កីឡាអន្តរជាតិ
អន្តរជាតិ
Spurs នឹងធ្វើឲ្យ Kane ក្លាយជាកីឡាករអង់គ្លេសដែលមានថ្លៃឈ្នួលខ្ពស់បំផុត
× ក្លិប Tottenham Hotspur នឹងធ្វើឲ្យ Harry Kane ក្លាយជាកីឡាករអង់គ្លេសដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងក្របខណ្ឌ Premier League។ នេះបើតាមការផ្សាយរបស់ SportMail។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ២៤ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលនៅប៉ុន្មានរដូវកាលចុងក្រោយ ដោយអាចឈ្នះពានរង្វាន់ស្បែកជើងមាស ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាលពីរសម័យកាលជាប់គ្នា។
ដោយសារការវិវត្តន៍ខ្លួនបានល្អពីមួយថ្ងៃទៅមួយថ្ងៃនេះហើយទើបក្លិបមាន់ខ្នាយមាសកំពុងពិចារណាដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ពោលគឺពី១១០០០០ផោន ប្រហែលជិត១៥ម៉ឺនដុល្លារ ទៅ ២សែនផោន ប្រហែល ២សែន ៧ម៉ឺនដុល្លារក្នុង១សប្តាហ៍ ដើម្បីអាចរក្សាទុករូបគេបន្តទៀត ស្របពេលកំពុងមានការចាប់អារម្មណ៍ពីបណ្តាក្លិបធំនៅតំបន់អឺរ៉ុប។
ការដំឡើងប្រាក់ឈ្នួលនេះមានន័យថា Kane នឹងក្លាយជាកីឡាកររបស់អង់គ្លេសដែលទទួលប្រាក់បៀវត្តន៍លើសគេ ជំនួសតំណែង Raheem Sterling ខ្សែបម្រើ Manchester City ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត ១៨០.០០០ ផោន ប្រហែលជាង២សែន៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
ថ្លៃពលកម្មគោល ១៥ម៉ឺនដុល្លារក្នុងមួយសប្តាហ៍របស់ Kane គឺច្រើនជាងគេនៅ Spurs ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ៣៥ឯណោះ ក្នុងបញ្ជីអ្នកដែលរកប្រាក់ចំណូលខ្ពស់បំផុតក្នុងលីកបច្ចុប្បន្ន ដែលជាចំណូលតិចតួចបំផុតបើធៀបជាមួយ Paul Pogba ដែលទទួលបានពី Manchester United ២៩ម៉ឺនផោន ប្រមាណ ៣៩ម៉ឺនដុល្លារ និង Romelu Lukaku ២៥ម៉ឺនផោន ប្រហែល ៣៤ម៉ឺនដុល្លារក្នុង១សប្តាហ៍៕
Tag:
បាល់ទាត់
Tottenham Hotspur
Harry Kane
Premier League
ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com