សង្គមជាតិ
ខេត្តកណ្តាល​មាន​បទល្មើស​កើតឡើង​ជាង​១០០០​ករណី​ក្នុង​ឆ្នាំ​២០១៧
24, Dec 2017 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 ​រយៈពេល​ជិត​ពេញ​១​ឆ្នាំ​២០១៧​នេះ បទល្មើស​សរុប​ជាង​១០០០​ករណី បានកើត​ឡើង​នៅ​ទូទាំង​ខេត្តកណ្តាល ក្នុងនោះ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៣៥៨​ករណី បទល្មើស​គ្រឿងញៀន​៤៩៤​ករណី និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៤៣​លើក​។

 
 
​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ខេត្តកណ្តាល​នា​រយៈពេល​ជិត​១​ឆ្នាំ​កន្លងមកនេះ មាន​៣៥៨​ករណី ដោយ​កើនឡើង​៦២​ករណី​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។ ក្នុងចំណោម​បទល្មើស​ទាំងនេះ មាន​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន ៤៧ ករណី និង​បទល្មើស​មជ្ឈិម​មាន​ចំនួន ៣១១​ករណី​។ 
 
​តាម​របាយការណ៍ ដែល​អាន​ដោយ លោក អ៊ា​វ ចំរើន សុ្ន​ង​ការ​នគរបាល​ខេត្តកណ្តាល ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ បទឧក្រិដ្ឋ​មាន​ចំនួន ៤៧​ករណី ក្នុងនោះ​រួមមាន លួច​មាន​ស្ថាន​ទម្ងន់ទោស ១៣​ករណី ឃាតកម្ម​១០​ករណី រំលោភ​សម្លាប់​១​ករណី និង​រំលោភ​សេពសន្ថវៈ ២៣​ករណី​។ បន្ទាប់មក បទល្មើស​មជ្ឈិម​មាន​ចំនួន ៣១១​ករណី ក្នុង​នេះដែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧​នាក់ និង​របួស ១៥៣​នាក់​។​
 
​លោក អ៊ា​វ ចំរើន បាន​អះអាងថា​៖ «​ដោយមាន​ការអនុវត្ត​បញ្ជា​ពី​ថ្នាក់លើ សមត្ថកិច្ច​ជំនាញ​ខេត្តកណ្ដាល បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​អនុវត្តតាម ជា​លទ្ធផល​បង្ក្រាប​បទ​ល្មើស​បាន​ចំនួន ៣២៦​ករណី និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤០៥​នាក់​»​។​
 
​ជាមួយគ្នានេះ​ផងដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៤៩៤​ករណី ហើយ​ឃាត់ខ្លួន​មនុស្ស ៨៣៤​នាក់​។  គ្រោះថ្នាក់​ចរាចរណ៍​វិញ ករណី​គ្រោះថ្នាក់​បានកើត​ឡើង​២៤៣​លើក​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥៤​នាក់ និង​របួស​៣៥៨​នាក់​។ «​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី ការបើកបរ​មិន​យោគយល់​គ្នា បើកបរ​ក្នុងស្ថានភាព​ស្រវឹង ផ្ទុក​លើស​ចំណុះ​-​ទម្ងន់ និង​យានយន្ត​ខុស​បច្ចេកទេស​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​ពី លោក អ៊ា​វ ចំរើន​៕
 
 
 

Tag:
 ​ខេត្តកណ្ដាល
 អ៊ា​វ ចំរើន​
 ​ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com