ជាតិ
​​​ន​យោ​បាយ​ជាតិ​
សប្តាហ៍​ក្រោយ ក្រុម​ជំនាញ នឹង​ផ្តើម​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុច​កែ​រដ្ឋធម្មនុញ្ញ​
04, Jan 2018 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
​ការជួប​ជុំគ្នា​របស់​ក្រុមការងារ​ជំនាញ  ដែល​ទើប​ត្រូវបាន​បង្កើតឡើង ដើម្បី​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ ប្រហែលជា​ចាប់ផ្តើម នៅ​សប្តាហ៍​ក្រោយ​។ នេះ​ជាការ​អះអាង​របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​នៃ​ក្រុមការងារ ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកជំនាញ​ផ្នែក​ច្បាប់​មួយ​នេះ​។



​លោក សក់ សេដ្ឋា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៣ ខែមករា យ៉ាង​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ យើង​មិនទាន់បាន​ពិភាក្សា​ជា​ផ្លូវការ​ទេ​។ ក្រោយ​រៀបចំ​ទិវា​ជ័យជម្នះ​៧​មករា​រួច យើង​ប្រហែលជា​ចាប់ផ្តើម​ជួបគ្នា​ហើយ​»​។​

​ដោយសារតែ​មិនទាន់មាន​កិច្ចប្រជុំ​ផ្លូវការ ហើយក៏​មិនទាន់​មានគំនិត​រួម​ឲ្យ​ជាក់លាក់ លោក សក់ សេដ្ឋា មិនអាច​បញ្ជាក់ថា ចំណុច​ឬ​មាត្រា​ណាខ្លះ ក្នុង​រដ្ឋធម្មនុញ្ញ ដែល​នឹងត្រូវ​កែប្រែ​នោះទេ​។ ប៉ុន្តែ លោក អាច​បង្ហើប​ពី​យោបល់​ផ្ទាល់ខ្លួន​ថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​រក​ចំណុច​ឬ​គំនិត​ណាមួយ ដែល​អាច​តម្កល់​ផលប្រយោជន៍​ប្រទេសជាតិ ដោយ​មិន​ឲ្យ​បុគ្គល​ណាមួយ អាច​បំផ្លាញ​បាន​។ លោក​បន្តថា ចំណុច​មួយទៀត ដែល​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​បង្រួម​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល ឲ្យ​រួម​តូច​។

​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ដកតំណែង​រដ្ឋលេខាធិកា​រ ចេញពី​សមាជិក​រដ្ឋាភិបាល​។ 

​បំណង​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុមការងារ​ខាងលើ ដោយមាន​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​ប្រធាន រួមទាំង​អនុប្រធាន​៣​រូប និង​សមាជិក​៨​រូប​។ ភារកិច្ច​របស់​ក្រុមការងារ​នេះ  គឺ​ការស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ផ្តល់យោបល់​និង​ជម្រើស​នានា​ដល់​សម្តេច ហ៊ុន សែន ក្នុងការ​ប្រែ​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជនក​ម្ពូ​ជា បាន​លើកឡើងថា មូលហេតុ ដែល​នាំ​ឲ្យ​មានគំនិត​កែប្រែ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​មួយចំនួន ដែល​កំពុង​លេចចេញ​នាពេល​បច្ចុប្បន្ននេះ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ការផ្តើមគំនិត​កែសម្រួល​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​នាយករដ្ឋមន្ត្រី គឺជា​ការត្រឹមត្រូវ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ស្របតាម​សំណូមពរ​ចាំបាច់​របស់​ប្រទេសជាតិ​»​។​

​សូម​រម្លឹកថា ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ កាលពី​ឆ្នាំ​២០០៤ រដ្ឋសភា បាន​បង្កើត​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ដែល​សំដៅ​ដល់​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​៕
            


Tag:
 ​រដ្ឋធម្មនុញ្ញ​
  វិសោធនកម្ម​
  សក់ សេដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com