ជាតិ
សង្គមជាតិ
អ្នកនយោបាយ អ្នកជំនាញសិល្បៈ កីឡា និងសង្គមដែលទទួលមរណភាពក្នុងឆ្នាំ២០១៧
× នាអំឡុងពេញមួយឆ្នាំ២០១៧ ឥស្សរជននយោបាយ អ្នកជំនាញខាងសិល្បៈ កីឡា និងសង្គម មួយចំនួនបានទទួលមរណភាព។
សារព័ត៌មានថ្មីៗ សូមរំលឹកឈ្មោះបុគ្គលឆ្នើមៗទាំងនោះដូចខាងក្រោម៖
១៨ ខែមករា- លោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន និងជាស្ថាបនិកក្រុមចម្រៀង EV Band បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសបារាំង ដោយជំងឺ។
៨ ខែកុម្ភៈ- លោក ម៉ា សេរី ប្រធានផ្នែកកីឡាទូរទស្សន៍ CTN និងជាអ្នកអត្ថាធិប្បាយកីឡាដ៏ល្បីល្បាញ មួយរូប បានទទួលមរណភាពក្នុងអាយុ៥៦ឆ្នាំនៅមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺ។
៤ ខែមីនា- គ្រូល្ខោនខោល លោកព្រឹទ្ធាចារ្យ យិត សារិន ហៅតា ស្វា ស បានទទួលមរណភាព ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយរោគាពាធ។
១៥ ខែមីនា- សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព ដោយរោគាពាធ នៅក្នុងមន្ទីពេទ្យក្រុងប៉េកាំង ប្រទេសចិន ក្នុងអាយុ៦៦ឆ្នាំ។
១២ ខែឧសភា- លោក ជ័យ ប៊ុនឈឿ អាជ្ញាកណ្ដាលប្រដាល់ បានទទួលមរណភាព នៅស្រុកកំណើត ក្នុងក្រុងបាត់ដំបង ខេត្តកំបាត់ដំបង ក្នុងអាយុ៧៩ឆ្នាំ ដោយសារមហារីកសាច់ដុំ។
៤ ខែមិថុនា- លោក អ៊ិត សេដ្ឋា ពិធីករជើងចាស់ ដែលបម្រើការទូរទស្សន៍ CTN បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺមហារីក រួមទាំងជំងឺទឹកនោមផ្អែមអស់រយៈពេលជាច្រើនឆ្នាំ។
១៣ ខែមិថុនា- ម្ចាស់ជ័យលាភីលេខ២ផ្នែកចាប៉ីដងវែងប្រចាំឆ្នាំ២០០២ ព្រឹទ្ធាចារ្យ សួន សាន ហៅស្មៀន សាន បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងអាយុ៦៩ឆ្នាំ។
៥ ខែកក្កដា- ប្រធានសន្តិសុខមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី លោក ឆន សុផៃ បានទទួលមរណភាពក្នុងអាយុ៥៧ឆ្នាំ ដោយជំងឺរលាកទងសួត និងស្រោមខួរនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
១០ ខែសីហា- អគ្គលេខាធិការងនៃអាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ចាន់ រដ្ឋា បានទទួលមរណភាពក្នុងអាយុ៤៨ឆ្នាំ។ តាមសារព័ត៌មាននានា គាត់បានបានធ្វើអត្តឃាត ព្រោះតែសម្ពាធការងារ និងជំងឺបាក់ទឹកចិត្ត។
២៨ ខែកញ្ញា- ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ វីរស្ថាបត្យករខ្មែរ ទទួលមរណភាពក្នុង អាយុ៩១ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋានរបស់លោកក្នុងភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
២៨ ខែកញ្ញា- លោក អ៊ុំ ម៉ាន្នូរីន ទទួលមរណភាពដោយជរាពាធក្នុងអាយុ៩៣ឆ្នាំ។ លោកជាសមាជិកព្រឹទ្ធសភា និងបងប្រុសបង្កើត (ឪពុកទីទៃ) របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ។
១៦ ខែតុលា- តារាចម្រៀង សាន ស្រីឡៃ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ ត្រូវបានអតីតស្វាមីរបស់ខ្លួនបាញ់សម្លាប់ ហើយឃាតករបានសម្លាប់ខ្លួនឯងផងដែរ នៅក្នុងគ្លីនិកកែសម្ផស្សមួយក្នុងរាជធានីភ្នំពេញ។
២៣ ខែតុលា- តារាសម្តែង វ៉ា នួនសុភា ហៅ កែវ សុរិយា បានទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ ដោយសារការចងកធ្វើអត្តឃាត។
១២ ខែវិច្ឆិកា- អ្នកស្រី ចាន់ ស៊ីផាន់ តារាសម្តែងជើងចាស់ និងគ្រូបង្ហាត់សិល្បៈនៅសាលាវិចិត្រសិល្បៈ បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ។
៨ ខែធ្នូ- លោក អ៊ឹម សិទ្ធី អតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរាស្ត្រកំពង់ចាមនៃគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពក្នុងអាយុ៧០ឆ្នាំ ដោយសាររោគាពាធ។
២២ ខែធ្នូ- លោកយាយ ស៊ិន សាម៉ាដឹកឆូ អតីតអ្នកគ្រូផ្នែកចម្រៀង និងល្ខោនខោល បានទទួលមរណ ក្នុងអាយុ៧៧ឆ្នាំ ដោយសារមានជំងឺប្រចាំកាយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com