នេះហើយ ថ្នាក់ដឹកនាំ​របស់​យើង​ជំនាន់​ទីមួយ​នោះ បានគិត​ដល់​ភាព​សុ​ខុ​ដុម​ជា​គ្រឹះ​របស់​ប្រទេស​តូច​មួយ​នេះ​។ ភាព​សុ​ខុ​ដុម និង​ភាពស្មើគ្នា​នៃ​ជាតិ​សាសន៍​ត្រូវ​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ពួកយើង​។ ជាតិ​សាសន៍​ទាំងអស់ មាន​សិទ្ធិ​ស្មើគ្នា ហើយ​ពលរដ្ឋ​ទាំងអស់​អាចមាន​សិទ្ធិ​បង្ហាត់បង្រៀន​សាសនា​របស់​ពួកគេ​ដល់​អ្នកគាំទ្រ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ តែ​យើង​មានច្បាប់ មាន​វិធាន​ដែល​ហាម​ក្រុម​មួយ ឬ​មេដឹកនាំ​នៃ​ក្រុម​មួយ វាយប្រហារ សូម្បីតែ​ពាក្យសំដី ទៅ​ក្រុម​មួយទៀត​។ បើ​ពុំ​នោះទេ ពួកគេ​នឹងត្រូវ​រង​បណ្តឹង​ទៅ​តុលាការ​។​

​យើង​អនុវត្ត​ភាព​ចម្រុះ​វប្បធម៌​នៅ​គ្រប់​ទីកន្លែង តាំងពី​នៅក្នុង​ស្ថាប័ន​សាធារណៈ ដូចជា​នៅ​សភា​ជាដើម ដោយមាន​តំណាង​រាល់​គ្រប់​និគម​ន​ជាតិ​សាសន៍​។ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ យើង​បានសម្រេច​ឲ្យ​មាន​គោលនយោបាយ​សមាហរណកម្ម​ជនជាតិ ដោយ​តម្រូវ​ឲ្យ​គ្រប់​ក្រុម​នៃ​ជាតិ​សាសន៍​ដើម​រស់នៅក្នុង​តំបន់​នីមួយៗ​។ បើ​នៅតាម​ទីសាធារណៈ​វិញ ដូចជា ក្នុង​សាលារៀន ឬ​នៅ​កន្លែង​ដែលមាន​សេវា​រដ្ឋ​វិញ យើង​ត្រូវមាន​តំណាង​នៃ​ក្រុម​ជាតិ​សាសន៍​នីមួយៗ នៅ​ជាមួយគ្នា​។ យើង​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​៕


Tag:
 Desmond Lee
  សិង្ហ​បុរី​
  អ្នកកាសែត​អាស៊ាន​
  AJVP
© រក្សាសិទ្ធិដោយ thmeythmey.com