សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ហាម​មន្ត្រី​អបអរ​ណូអែល ដោយ​ចាត់ទុកថា វា​ជា​អាភៀន​លោកខាងលិច​
25, Dec 2017 , 12:07 pm        
រូបភាព
សុនខមួយក្បាលនៅប៉េកាំង ត្រូវបាន​តុបតែងជាសាន់តាណូអែល។ រូបថត AFP
សុនខមួយក្បាលនៅប៉េកាំង ត្រូវបាន​តុបតែងជាសាន់តាណូអែល។ រូបថត AFP
គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ហាម​មន្ត្រី​របស់ខ្លួន​ពី​ការចូលរួម​អបអរ​ពិធីបុណ្យ​ណូអែល ឬ គ្រិស្ត​ម៉ាស ដែលជា​ប្រពៃណី​របស់​ប​ស្ចឹ​ម​ប្រទេស​។ ក្រុម​អាជ្ញាធរ​បារម្ភ​ថា ការអបអរ​ពិធីបុណ្យ​នេះ ជាការ​សាយភាយ​វប្បធម៌​បរទេស ដែល​អាច​ឈានដល់​ការលុបបំបាត់​វប្បធម៌​ក្នុងស្រុក​។ ប៉ុន្តែ​សម្រាប់​យុវជន​ចិន ពិធីបុណ្យ​ថ្ងៃទី​២៥ ខែធ្នូ​នេះ ជា​ឱកាស​ដើម្បី​ការសប្បាយរីករាយ និង​ការដើរ​ផ្សារ​ទិញ​ឥ​វ៉ាន់​។



​ពិធីបុណ្យ​គ្រិស្ត​ម៉ាស ត្រូវបាន​រៀបចំ​យ៉ាង​ទូលំទូលាយ​នៅតាម​ទីក្រុង​របស់​ចិន ទោះជា​ចិន​ជា​ប្រទេស​គ្មាន​សាសនា និង​ប្រកាន់​លទ្ធិកុម្មុយនីស្ត​ក្ដី​។ ផ្សារ​ទំនើប​នានា អាគារ​ពាណិជ្ជកម្ម បានដាក់​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌ និង​ដើម​សា​ប៉ាំង​។ ការអបអរ​ដោយ​គគ្រឹកគគ្រេង​នេះ​កំពុង​បង្ក​ការព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ចិន ដោយបាន​ចាត់ទុក​ពិធីបុណ្យ​គ្រិស្ត​ម៉ាស​ជា​អាភៀន​របស់លោក​ខាងលិច ដែល​កំពុង​ពង្វក់​ជនជាតិ​ចិន​ឲ្យ​ភ្លេច​វប្បធម៌​ខ្លួនឯង​។​

​នៅ​ទីក្រុង Hengyang របស់​ខេត្ត​ហ៊ូ​ណាន បក្ស​កុម្មុយនីស្ត​ចិន​បាន​ប្រាប់​ឲ្យ​សមាជិក​បក្ស​ទាំងអស់ មិនត្រូវ​ចូលរួម​សកម្មភាព​សាសនា​របស់​ប​ស្ចឹ​ម​លោក​ឡើយ​។ ក្នុង​សេចក្ដី​កត់សម្គាល់​មួយ​ចុះផ្សាយ​កាលពី​សប្ដាហ៍​មុន គណៈកម្មការ​វិន័យ​ទីក្រុង Hengyang បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​បក្ស​ទាំងអស់​ជំរុញ​វប្បធម៌ និង​ប្រពៃណី​ចិន ក៏ដូចជា​កសាង​ស្មារតី​សម្រាប់​ប្រជាជន​ចិន ព្រោះ​បុណ្យ​គ្រិស្ត​ម៉ាស​ជិត​មកដល​ហើយ​។​

​បើតាម​សារព័ត៌មាន South China Morning Post សមាជិក​បក្ស​ដែល​អបអរ​ពិធីបុណ្យ​នេះ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ ការហាម​ប្រាម​នេះ​មិនមែន​សម្រាប់តែ​មន្ត្រី​បក្ស​កុម្មុយនីស្ត​ឡើយ តែ​សម្រាប់​ប្រជាជន​ទូទៅ​ផងដែរ​។ សមាជិក​បក្ស​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​រៀនសូត្រ​តាម​ការណែនាំ​របស់​អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន ស៊ី ជិន​ភីង ដែល​ប្រាប់​ឲ្យ​មាន​ការកសាង​ទំព័រ​ថ្មី​នៃ​វប្បធម៌​ចិន​។ 

​ដោយឡែក​នៅឯ​ខេត្ត​អាន​ហ៊ុយ​វិញ សម្ព័ន្ធ​យុវជន​បក្ស​កុម្មុយនីស្ត​ចិន​ដ៏​មាន​ឥទ្ធិពល ក៏​បានចេញ​សេចក្ដីណែនាំ​ហាមប្រាម​ការអបអរ​ពិធី​នេះដែរ​។ សាខា​សម្ព័ន្ធ​នេះ​នៅ​សាកលវិទ្យាល័យ​ឱសថ Shenyang បាន​រឹតត្បិត​សិទ្ធិសេរីភាព​របស់​និស្សិត​ក្នុង​សាកលវិទ្យាល័យ​ពី​ការរៀបចំ​បុណ្យ​គ្រិស្ត​ម៉ាស ដោយ​ចាត់ទុក​ថ្ងៃទី​២៥ ខែធ្នូ ជា​ថ្ងៃ​អាម៉ាស់​របស់​ចិន​។

​ពិធីបុណ្យ​លោកខាងលិច​មួយ​នេះ មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅលើ​ទឹកដី​ចិន ចាប់តាំងពី​ការបើកចំហ​សេដ្ឋកិច្ច​មក​។ ប៉ុន្តែ​ការ​សាយភាយ​ខ្លាំង​របស់​បុណ្យ​មួយ​ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​បក្ស​កុម្មុយនីស្ត​ចិន​។ រដ្ឋាភិបាល​ចិន​បាន​រឹតត្បិត​សកម្មភាព​សាសនា​ខ្លាំង​នាពេល​កន្លងមក ខណៈ​មាន​សមាគមន៍​សាសនា​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួល​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​សាសនា​របស់ខ្លួន​៕ 


Tag:
 ចិន​
  បុណ្យ​ណូអែល
© រក្សាសិទ្ធិដោយ thmeythmey.com